(ព្រះសីហនុ)៖ ស្រ្តីម្នាក់ដែលមានដីនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបន្តអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំពាក់ព័ន្ធជួយដោះស្រាយបញ្ចប់ជម្លោះដីធ្លី បន្ទាប់ពីក្រុមហ៊ុននៅតំបន់សេដ្ឋកិច្ចពិសេស បានរំលោភយកទាំងបំពាន បើទោះលោកស្រីមានប័ណ្ណសម្គាល់ និងមានការទទួលស្គាល់ពីអាជ្ញាធរ ព្រមទាំងមន្រ្តីពាក់ព័ន្ធក៏ដោយនោះ។
សម្រាប់ជម្លោះដីធ្លីនេះអ្នកស្រី សុខងីម បានដាក់ពាក្យសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាផងដែរ កាលពីពេលកន្លងទៅ រហូតនាយកខុទ្ទកាល័យ បានបញ្ជូនលិខិតនេះទៅរដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងផ្ញើជូនអភិបាលខេត្តព្រះសីហនុទៀតផង ដើម្បីពិនិត្យមើល និងដោះស្រាយបញ្ចប់ជម្លោះដីធ្លីមួយនេះ។
ជាមួយគ្នានេះលោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា ក៏បានផ្ញើលិខិតទៅអភិបាលខេត្តព្រះសីហនុ ដើម្បីជួយដោះស្រាយពីបញ្ហាជម្លោះដីធ្លីខាងលើនេះផងដែរ ប៉ុន្ដែរហូតមកដល់ពេលនេះខាងអាជ្ញាធរខេត្ត ពុំមានវិធានការណ៍ដំណោះស្រាយណាមួយជូនលោកស្រីនោះទេ។
ទន្ទឹមនឹងនេះលោកស្រីក៏បានដាក់ពាក្យបណ្ដឹងមួយទៀត ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីជួយមានចំណាត់ការតាមផ្លូវច្បាប់ ចំពោះការរំលោភបំពានពីក្រុមហ៊ុនចិន នៅតំបន់សេដ្ឋកិច្ចស្វយ័តក្រុងព្រះសីហនុ តែខាងតុលាការក៏ពុំទាន់មានចំណាត់ការផងទេ។
ដោយសារតែគ្មានចំណាត់ការពីស្ថាប័នពាក់ព័ន្ធ ហើយក្រុមហ៊ុនចិននៅតែបន្ដរំលោភបំពានបែបនេះ លោកស្រីមានតែទទូចដល់ប្រមុខនៃរាជរដ្ឋាភិបាល ជួយដោះស្រាយបញ្ចប់បញ្ហាដីធ្លីនេះ ដោយបានទទួលយុត្តិធម៌ ក៏ដូចជា ការចូលរួមដោះស្រាយជូនប្រជាពលរដ្ឋផ្សេងទៀត ដែលមានជម្លោះដីធ្លីបែបនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ អ្នកស្រី សុខងីម តាមរយៈអង្គភាពព័ត៌មាន Fresh News ក៏បានអំពាវនាវឲ្យថ្នាក់ដឹកនាំជួយដោះស្រាយផងដែរ ប៉ុន្តែមិនមានលទ្ធផលនោះទេ។ អ្នកស្រីបានថ្លែងថា «រឿងរ៉ាវទំនាស់ដីធ្លីខាងលើនេះ ពុំទទួលបានផ្លែផ្កានោះទេ បើទោះបីជាស្ថាប័នតុលាការ និងមន្ត្រីជំនាញចុះ ទៅពិនិត្យមើលទីតាំងទំនាស់ កាលពីថ្ងៃទី៦ ខែកក្កដា កន្លងទៅនេះក៏ដោយ។ ការចុះទៅពិនិត្យដល់ទីតាំង ប្រៀបដូចជា ការដើរកម្សាន្តមើលវាលមើលព្រៃតែប៉ុណ្ណោះ»។
អ្នកស្រីបានបន្តថា «រឿងដីរបស់ខ្ញុំ ដែលក្រុមហ៊ុនបានចាក់ដីរំលោភ និងបិទផ្លូវ ហើយចាប់កម្មករជាអ្នកចាំដីទាំងយប់ម៉ោង១១អាធ្រាត្រយប់ ដោយគ្មានដីកាពីតុលាការ នាងខ្ញុំបានដាក់ប្តឹងទៅគ្រប់ស្ថាប័ន និងតុលាការ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខរារដ្ឋាភិបាលកម្ពុជា ហើយក៏ចេញលិខិតបញ្ចូនមកចូលដល់ខេត្តតាំងទី២៥ ខែឧសភា ឆ្នាំ២០១៧ ដើម្បីដោះស្រាយតែមកថ្ងៃនេះ នៅមិនទាន់ឃើញខេត្ត ចុះមកដោះស្រាយនិងបើកផ្លូវវិញទេ»។
អ្នកស្រី បានសម្តែងនូវការសោកស្តាយ និងហាក់ដូចជា អស់សង្ឃឹមចំពោះពន្លឺយុត្តិធម៌ដែលនៅសែនឆ្ងាយ។ អ្នកស្រីបានដាក់ពាក្យបណ្តឹងទៅគ្រប់ទីកន្លែង ដើម្បីសុំអន្តរាគមន៍ ស្វែងរកយុត្តិធម៌តាំងពីអំឡុងខែឧសភាមកម្ល៉េះ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានចំណាត់ការណាមួយសមស្រប សម្រាប់ភាគីអ្នករងគ្រោះ និងប្រជាពលរដ្ឋផ្សេងទៀតនោះឡើយ។ «ការរំពឹងចំពោះក្រុមការងារចុះពិនិត្យទីតាំងទំនាស់កាលពីថ្ងៃទី៦ ខែកក្កដា កន្លងទៅនោះ មិនទទួលបានលទ្ធផលអ្វីទេ ដោយសំអាងថា ការកំណត់ព្រំ ឬទីតាំងទំនាស់មិនច្បាស់លាស់។ ជាមួយនោះក្រុមការងារនេះក៏ខ្វះសម្ភារបច្ចេកទេស ក្នុងការវាស់វែងផងដែរ»។
បើតាមប្រជាពលរដ្ឋ ក្រុមហ៊ុនចិនបានរំលោភបំពានយកដី ដោយទាំងផ្លូវរបស់ប្រជាពលរដ្ឋ៣ភូមិ ដែលពេលនេះ ប្រជាពលរដ្ឋមិនអាចធ្វើដំណើរឆ្លងកាត់បានឡើយ។ អ្នកភូមិបានដាក់ពាក្យបណ្តឹង សុំអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាល ហើយខុទ្ទកាល័យសម្តេចតេជោ ក៏បានចេញដីកាបញ្ជូនទៅឲ្យក្រសួងពាក់ព័ន្ធ ដូចជា ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់, រដ្ឋបាលសាលាខេត្ត… ប៉ុន្តែនៅតែមិនអាចដោះស្រាយជូនប្រជាពលរដ្ឋបានឡើយ។
យ៉ាងណាក៏ដោយអង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីខាងក្រុមហ៊ុនបាននៅឡើយទេ៕