(ស្វាយរៀង)៖ លោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានថ្លែងថា កម្លាំងអាវុធហត្ថបានបង្ក្រាបមុខសញ្ញារក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បានចំនួនពីរលើក សរុបថ្នាំញៀនជាង៤គីឡូក្រាម រួមនិងវត្ថុតាងមួយចំនួនទៀត ដោយឃាត់ខ្លួនជនជាតិវៀតណាមចំនួន៦នាក់ក្នុងនោះខ្មែរម្នាក់។
ថ្លែងនៅក្នុងសន្និសីទកាសែត នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកវរសេនីយ៍ឯក ស្រី វុត្ថា បានបញ្ជាក់ថា ការចុះបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនេះ ធ្វើឡើងក្រោមបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញា សាលាដំបូងខេត្តស្វាយរៀង ហើយឈានទៅដល់ការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនបានទាំងពីករណីនេះ។
ករណីទី១ ត្រូវបានបង្ក្រាបនៅវេលាម៉ោង២៣និង៥៥នាទី ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយចាប់ជនសង្ស័យចំនួន២នាក់ រួមមាន៖ ទី១៖ ឈ្មោះ យូ យាំងហ៊ុង ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងកាត់សក់ មានទីលំនៅបច្ចុប្បន្នសង្កាត់អូឫស្សី១ ខណ្ឌ៧មករា ទី២៖ ឈ្មោះ ប៉ែន ដារ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងសំណង់ មានទីលំនៅបច្ចុប្បន្ន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកបានបន្តទៀតថាករណីទី២ ដោយមានការចង្អុលបង្ហាញពីក្រុមជនសង្ស័យទាំងពីរខាងលើ វេលាម៉ោង១០និង០០នាទីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងបានចុះសហការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្តប្រតិបត្តិការឃាត់ខ្លួនមុខសញ្ញារក្សាទុក ឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនខុសច្បាប់ នៅចំណុចបន្ទប់លេខ៨០២ខុនដូ caxsa ជាន់ទី៨ ក្រុមទី៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបានជនសង្ស័យបានចំនួន៤នាក់ស្រី២នាក់ ក្នុងនោះ១៖ ឈ្មោះ ចឹង ង៉ុកថាន់ ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរអាជីវករ មានទីលំនៅបច្ចុប្បន្ន សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទី២៖ ឈ្មោះ ទិន ធីង៉ុកធី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបររ៉ូលិញ មានទីលំនៅបច្ចុប្បន្នភូមិកាំបិញ ឃុំកាំយ៉ាង ស្រុកហ្គាវយ៉ាវ ខេត្តតៃនិញ ប្រទេសវៀតណាម ទី៣៖ ឈ្មោះ ង ត្រឹងអាន់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិជាងថាំង ឃុំធីត្រឹងហឹង ស្រុកវិញហឹង ខេត្តឡុងអាន ប្រទេសវៀតណាម ទី៤៖ ឈ្មោះ សុខ ដុភក្រ័ (ហៅសឺ) ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងតុទូ មានទីលំនៅបច្ចុប្បន្នសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យ និងវត្តុតាងកំពុងឃាត់ខ្លួន និងរក្សាទុកនៅមន្ទីរយុត្តិធម៌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