(ក្រចេះ)៖ សមាជិកក្រុមប្រឹក្សាឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ របស់គណបក្សសង្គ្រោះជាតិ គឺលោក ឆៃ វ៉ាន់ជាតិ បានប្រកាសថា ដោយសារឃើញទង្វើរបស់លោក កឹម សុខា ក្បត់ជាតិឱនក្បាលបម្រើបរទេស ទើបលោកមកសុំចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សមាជិកក្រុមប្រឹក្សាឃុំ របស់គណបក្សសង្គ្រោះជាតិ ដែលធ្លាប់រស់នៅជាមួយបក្សនេះរាប់ឆ្នាំ បានប្រកាសថ្កោលទោសទាំងស្រុង ចំពោះទង្វើរបស់បុគ្គល កឹម សុខា និងគណបក្សសង្គ្រោះជាតិទាំងមូល ដែលធ្វើគ្រប់យ៉ាងដើម្បីបំផ្លាញប្រទេសខ្លួនឯង ព្រោះតែអំណាច។
តាមលិខិតប្រកាសចុះដែលអង្គភាព Fresh News ទទួលបានលោក ឆៃ វ៉ាន់ជាតិ បានបញ្ជាក់ថា «ដោយខ្ញុំបាទយល់ឃើញ ទង្វើមិនសមស្របរបស់លោក កឹម សុខា និងបក្ខពួកចូលរួមក្បត់ជាតិ ឃុបឃិតជាមួយបរទេស ដើម្បីបំផ្លាញជាតិសាសន៍ខ្លួនឯង។ ក្នុងនាមខ្ញុំជាខ្មែរ គឺមិនពេញចិត្តដាច់ខាត និងថ្កោលទោសទាំងស្រុង ចំពោះបុគ្គល កឹម សុខា នេះ»។
នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