(ប៉េកាំង)៖ ក្នុងសប្តាហ៍នេះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបំពេញទស្សនកិច្ចក្នុងបណ្តាប្រទេសទាំងប្រាំនៅតំបន់អាស៊ី។ ក្រៅពីបញ្ហាផ្សេងទៀត របៀបវារៈរួមសម្រាប់ដំណើរទស្សនកិច្ចក្នុងប្រទេស ជប៉ុន កូរ៉េខាងត្បូង និងចិន គឺវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង។

ក្នុងពេលបង្ហាញវត្តមានក្នុងប្រទេសចិន លោក ដូណាល់ត្រាំ បានស្នើសមភាគីចិន គឺប្រធានាធិបតី ស៊ី ជិនពីង ឱ្យចាត់វិធានការណ៍តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យប្រទេសដ៏រឹងរួសកូរ៉េខាងជើង បញ្ឈប់ការបាញ់សាកល្បងនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលឆ្លងទ្វីប។ លោក ត្រាំ បានសន្យានឹងប្រជាពលរដ្ឋរបស់ខ្លួនថា កូរ៉េខាងជើង នឹងមិនអាចបាញ់ប្រហារដែនដីអាមេរិកបានឡើយ។

ជាអកុសលកូរ៉េខាងជើង អាចផលិតអាវុធប្រភេទនេះក្នុងពេលឆាប់ៗខាងមុខ (អាវុធឆ្លងទ្វីបនេះនៅមិនទាន់អាចផលិតបាននៅឡើយ)។ ថ្វីត្បិតអាមេរិក ជាប្រទេសមហាអំណាចក្តី តែអាមេរិកគ្មានអនុភាពគ្រប់គ្រាន់ ក្នុងការទប់ស្កាត់កូរ៉េខាងជើងមិនឱ្យអភិវឌ្ឍន៍នុយក្លេអ៊ែរបានឡើយ លើកលែងតែការប្រើប្រាស់ មធ្យោបាយបញ្ឆេះសង្គ្រាម ដែលនឹងបង្កវិនាសកម្មភាពយ៉ាងមហិមា។ ហេតុនេះអាមេរិកចាំបាច់ត្រូវខ្ចីដៃចិន ដើម្បីទប់ស្កាត់កូរ៉េខាងជើង។

យើងដឹងហើយថា ចិនមានអនុភាពច្រើនគួរសម ក្នុងការអូសទាញកូរ៉េខាងជើង ឱ្យពិចារណាអំពីការបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ។ ជាក់ស្តែង៩០ភាគរយនៃផលិតផល នាំចូលរបស់ប្រទេសកូរ៉េខាងជើង មានប្រភពពីប្រទេស ចិន ហើយចិនក៏ជាគោលដៅនាំចេញ និងទីផ្សារលក់ផលិតផលធំជាងគេរបស់កូរ៉េខាងជើងផងដែរ។
រដ្ឋាភិបាលក្រុង ប៉េកាំង អាចបណ្តោយឱ្យប្រជាពលរដ្ឋកូរ៉េខាងជើងអត់ឃា្លនយ៉ាងវេទនាបាន ប្រសិនបើចិនមានបំណងចង់ធ្វើ ប៉ុន្តែហេតុអ្វីចិនបែរ ជាជ្រើសរើសមិនធ្វើទៅវិញ?

ទាក់ទងនឹងបញ្ហាកូរ៉េខាងជើង, លោក ស៊ី គ្រាន់តែផ្តល់ឱ្យលោក ត្រាំ នូវត្រីតូចៗពីរបីក្បាលប៉ុណ្ណោះ មិនមែនជាលាភធំដូចអ្វីដែលចិនកំពុងសម្តែងឡើយ។ ជាការពិតមេដឹកនាំចិនរូបនេះមិនបានធ្វើអ្វីពិតប្រាកដដើម្បីគំរាមកំហែងដល់របបកូរ៉េខាងជើងឡើយ។ នេះមិនមែនបានន័យថា លោកស្រឡាញ់ចូលចិត្តលោក គីម ឬពេញចិត្តរាល់ទង្វើដែលមេដឹកនាំវ័យក្មេងរូបនេះកំពុងធ្វើនោះដែរ។

