(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានរយៈពេល៤១ឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបាត់បង់កូនប្រុសដំបូង ក្រោយពេលសម្រាលមិនបានប៉ុន្មាននាទីផងនោះ ព្រោះតែការធ្វេសប្រហែសរបស់ឆ្មបនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ការបាត់បង់កូនប្រុសដំបូងកើតចេញពីចំណងអាពាហ៍ពិពាហ៍ដ៏កម្សត់ ក្នុងរបបអាវខ្មៅប៉ុលពតនោះ បានបន្សល់នូវក្តីវិយោគ និងឈឺចាប់យ៉ាងខ្លាំងបំផុតសម្រាប់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ក្តីឈឺចាប់ក្នុងនាមជាឪពុក និងក្នុងនាមជាម្តាយ ដែលគ្មានសិទ្ធិអ្វីសម្រាប់ជួយដល់កូននាពេលនោះ នៅតែបន្តដក់ចប់ក្នុងក្រអៅបេះដូង របស់អាណាព្យាបាលពោរពេញដោយព្រហ្មវិហារធម៌ទំាងពីររូបនេះ។
មិនខុសពីបណ្តាឆ្នាំនោះទេ នៅឆ្នាំនេះសាររៀបរាប់បង្ហាញនូវក្តីវិយោគសោកសង្រេងច្រើនឥតគណនា ត្រូវបានរំលេចឡើងលើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន។ តាមរយៈសារនេះបានរំលេចឡើងនូវក្តីឈឺចាប់យ៉ាងខ្លាំង ដែលមិនអាចមាននរណាអាចស្មានដឹងពីជម្រៅឈឺចាប់មួយនេះ បាននោះឡើយ។
អក្ខសារសាប់ពីក្តីសង្វេគ និងឈឺចាប់រំលេចឡើងជាមួយទឹកភ្នែករមៀលស្រក់ឥតដាច់ ព្រោះតែទំហំឈឺចាប់ផុសចេញពីក្រអៅបេះដូង សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា «ពុកនៅចាំបានយ៉ាងច្បាស់ថា ក្រោយម៉ោង៦ព្រឹក ថ្ងៃទី១០ ខែ វិច្ចកា ឆ្នាំ១៩៧៦ ក្រោយពេលកូនប្រសូត្រចាកផ្ទៃម្តាយកូន គ្រូពេទ្យបានធ្វើឱ្យកូនរបូតធ្លាក់ពីដៃត្រូវនឹងជ្រុងគ្រែធ្វើឱ្យកូនបាក់ឆ្អឹងខ្នង ធ្លាក់ដល់ដីគាប់ជួនពុកបានធ្វើដំណើរពីភូមិកោះថ្ឃុំ ទន្លូង ទៅដល់មន្ទីរពេទ្យតំបន់ដែលតាំង នៅអតីតអនុវិទ្យាល័យស្រុកមេមត់។ ម្តាយកូនឆ្លងទន្លេម្នាក់ឯងដោយមិនមានពុកនៅមើលថែទេ។ ពុកមិនបានបំពេញការងារជាប្តី ជាឪពុកទេ ព្រោះពេលនោះមិនថាតែពុកនោះទេ គឺប្រជាជនទូទាំងប្រទេសមានសិទ្ឋិ តិចជាងសត្វឆ្កែឬឆ្មាទៅទៀត។ ឆ្កែ ឆ្មាវាមានសិទ្ឋិការពារកូនវាច្រើនជាងមនុស្ស។ តែដូចទេវតាបានជួយរៀបចំ ឱ្យពុកបានធ្វើដំណើរជាមួយមេបញ្ជាការ ទៅកាន់ស្រុកត្បូងឃ្មុំនាពេលនោះ ដែលពុកមានឱកាសចូលមើល ម្តាយកូននៅមន្ទីរពេទ្យប្រចាំស្រុកមេមត់»។
