(សៀមរាប)៖ ដោយបានការអនុញ្ញត្តិពី រាជរដ្ឋាភិបាលក្រសួងទេសចរណ៍ សហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា សហការជាមួយក្រុមហ៊ុន Golftripz(India) PSD Travel(Cambodia) និង ទីលានវាយកូនហ្គោលអង្គរ រីស្សត (Angkor Golf Resort) និង Phukettra Country Club បានរៀបចំបើកការប្រគួតកីឡាវាយកូនហ្គោល ជាលក្ខណៈអន្តរជាតិ team-am golf challenge 8 ចាប់ពីថ្ងៃទី ៦-៩ វិច្ឆិកា ដោយជោគជ័យ។
លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ នៃសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា បានឲ្យដឹងថា នេះជាលើកទី១ហើយ ដែលកម្ពុជាបានរៀបចំប្រកួត កីឡាវាយកូនហ្គោលជាលក្ខណៈមិត្តភាពអន្តរជាតិ មិនមែនជំនាញ (Amateurs) តាមបែបកីឡាទេសចរណ៍ (Golf Tours) ដែលការប្រកួតលើកទី១នេះ មានកីឡាករចូលរួម ចំនួន១០៤នាក់ ដែលភាគច្រើនមកពីប្រទេសឥណ្ឌា រួមនិងអូស្រា្តលី ហើយប្រតិភូនេះបានមកដល់តាំងពីថ្ងៃទី៥ ខែវិច្ឆិកា ចាប់ផ្តើមប្រកួតនៅថ្ងៃទី៦ នៅទីលានកូនហ្គោល អង្គររីស្ស៊ត ទី៧ វិច្ឆិកា នៅទីលានកូនគោល Phukettra Country Club ថ្ងៃទី៨ សំរាកទស្សនាអង្គរ ថ្ងៃទី៩ វិច្ឆិកា ប្រកួតបញ្ចប់នៅអង្គររីស្ស៊ត ដោយមានការអញ្ជើញចូលរួម ផ្តល់កិត្តិយសពីលោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ផងដែរ។
លោកបានបន្តថា កីឡាទេសចរណ៍កំសាន្តនេះ បច្ចុប្បន្នកំពុងតែមានការពេញនិយម និងជាកត្តាដ៍សំខាន់មួយក្នុងការទាក់ទាញភ្ញៀវទេសចរ ជាពិសេសឲ្យតែមានការប្រកួត កីឡាអន្តរជាតិ ណាមួយនៅខេត្តសៀមរាប គឺមានភ្ញៀវទេសចរអន្តរជាតិជាច្រើនបានមកចូលរួមប្រកួត ព្រោះគេបានលេងកីឡាហើយបានទៅទស្សនាប្រាសាទបុរាណ ដ៍អស្ចារ្យនិងរមណីយដ្ឋានធម្មជាតិជាច្រើនទៀតនៅក្នុងខេត្តសៀមរាបនេះ ។ប្រតិភូនិងកីឡាករ បានស្ងើចសរសើរ ចំពោះ ប្រាសាទអង្គររបស់យើងនិង ភាពរីកចំរើនរបស់កម្ពុជា ពិសេសភាពញញឹមរួសរាយរាក់ទាក់ពីធម្មជាតិរបស់ប្រជាជនកម្ពុជាយើងហើយអ្វីដែលសំខាន់គេបាន ឃើញច្បាស់ថាកម្ពុជា ជាប្រទេសជាតិមួយដែលកំពុង មានសុខសន្តិភាពពេញលេញ។
លោក ជា បូរ៉ា បានបញ្ជាក់ថា ក្រសួងទេសចរ និងសហពន្ធកីឡាវាយកូនហ្គោលកម្ពុជា នឹងខិតខំសហការណ៍ជាមួយក្រុមហ៊ុន Golft Tripz និង ផ្នែកឯកជនពិសេស ទីលានវាយកូនហ្គោល រៀបចំការប្រកួតកីឡាវាយកូនហ្គោល មិត្តភាពតាមបែបកីឡាទេសចរណ៍កំសាន្ត (Golft Tours) ដូចនេះជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ នៅតាមតំបន់សក្តានុពលទេសចរណ៍ធំៗដូចជា នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តកោះកុងជាដើម។
សូមបញ្ជាក់ថា ដើម្បីទាក់ទាញ់ភ្ញៀវទេសចរបរទេស តាមរយៈវិស័យកីឡានេះ កម្ពុជាបានបង្កើតឲ្យមានព្រឹត្តការណ៍កីឡាទេសចរណ៍ជាច្រើនដូចជា កីឡារត់ម៉ារ៉ាតុង កីឡាជិះកង់ ការហាត់ប្រាណតាមបែបយូហ្គា និងកីឡាផ្សេងៗជាច្រើនទៀតផងដែរ ។ នៅខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ ក៍មានការរៀបចំពាន់រង្វាន់សម្តេចតេជោ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រ។
សូមជំរាបថា ភ្ញៀវសរុបសម្រាប់ខេត្តសៀមរាបរយៈពេល ១០ខែ មានចំនួន៖ 4.702.136នាក់ មានការកើនឡើង 12,11% (2016: 4.193.887នាក់) ក្នុងនោះ
* ភ្ញៀវអន្តរជាតិមានចំនួន 1.940.832នាក់ មានការកើនឡើង +11,90% (2016: 1.734.431នាក់)
* ភ្ញៀវជាតិ 2.761.304 នាក់ កើនឡើង +12,27% (2016: 2.459.456នាក់)