(ភ្នំពេញ)៖ ក្រុមអាជីវករប្រមាណជាង២០តូប ដែលលក់ដូរនៅស្របជាមួយផ្លូវលេខ១៦៣ ប៉ែកខាងលិចផ្សារទួលទំពូង ក្នុងខណ្ឌចំការមន បាននិងកំពុងតែព្រួយបារម្ភរឿង ប្រធានផ្សារគឺ លោក ថោង ថង ចង់ធ្វើតូបថ្មីឡើងវិញ ហើយកំណត់យកលុយប្រចាំថ្ងៃ ខណៈដែលក្រុមអាជីវករប្រកាសជំហរ ចង់ធ្វើតូបដោយខ្លួនឯង ហើយបង់លុយដូចរាល់ដង។
ក្រុមអាជីវករដែលជាម្ចាស់តូបជាង២០នោះ ដែលលក់បង្អែម ទឹកក្រឡុក និងសាច់កាប់បន្ដិចបន្ដួច បានបង្ហើបថា គម្រោងធ្វើតូបថ្មីដោយយកលុយប្រចាំថ្ងៃនេះ មិនមែនជាគម្រោងរបស់សាលារាជធានីភ្នំពេញនោះទេ ដោយគម្រោងនេះប្រហែលជាការគិតរបស់ប្រធានផ្សារខ្លួនឯងតែប៉ុណ្ណោះ។
ទន្ទឹមនឹងការមិនពេញចិត្តនេះ ក្រុមអាជីវករ បានបញ្ជាក់ពីជំហររៀងៗខ្លួនថា ពួកគេសុខចិត្តធ្វើតូបខ្លួនឯងតែម្ដង មិនចាំបាច់ប្រធានផ្សារធ្វើឲ្យនោះទេ ប៉ុន្ដែនៅបន្ដបង់លុយដូចរាល់ថ្ងៃដដែល។
ថ្លែងដោយសុំមិនបញ្ចេញឈ្មោះ អាជីវករម្នាក់ដែលជាម្ចាស់តូបក្នុងចំណោមតូបជាង២០នោះ បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា តូបរបស់គាត់លក់ដូរយូរឆ្នាំដែរហើយ ប៉ុន្ដែតូបលក់រាល់ថ្ងៃនេះក៏រកចំណូលមិនបានច្រើននោះដែរ ហើយប្រសិនបើប្រធានផ្សារតម្រូវធ្វើតូបថ្មី ដោយយកលុយប្រចាំថ្ងៃនោះ គាត់ពិតជាពិបាកខ្លាំងណាស់ ប៉ុន្ដែប្រសិនបើខាងផ្សារតម្រូវការធ្វើតូបថ្មី គាត់សុខចិត្តធ្វើតូបដោយខ្លួនឯងតែម្ដង មិនចាំបាច់ប្រធានផ្សារធ្វើនោះទេ។
យ៉ាងណាមិញ ជុំវិញគម្រោងធ្វើតូបថ្មីនេះ ក្រុមអាជីវករកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះថាពួកគាត់រកចំណូលមកសូវបាននោះទេ ហើយបើតម្រូវឲ្យបង់លុយប្រចាំថ្ងៃទៀតនោះ គាត់កាន់តែពិបាកហើយ។
ពាក់ព័ន្ធការព្រួយបារម្ភរឿងធ្វើតូបថ្មីនេះ អង្គភាព Fresh News មិនអាចសុំការបំភ្លឺពីលោក ថោង ថង ប្រធានផ្សារទួលទំពូង បាននោះទេ គិតត្រឹមល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ៕