(កោះកុង)៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួល ស្ពានកោះកុង ដើម្បីដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃ នៅរង្វល់មូលស្ពានកោះកុង។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសផ្ដល់កាដូដ៏ធំមួយទៀត ជូនជនរួមជាតិនាឱកាសព្រះរាជពិធីបុណ្យអុំទូក គឺរាជរដ្ឋាភិបាលបានប្រកាសទិញ ស្ពានឆ្លងកាត់ដៃ សមុទ្រឆ្ពោះទៅកាន់ប្រទេសថៃ នៅខេត្តកោះកុង ពីក្រុមហ៊ុន លី យ៉ុងផាត់ មកគ្រប់គ្រងវិញ ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរដោយមិនបាច់បង់ប្រាក់ទៀតឡើយ។
នៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរនិយាយជារួម និងនិយាយដោយឡែក បងប្អូនប្រជាពលរដ្ឋនៅខេត្តកោះកុង ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំ បានសម្រេចទិញយកត្រឡប់មកវិញ ស្ពានឆ្លងកាត់ដៃសមុទ្រខេត្តកោះកុង ទៅប្រទេសថៃដែលវិនិយោគដោយ ក្រុមហ៊ុន លី យ៉ុងផាត់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ដោយពុំចាំបាច់បង់ថ្លៃ ចាប់ពីម៉ោង០០៖០០នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីអបអរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអុំបុក។ ចំពោះកិច្ចការដែលនៅសេសសល់ សូមឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ធកិច្ច និងហិរញ្ញវត្ថុ និងសាលាខេត្តកោះកុង ពិភាក្សាជាមួយក្រុមហ៊ុន លី យ៉ុងផាត់ ដោះស្រាយនៅពេលក្រោយ។ ខ្ញុំព្រះករុណា ខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងទទួលបានផលប្រយោជន៏ពីការសម្រេចនេះ»។
ស្ពានកោះកុងស្ថិតនៅក្នុងខេត្តកោះកុង ត្រូវបានសម្ពោធឲ្យប្រើប្រាស់កាលពីឆ្នាំ២០០២ ដែលមានប្រវែងសរុប១៩០០ម៉ែត្រ។
រហូតមកដល់ពេលនេះ ប្រមុខនៃរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានផ្តល់កាដូធំៗជូនជនរួមជាតិ ទាំងផ្លូវ នឹងស្ពានជាច្រើនដោយប្រកាសទិញពីក្រុមហ៊ុន យកមកគ្រប់គ្រងជារបស់រដ្ឋវិញ ក្នុងនៅដូចជា៖ ផ្លូវជាតិលេខ៤, ផ្លូវសូឡា, ផ្លូវវេងស្រេង, ស្ពានព្រែកព្នៅ, ផ្លូវឡើងទៅកាន់ភ្នំបូកគោ (មិនឲ្យបង់ប្រាក់ទៀត)។ល។ ដែលគោលនយោបាយទាំងនេះ ដើម្បីចូលរួមចំណែកយ៉ាងខ្លាំង លើចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ខ្លួន៕