(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យ វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ទទួលយកប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ធ្វើជាសមាជិក។ (សូមទស្សនាវីដេអូប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)
ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយយុវជនអាស៊ាន-ជប៉ុន ៣៦២នាក់នាក់ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឥឡូវនេះ វាជាលើកដំបូងដែលវៀតណាមបានផ្តួចផ្តើម ពិគ្រោះយោបល់ជាមួយសមាជិកអាស៊ាន ដទៃទៀត ដើម្បីបង្កើតឡើងនូវការសន្ទនាអាស៊ាន-APEC។ ដោយសារតែក្នុងក្របខណ្ឌអាស៊ាន មានប្រទេស៣មិនទាន់ជាសមាជិករបស់ APEC រួមមានកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ ថ្ងៃនេះ ខ្ញុំនឹងអំពាវនាវដល់ APEC ឱ្យទទួលយកសមាសភាពទាំង៣នេះ»។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់ទៀតថា ការពិតទៅ ប្រទេសទាំង៣នេះ ត្រូវបានទទួលយកជា អ្នកសង្កេតការណ៍ទៅហើយ ក៏ប៉ុន្តែដោយ មានប្រទេសជាច្រើន ចង់ចូលរួមជាសមាជិក APEC ដូច្នេះហើយទើប APEC បានផ្អាកការទទួលយកសមាជិក។
សូមបញ្ជាក់ថា វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក APCE ដែលជាវេទិកាសេដ្ឋកិច្ចដ៏ធំមួយរបស់តំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ១៨៨៩ ដោយមានគោលបំណងលុបបំបាត់របាំងទាំងឡាយ ដែលទាក់ទងទៅនឹងពាណិជ្ជកម្ម។ រហូតដល់ពេលនេះ APEC មានសមាជិក ២១ប្រទេស នៅលើពិភពលោក។
សម្រាប់ កិច្ចសន្ទនា នៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និងអាស៊ាន នៅប្រទេសវៀតណាមលើកនេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏នឹងចូលរួមផងដែរ៕