(ភ្នំពេញ)៖ លោក សម រង្ស៊ី អតីតប្រធានគណបកកសសង្គ្រោះជាតិ បានអះអាងថា ហត្ថលេខាលើសេចក្តីថ្លែងការណ៍របស់ ក្រុមតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ គឺជាហត្ថលេខាពិតរបស់លោក។
លោក សម រង្ស៊ី បានអះអាងបែបនេះ តាមរយៈសារអេឡិចត្រូនិក ផ្ញើទៅកាន់កាសែតភ្នំពេញប៉ុស្តិ៍។ នេះបើតាមការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
លោក សម រង្ស៊ី ត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍ ដកស្រង់សម្តីយ៉ាងដូច្នេះថា៖ «យើងដឹងថា គោលបំណងរបស់រដ្ឋាភិបាល ដឹកនាំដោយគណក្សប្រជាជន គឺនឹងរំលាយគណបក្សរបស់យើង ហើយគេមានលេសឆ្កួតៗថា ជារឿងក្បត់ជាតិនោះ យើងមិនបាច់ខ្វល់ពីការលើកឡើងរបស់គេទេ»។ លោកបន្តថា៖ «ក្រៅពីប្រជារាស្ត្រគ្មានអ្នកណា អាចបណ្ដេញសមាជិកសភាដែលជាប់ដោយការបោះឆ្នោតចេញពីរដ្ឋសភាបានទេ។ ការសម្រេចចិត្តរបស់ខ្ញុំក្នុងការលាលែងពីគណបក្សសង្គ្រោះជាតិ ធ្វើឡើងទាំងបង្ខំ ហើយវាមិនមានសុពលភាពផ្លូវច្បាប់ទេ»។
សូមបញ្ជាក់ថា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបានលាលែងទាំងអស់ចេញ នៅក្នុងគណបក្សនេះរួចហើយនោះ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ បានក្លែងបន្លំចុះហត្ថលេខាធ្វើជាតំណាងរាស្រ្តមួយរូប ក្នុងចំណោមតំណាងរាស្រ្ត របស់គណបក្សសង្រ្គោះជាតិ ដើម្បីបានជាសំឡេង បង្ហាញជំហរ ប្តេជ្ញានៅជាមួយគណបក្សប្រឆាំង។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា ទង្វើក្លែងបន្លំរបស់ ទណ្ឌិត សម រង្ស៊ី ក្នុងសេចក្តីថ្លែងការណ៍ របស់ក្រុមតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ ពេលនេះ បង្កើតបានជាបទល្មើសព្រហ្មទណ្ឌសម្រាប់ខ្លួនឯងផង និងនាំឱ្យ CNRP ប្រឈមមុខនឹងច្បាប់ គណបក្សនយោបាយថែមទៀត។
លោក សម រង្ស៊ី បានលាលែងពីតំណែងប្រធាន និងសមាជិកភាពគណបក្សសង្រ្គោះជាតិ កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។ ការប្រកាសលាលែងរបស់ទណ្ឌិតរូបនេះ បានធ្វើឡើងបន្ទាប់ពីមានវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលមិនអនុញ្ញាតឲ្យពិរុទ្ធជន ឬ ទណ្ឌិតធ្វើជាប្រធានបក្សនយោបាយ ឬសមាជិកគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្រ្តៃយ៍ឡើយ។
បើតាមច្បាប់គណបក្សនយោបាយថ្មី រាល់គណបក្សនយោបាយទាំងអស់ មិនអនុញ្ញាតឱ្យប្រើប្រាស់សំឡេង ឬសេចក្តីថ្លែងការណ៍របស់ទណ្ឌិត ដើម្បីជាប្រយោជន៍គណបក្សនយោបាយឡើយ។ គណបក្សនយោបាយ ដែលប្រព្រឹត្តខុសនឹងច្បាប់នេះ នឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់៕