(ភ្នំពេញ)៖ រយៈពេល៦៩ថ្ងៃ នៃដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋទៅចុះឈ្មោះជាង ៥២ម៉ឺននាក់ហើយ សរុបចំនួនពលរដ្ឋឈ្មោះបោះឆ្នោតបណ្ដោះអាសន្នមានចំនួន ៨,៣៧០,៥៨៥នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៩ ខែវិច្ឆិកានេះ។
គ.ជ.ប បានឲ្យដឹងថា រយៈពេល៦៩ថ្ងៃ នៃដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត មានប្រជាពលរដ្ឋខ្មែរចំនួន ៥២៥,៤៥៩នាក់ហើយ ស្មើនឹង ៣២.៣១ភាគរយ បានទៅចុះឈ្មោះបោះឆ្នោត។
សេចក្ដីប្រកាសបានបន្តថា រយៈពេល៦៩ថ្ងៃដូចគ្នា ប្រជាពលរដ្ឋដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ មានចំនួន ១៩,៩០៧នាក់ និងអ្នកត្រូវកែតម្រូវឈ្មោះមានចំនួន ៥,៤៩៣នក់។
តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់។
ទោះយ៉ាងណា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មីនេះ នៅមានអត្រាតិចតូចនៅឡើយ (ជាង៣២ភាគរយ) បើធៀបនឹងចំនួនប្រជាពលរដ្ឋដែលត្រូវឈ្មោះបោះឆ្នោតថ្មី ១.៦លាននាក់។
សូមជម្រាបថា ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានចំនួន៧០ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ពោលបើមិនមានការប្រែប្រួលទេ ដំណើរការនេះត្រូវបានបញ្ចប់នៅថ្ងៃទី០៩ ខែវិច្ឆិកានេះ។
ចំពោះលទ្ធផលសរុបទាំង៧០ថ្ងៃ យ៉ាងណានោះ អង្គភាពព័ត៌មាន Fresh News មិនអាចទាក់ទងជាមួយលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បាននៅឡើយទេ៕