(សៀមរាប)៖ គណៈប្រតិភូបវរកញ្ញាពិភពលោកឆ្នាំ២០១៧ បានទៅដល់លើទឹកដីប្រវត្តិសាស្ត្រសៀមរាប នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីស្វែងពីសក្តានុពលទេសចរណ៍នៅខេត្តសៀមរាប ដែលជាតំបន់គោលដៅទេសចរណ៍វប្បធម៌ ធម្មជាតិប្រវត្តិសាស្ត្រ ហើយក៏ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់មនុស្សជាតិផងដែរ។
នារសៀលថ្ងៃនោះដែរ ក៏មានធ្វើពិធីលៀងសាយភោជន៍ ទទួលស្វាគមន៍ចំពោះប្រតិភូ ដែលរៀបចំឡើងដោយក្រុមហ៊ុន ស្រាបៀរ ហ្គេនបឺត នៅសណ្ឋាគារសុខា សៀមរាប ក្រោមវត្តមានរបស់លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោក លោកស្រីជាថ្នាក់ ដឹកនាំមន្ទីរ អង្គភាព តំណាង ក្រុមហ៊ុនស្រាបៀរ ហ្គេនបឺត និង អាជីវកររបស់ស្រាបៀរ ហ្គេនបឺតផងដែរ។
លោក ឃឹម ប៊ុនសុង បានបានធ្វើការស្វាគមន៍ ចំពោះប្រតិភូបវរកញ្ញាឯកពិភពលោកឆ្នាំ២០១៧ ដែលមកទស្សនកិច្ច ដើម្បីស្វែងពីសក្តានុពលទេសចរណ៍នៅខេត្តសៀមរាប ដែលជាតំបន់គោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិ ហើយក៏ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកនាពេលនេះផងដែរ។ លោកក៏បានលើកឡើង អំពីសក្តានុពលរបស់ខេត្តសៀមរាប និងការងារ សន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ និង ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋខេត្តសៀមរាប ដោយពឹងផ្អែកលើវិស័យកសិកម្ម និងទេសចរណ៍។
បើតាមលោក ឃឹម ប៊ុនសុង ខេត្តសៀមរាប ជាអតីតរាជធានី នៃអធិរាជណាចក្រខ្មែរសម័យអង្គរ នាសតវត្សទី៩ ដល់ទី១៤ ដែលជាទីក្រុងដ៏ប្រណិតផ្នែកវប្បធម៌ប្រវត្តិសាស្រ្តមួយនៅអាស៊ី ដែលសម្បូរនូវកេរ្តិ៍មរតកវប្បធម៌ដ៏សម្បូរបែបជាច្រើន ដែលជាស្នាដៃនៃបុព្វបុរសជំនាន់ដើមបន្សល់ទុក ហើយបានក្លាយជាកំណប់ទ្រព្យដ៏មហាសាល ដែលធ្វើឲ្យខេត្តសៀមរាបនាពេលបច្ចុប្បន្ននេះ ក្លាយជាតំបន់គោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិ ដ៏សំខាន់មួយរបស់កម្ពុជា ក៏ដូចលើពិភពលោកទាំងមូលផងដែរ។
ការអញ្ជើញមកបំពេញទស្សនៈ របស់ប្រតិភូបវរកញ្ញាពិភពលោកនាពេល ជាការបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថាកម្ពុជា ទទួលបានយ៉ាងពេញលេញនូវសន្តិសុខ ស្ថិរភាពនយោបាយ និងការអភិវអឌ្ឍ ការរីកចម្រើនឥឈប់ឈរ។ ជាមួយគ្នានេះដែរក៏បានឃើញផ្ទាល់ភ្នែកអំពីស្នារដៃដ៏ល្អឯក របស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនូវប្រាង្គប្រាសាទ ដល់កូនចៅជំនាន់ក្រោយ និងបានស្វែងយល់ពីវប្បធ៌ម អារ្យយធម៌ និងទំនៀមទំលាប់ដ៏ល្អផូផង់របស់ប្រជាពលរដ្ឋខ្មែរ៕