ដោយឡែកលោក គីម វិញ ថែមទាំងហ៊ានបោសសម្អាតមន្ត្រីជាន់ខ្ពស់រូបណា ដែលមានទំនាក់ទំនងជិតស្និតជាមួយប្រទេសចិនថែមទៀតផង។ ប៉ុន្តែចិននៅតែរក្សា ឥរិយាបទស្ងប់ស្ងាត់ដដែលហេតុផលគឺ «ការបន្តឱ្យរបបកុម្មុយនីសកូរ៉េខាងជើងមានជីវិតរស់» ទៅវិញទេ ដែលធ្វើឱ្យចិន ការពារប្រទេសមួយនេះ។ វាមិនសំខាន់ពេកនោះទេ តែយ៉ាងហោចណាស់ វាក៏អាចធ្វើជាទម្រសម្រាប់ជួយជ្រោមជ្រែងរបបកុម្មុយនីសចិន កុំឱ្យក្លាយជារបបដ៏ផុយស្រួយលើឆាកអន្តរជាតិ។ ស្តាប់មើលទៅហាក់ដូចជាចម្លែកបន្តិច ប៉ុន្តែសាកល្បងពិចារណាពីបញ្ហានេះ ចេញពីជ្រុងមួយនៃទស្សនៈរបស់មេដឹកនាំចិន នោះយើងនឹងបានយល់។

បណ្តាប្រទេសធ្លាប់ប្រកាន់របបកុម្មុនីសភាគច្រើន បានបោះបង់របបនេះតាំងពីប្រមាណជាង២៥ឆ្នាំមុន។ ក្រៅពីចិន ប្រទេសដែលនៅសេសសល់មានដូចជា ប្រទេស កូរ៉េខាងជើង គុយបា វៀតណាម និងឡាវ ប៉ុណ្ណោះដែលកាន់របបកុម្មុយនីស។ កុំយល់ច្រឡំឱ្យសោះថា អាទិភាពរបស់ចិន គឺធ្វើឱ្យខ្លួនឯងខ្លាំងក្លាជាថ្មី ឬការពង្រឹងកងទ័ពជើងទឹកនោះ តែការពិតគឺដើម្បីការពារអំណាចបក្សកុម្មុយនីសទៅវិញទេ។ មិនមែនមានន័យថា ចិនមិនយកចិត្តទុកដាក់ទៅលើ បញ្ហាផ្សេងៗទៀតនោះទេ ប៉ុន្តែរាល់កិច្ចការទាំងអស់ចាំបាច់ត្រូវឆ្លើយតបនឹងសំណួរមួយថា «តើកិច្ចការទាំងនោះជួយពង្រឹងអំណាចរបស់បក្សឬទេ?» តាមរយៈរឿងនេះអាចបញ្ជាក់បានថា ការដួលរលំនៃរបបកុម្មុយនីសកូរ៉េខាងជើង ជាបញ្ហាសំខាន់ ដែលអាចគំរាមកំហែងដល់បក្សកុម្មុយនីសចិន ដូចគ្នា។

ចិនមិនបានបារម្ភខ្លាចជនភៀសខ្លួនកូរ៉េខាងជើង ហូរចូលដែនដីរបស់ខ្លួនឡើយ។ ព្រោះថាប្រសិនបើរបបនេះដួលរលំមែននោះ ពួកគេច្បាស់ជានឹងវិលត្រឡប់ទៅ រស់នៅប្រទេសកំណើតរបស់ខ្លួនវិញបន្ទាប់ពីបញ្ហាត្រូវបានដោះស្រាយរួចរាល់ ហើយរស់នៅជាប្រជាពលរដ្ឋប្រកបដោយភាពរីករាយ បន្ទាប់ពីកូរ៉េទាំងពីរបង្រួបបង្រួមគ្នាក្លាយជារដ្ឋតែមួយ។

ទន្ទឹមនឹងនេះ ចិនក៏មិនចាំបាច់ខ្វាយខ្វល់ដល់ថ្នាក់គេងមិនលក់ អំពីការបង្រួបបង្រួមកូរ៉េទាំងពីរនោះដែរ ព្រោះវាធ្វើឱ្យយោធាអាមេរិក មិនអាចបន្តវត្តមាន ក្នុងទឹកដីកូរ៉េតទៅទៀតបាន ហេតុផលគឺ ប្រសិនបើប្រជាពលរដ្ឋកូរ៉េ លែងបារម្ភខ្លាចការឈ្លានពានពីសត្រូវជិតខាងហើយនោះ ហេតុនេះអាមេរិកមានលេសអ្វី ដើម្បីបន្តដាក់ពង្រាយយោធារបស់ខ្លួនតទៅទៀតនោះ?

