(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបង្ក្រាបករណីគ្រឿងញៀនមួយកន្លែងនៅ ភូមិចំបក់ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ដោយឃាត់បានជនសង្ស័យ៣នាក់ និងដកហូតបានថ្នាំញៀនមួយចំនួន។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ​ឯម កុសល បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកជើងព្រៃ​ ដឹកនាំដោយលោក​វរសេនីយ៍ត្រី ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ​ប្រតិបត្តិការបង្ក្រាបករណី​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់​ ឃាត់ខ្លួនជនសង្ស័យម្នាក់​ឈ្មោះ ជូ សីហា អាយុ៣៥ឆ្នាំ​ ដកហូតបានម្សៅ​ក្រាមពណ៌ស​ ចំនួន០២កញ្ចប់ ប្រាក់ញុះញង់ចំនួន៥០០,០០០រៀល, ​ទូរស័ព្ទ០១គ្រឿង, ម៉ូតូ០១គ្រឿង និងសម្ភារៈវេចខ្ចប់មួយចំនួន។

ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យ មានមុខសញ្ញាប្រើប្រាស់ថ្នាំញៀនបានទូរស័ព្ទមកទិញថ្នាំញៀន ហើយពេលនោះកម្លាំងជំនាញ ឃាត់បាន២នាក់បន្ថែមទៀត ទី១៖ឈ្មោះ អ៊ន ម៉េងអ៊ាង អាយុ២០ឆ្នាំ និងទី២៖ឈ្មោះ នង​ ស៊ាងហ៊ី​ អាយុ២៤ឆ្នាំ ហើយដកហូតបានទូរស័ព្ទដៃ០១គ្រឿង និងម៉ូតូ០១គ្រឿង។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