សម្តេចនាយករដ្ឋមន្រ្តី បានរំលឹកទៀតថា សម្តេចមានភាពតក់ស្លុតជាខ្លាំងនៅពេលឈានជើងចូលដល់មន្ទីរពេទ្យ ហើយកូនប្រុសស្លាប់បាត់បង់ជីវិត។
«ភាពតក់ស្លុតបានកើតឡើងចំពោះរូបពុក នៅពេលដែលពុកឈានជើងចូលដល់មន្ទីរពេទ្យ ហើយត្រូវអ្នកជម្ងឺដែលសម្រាកជាមួយម្តាយកូនស្រែកប្រាប់ថា «រ៉ានីឆ្លងទន្លេ ហើយកូនស្លាប់ហើយ»។ ពុកប្រឹងរត់ទៅរកកូនឃើញឈាមកូនកំពុងហូរចេញតាមមាត់ ពុកប្រឹងស្រែកឱ្យគេជួយដើម្បីសង្គ្រោះជីវិតកូន ក្នុងពេលដែលម្តាយកូនសន្លប់មិនទាន់ដឹងខ្លួន និងមិនទាន់ដឹងថាកូនស្លាប់នៅឡើយ អាស្រ័យដោយនៅបន្ទប់នៅផ្សេងគ្នា។ ពុកអត់ធ្វើអ្វីបានទេកូន ពុកបានសុំមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់នឹងនៅមើលថែទាំ ម្តាយកូនក្រោយឆ្លងទន្លេ។ មិនត្រឹមតែមិនបានទទួលការអនុញ្ញាតប៉ុណ្ណោះទេ តែពុកត្រូវរងនូវការប្រមាថយ៉ាងធ្ងន់ធ្ងរទៀតផង «កម្មសិទ្ឋិមនោសញ្ចេតនាក្រាស់» «មិត្តឯងមិនមែនគ្រូពេទ្យទេ» «បើមិត្តឯងនៅ ក៏អាកូននេះមិនរស់ឡើងវិញដែរ» «មានពេទ្យយកខ្មោចកូននេះទៅកប់ហើយ មិនបាច់កប់ខ្លួនឯងទេ» «ការងារអង្គការសំខាន់ជាងការងារបុគ្គល»។ល។»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល។
សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តរំលឹកពីការឈឺចាប់នោះទៀតថា «ឈឺចាប់ណាស់កូន តែពុកត្រូវទ្រាំអត់ធ្មត់ព្រោះការងារដែលពុកត្រូវធ្វើ គឺរំដោះប្រជាជនកម្ពុជា ទូទាំងប្រទេសចេញពីរបបឃោរឃៅនេះ។ ពុកពុំមានអ្វីផ្តល់ឱ្យកូនក្រៅតែពីក្រម៉ា១ ដែលដោះចេញពីកពុកដើម្បីរុំខ្មោចកូននោះទេ។ ពុកខំប្រឹងទៅរកម្តាយកូនដែលទើបដឹងខ្លួន បន្ទាប់ពីសន្លប់ ហើយប្រាប់គាត់ថា កូនស្លាប់ហើយនឹងដាក់ឈ្មោះកូនថា «កំសត់»។ ឈ្មោះនេះនៅជាប់ជានិច្ចក្នុងវិញ្ញាណពុក ហើយកូន កំសត់នេះហាក់តាមថែរក្សាពុកម៉ែគ្រប់ពេលវេលា»។
ក្នុងនាមជាឪពុកមួយរូបក្នុងរបបអាវខ្មៅដ៏សែនឃោរឃៅនោះ សម្តេចតេជោ ហ៊ុន សែន មិនត្រូវបានអង្គការចិត្តព្រៃផ្សៃអនុញ្ញាតឲ្យយកសពកូនទៅកប់នោះឡើយ។ «ពួកគេបង្ខំឱ្យពុកចាកចេញពីម្តាយកូននិងខ្មោចកូនទាំងការឈឺចាប់ ជាមួយទឹកភ្នែករាប់ម៉ឺនដំណក់។ ៣ថ្ងៃក្រោយមកទើបពុកបានការអនុញ្ញាតទៅជួបម្តាយកូនសារជាថ្មីដែលកំពុងមានជម្ងឺជាទម្ងន់ ដែលខ្មែរយើងនិយមហៅថា «សល់សុក»។ ពុកត្រូវយកម្តាយកូនចេញពីពេទ្យដើម្បីឱ្យឆ្មបបូរាណខ្មែរកាយទម្លាក់សុកចេញ ទើបសង្គ្រោះជីវិតម្ដាយកូនបាន។ ពុកសុំទោសកូន ដែលពុកមិនដឹងថា សាកសពកូនគេយកទៅកប់ ឬបោះចោលនៅទីណា ព្រោះការងារបន្ទាន់របស់ពុក គឺត្រូវយកម្តាយកូនចេញពីមន្ទីរពេទ្យទៅព្យាបាលតាមបែបបូរាណវិញ។ ពុកពុំមានពេលស្វែងរកសាកសពកូននៅពេលនោះទេ សង្ឃឹមថាកូនយោគយល់ ហើយមកនៅផ្នូរដែលពុកម៉ែបានសាងសង់សំរាប់កូនតាំងពីទសវត្សឆ្នាំ១៩៨០មក»។
សម្តេចបានថ្លែងថា រៀងរាល់ពេលដែលសម្តេចនឹកដល់រឿងដ៏ឈឺចាប់នេះ ទឹកភ្នែកសម្តេចតែងតែហូរចេញមក ដែលជាទឹកភ្នែកនឹកដល់កូនកម្សត់ ជាទឹកភ្នែកនឹកដល់ការឈឺចាប់លើសពីការអត់ធ្មត់បានរបស់មនុស្ស ជាទឹកភ្នែកនឹកដល់ប្រជាជនកម្ពុជា រាប់លាននាក់ដែលត្រូវពួកប៉ុលពតសម្លាប់ និងធ្វើបាបដូចក្រុមគ្រួសារសម្តេចដែរ។
ក្នុងរៀបរាប់លាតត្រដាងពីក្តីឈឺចាប់ និងការសង្វេគក្នុងចិត្តនេះ សម្តេចតេជោ ហ៊ុន សែន ក៏សូមការយោគយល់ពីដួងវិញ្ញានក្ខន្ធរបស់កូនដែលមិនបានយកសពកូនទៅបញ្ចុះដោយខ្លួនឯង។ «ពុកត្រូវអត់ធ្មត់ និងធ្វើតាមបញ្ជាររបស់ពួកឃាដករ តែការអត់ធ្មត់នោះហើយដែលរក្សាជីវិតពុក និងម៉ែកូន ព្រមទាំងផ្តល់ឱកាសឱ្យពុករួមចំណែកដឹកនាំចលនាតស៊ូរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងកសាងប្រទេសបានរីកចម្រើនរហូតសព្វថ្ងៃ»។
ជីវិតស្នេហា និងគ្រួសាររបស់សម្តេចតេជោ ហ៊ុន សែន ដែលផ្តើមឡើងក្នុងដំណាក់កាលនៃប្រទេសជួបវិបត្តិញ៉ាំញីដោយភ្លើងសង្រ្គាម បានហែលឆ្លងនូវក្តីវិយោគ និងការកម្សត់យ៉ាងខ្លាំង ដូចជាត្រូវពិការភ្នែក រៀបអាពាហ៍ពិពាហ៍ដោយក្មានមេបា ភ្លេងការចងដៃ ឬសាច់ញាតិចូលរួម (រៀបចំដោយអង្គការសុទ្ធសាធ) និងត្រូវឃ្លាតចាកឆ្ងាយពីភរិយា និងកូនក្នុងផ្ទៃ ដើម្បីចេញតស៊ូរំដោះប្រទេសជាតិនាឆ្នាំ១៩៧៧ និងការជួបកូនវិញ តែកូនមិនស្គាល់ឪពុកជាដើម...។ តែទោះជាយ៉ាងណាប្រមុខរាជរដ្ឋាភិបាលរូបនេះ មិនតូចចិត្តនោះទេ ហើយបែជាមានមោទនភាពទៅវិញ ព្រោះការលះបង់ និងភាពកម្សត់របស់សម្តេច បានជួយស្រោចស្រង់អាយុជីវិតប្រជាពលរដ្ឋខ្មែររួចផុតពីការកាប់សម្លាប់ និងជួយឲ្យប្រទេសជាតិបានរីកចម្រើន គេចផុតពីភ្លើងសង្រ្គាម និងការបំភ្លេចបំផ្លាញសព្វបែបយ៉ាង៕