អ្វីដែលគំរាមកំហែងមេដឹកនាំកំពុងកាន់អំណាចចិនគឺ ការសម្លឹងឃើញប្រទេសកុម្មុយនីសផ្សេងទៀតដួលរលំ។ ចិនធ្លាប់មានក្តីបារម្ភជាខ្លាំង បន្ទាប់ពីការដួលរលំនៃ របបសូវៀតក្នុងអំឡុងឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩១ ហើយរដ្ឋាភិបាលក្រុងប៉េកាំង បានបន្ទោសទៅលើភាពទន់ខ្សោយរបស់បក្សកុម្មុយនីសសូវៀតផងដែរ។

រាល់អំណាច និងការសម្រេចបានរបស់ចិន បានដោយសារចិនសម្លឹងឃើញថា ច្រាំងចោទដ៏គ្រោះថ្នាក់កំពុងនៅពីក្រោយខ្នងរបស់ខ្លួន។
ដោយគ្រាន់តែដើរថយក្រោយមួយជំហាន បង្ហាញពីភាពទន់ខ្សោយរបស់ខ្លួន ចិននឹងធ្លាក់ច្រាំងបានយ៉ាងងាយ។ បើទោះបីជាចិន មិនចូលចិត្តកូរ៉េខាងជើង ប៉ុន្តែការបណ្តោយឱ្យរបបលោក គីម ដួលរលំ វានឹងបង្កព្យុះភ្លៀងបក់បោកប្រទេសចិនជាមិនខាន។ នេះធ្លាប់ជាការយល់ឃើញរបស់បណ្តាបុគ្គលលេចធ្លោ ក្នុងបក្សកុម្មុយនីសចិន ចាប់តាំងពីរបបរបស់សហភាពសូវៀតដួលរលំ។

ចិនធ្លាប់សន្យាថានឹងចាត់វិធានការណ៍ ដើម្បីជារូបភាពបំភ័ន្តភ្នែកអន្តរជាតិថា ខ្លួនពិតជាបានដាក់ទណ្ឌកម្មទៅលើប្រទេស កូរ៉េខាងជើង។ ជាក់ស្តែងរដ្ឋាភិបាលក្រុង ប៉េកាំងបញ្ជាក់ថា នឹងបញ្ឈប់ការនាំចូលធ្យូងថ្ម ដែលជាផ្នែកធំមួយនៃការនាំចេញរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ដើម្បីរាំងខ្ទប់ដង្ហើមសេដ្ឋកិច្ច។ ប៉ុន្តែកាលពីថ្ងៃ៣១ ខែតុលាកន្លងទៅនេះ ស្រាប់តែបែកធ្លាយរបាយការណ៍ដែលបង្ហាញថា ចិនបាននាំចូលធ្យូងថ្មពីកូរ៉េខាងជើងរហូតដល់ ៥០០ពាន់តោនក្នុងខែកញ្ញា បង្កជាការ សង្ស័យថា តើចិនពិតជាបានអនុវត្តន៍តាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែរឬទេ?

ហេតុផលខាងលើអាចពន្យល់បានថា មូលហេតុដែលចិនមិនទប់ស្កាត់កូរ៉េខាងជើង មិនមែនដោយសារចិនមិនចង់នោះទេ ហើយក៏មិនមែនដោយសារចិន ស្រឡាញ់ ពេញចិត្តមេដឹកនាំវ័យក្មេង លោក គីម ជុងអ៊ុននោះដែរ តែដើម្បីការពាររបបកុម្មុយនីសដ៏ផុយស្រួយរបស់ខ្លួនទៅវិញទេ៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា