(ភ្នំពេញ)៖ គិតចាប់ពីឆ្នាំ២០០១ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់ជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ ដល់កម្ពុជាជាទឹកប្រាក់ចំនួន៤,៨០០លានដុល្លារអាមេរិក ដោយក្នុងនោះមានហិរញ្ញប្បទានឥតសំណង និងឥណទានឥតការប្រាក់ សរុបប្រមាណ១,១៣០លានដុល្លារអាមេរិក។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់គ្លីនិកចល័តចំនួន៤០គ្រឿង និងឡជីវឧស្ម័នចំនួន១៥០០ឡ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងកម្ពុជា នារសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ធ្វើឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្ដី អូន ព័ន្ធមុនីរ័ត្ន រដ្ឋន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានចុះហត្ថលេខាដោយលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Wang Bingnan អនុរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន។
យោងតាមសេចក្ដីប្រកាសព័ត៌មានដដែល បានបញ្ជាក់ឲ្យដឹងថា នេះជាផ្លែផ្កាថ្មីមួយទៀតកើតចេញពីលទ្ធផលដ៏ត្រចេះត្រចង់នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក XI Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០១៦ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សន្យាផ្ដល់ហិរញ្ញប្បទានឥតសំណងជូនរាជរដ្ឋាភិបាលកម្ពុជា នូវទឹកប្រាក់សរុបចំនួន៣៦០០លានយ័ន ស្មើនឹង៥៥០លានដុល្លារអាមេរិក សម្រាប់រយៈពេលបីឆ្នាំគិតចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៨។
ទឹកប្រាក់នេះបានរួមចំណែកយ៉ាងសំខាន់ ដល់ការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងការអនុវត្តន៍យុទ្ធសាស្រ្ដចតុកោណ ដំណាក់កាលទី៣ ដោយផ្ដោតសំខាន់ដល់ វិស័យមួយចំនួននៅក្នុងប្រទេសកម្ពុជា៖ ដូចជាវិស័យសុខាភិបាល, វិស័យអប់រំ, អភិវឌ្ឍន៍ជនបទ, បណ្ដុះបណ្ដាលវិជ្ជាជីវៈ, ទេសចរណ៍ ព្រមទាំងគាំទ្រដល់ការរៀបចំការបោះឆ្នោតផងដែរ។
ចំណែកគ្លីនិកចល័តចំនួន៤០គ្រឿង រួមទាំងសម្ភារបរិក្ខារសម្រាប់គ្លីនិកចល័ត ដែលផ្ដល់ដោយរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិននេះ នឹងយកទៅផ្គត់ផ្គង់តាមរាជធានីខេត្តទាំង២៥ ក្នុងប្រទេសកម្ពុជា ដែលនេះកាន់តែបង្ខិតសេវាសុខាភិបាលកាន់តែជិត និងមានប្រសិទ្ធភាព ជូនប្រជាជនតាមទីដាច់ស្រយាល។
ទន្ទឹមនឹងនោះ គម្រោងសាងសង់ឡជីវឧស្ម័នចំនួន១,៥០០ឡ នឹងធ្វើការសាងសង់នៅក្នុងខេត្តចំនួន៧រួមមាន៖ ខេត្តត្បូងឃ្មុំ, ខេត្តព្រះវិហារ, ខេត្តកំពង់ឆ្នាំង, ខេត្តព្រៃវែង, ខេត្តស្វាយរៀង, ខេត្តកំពង់ចាម និងខេត្តពោធិ៍សាត់ ដែលនឹងជួយដល់ប្រជាកសិករ ក្នុងការបំប្លែងឧស្ម័នពីលាមកសត្វយកមកប្រើប្រាស់ សម្រាប់ចម្អិនអាហារ និងកាកសំណល់ក្នុងឡធ្វើជីសម្រាប់ដាំដំណាំបាន ដែលនឹងជួយលើកកម្ពស់កម្រិតជីវភាពប្រជាជនឲ្យកាន់តែប្រសើរថែមួយកម្រិតទៀត៕