(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ស្អែកនេះ នឹងអញ្ជើញជួបសំណេះ សំណាលដោយផ្ទាល់ជាមួយយុវជន នៃនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន សរុប៣៦២នាក់នៅវិមានសន្តិភាព។

យុវននៃកម្មវិធីនាវាយុវជនអាស៊ាន-ជប៉ុន ដែលមានយុវជនកម្ពុជា ២៩រូបដែរនោះ នឹងស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេល៤ថ្ងៃចាប់ពីថ្ងៃ ទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។ យុវជនស្ម័គ្រចិត្តរបស់កម្ពុជា ១២០នាក់ គ្រួសារស្ម័គ្រចិត្តចំនួន ១៥០គ្រួសារនៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តកណ្តាល បានត្រៀមខ្លួន ទទួលប្រតិភូនាវាយុវជនអាស៊ាន និងជប៉ុន ដែលនឹងមកស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេល៤ថ្ងៃនេះ។

ការសម្រេចទទួលប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន គឺជាមោទនភាពរបស់រដ្ឋាភិបាលកម្ពុជា បើទោះជាកម្ពុជាមិនទាន់មានលទ្ធភាពធ្វើជាម្ចាស់ផ្ទះទទួលប្រតិភូយុវជនអន្តរជាតិជារៀងរាល់ឆ្នាំនៅឡើយក៏ដោយ។ ការរៀបចំទទួលប្រតិភូយុវជននេះនឹងបង្ហាញអំពីសមត្ថភាពរដ្ឋាភិបាលកម្ពុជាផង ជាការផ្សព្វផ្សាយវិស័យទេសចរណ៍ផង ហើយក៏បង្ហាញប្រាប់យុវជនអាស៊ាន និងជប៉ុន អំពីសន្តិភាព និងសុវត្ថិភាពនៅកម្ពុជាផង។

ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន នឹងត្រូវបែងចែកជា៨ក្រុមតាមប្រធានបទពិភាក្សាទាំង៨ ដែលពួកគេបានកំណត់តាំងពីលើនាវា ហើយពួកគេនឹងធ្វើទស្សនកិច្ចសិក្សានៅស្ថាប័នចំនួន៨ផ្សេងគ្នាដែរនៅក្នុងរាជធានីភ្នំពេញ មុននឹងពួកគេត្រូវបានបែងចែកឲ្យទៅស្នាក់នៅតាមគ្រួសារខ្មែរស្ម័គ្រចិត្តដែលមានចំនួន១៥០គ្រួសារ។

សូមបញ្ជាក់ថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ឬហៅថាស្ពានយុវជនអាស៊ីអាគ្នេយ៍ ជាកម្មវិធីផ្លាស់ប្តូរយុវជនប្រចាំឆ្នាំដែលរៀបចំដោយរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងគោលបំណង លើកកម្ពស់មិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមកក្នុងចំណោមយុវជននៃប្រទេសអាស៊ីអាគ្នេយ៍ទាំងដប់ និងប្រទេសជប៉ុន។ កម្មវិធីនេះ ក៏ដើម្បីពង្រីកទស្សនវិស័យរបស់ពួកគេលើពិភពលោក និងដើម្បីពង្រឹងស្មារតីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជំនាញជាក់ស្តែងសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។

កម្មវិធីនេះបានប្រមូលយុវជនជាង ៣០០នាក់ មកពីបណ្តាប្រទេសអាស៊ាន និងប្រទេសជប៉ុន ដោយផ្តល់ឲ្យពួកគេនូវឱកាសពិសេស ដើម្បីរស់នៅជាមួយគ្នានៅលើកប៉ាល់ Nippon Maru ក្នុងរយៈពេល៥២ថ្ងៃ។ សម្រាប់កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៤ ឆ្នាំ២០១៧នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ដោយការធ្វើដំណើរទៅប្រទេសជប៉ុន និងបណ្តាប្រទេសជាសមាជិកអាស៊ានមួយចំនួន។

កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន បានបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ១៩៧៤ ដោយប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ានចំនួន៥ផ្សេងទៀត រួមមានឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ។ ប្រទេសប្រ៊ុយណេ បានចូលរួមក្នុងឆ្នាំ១៩៨៥, ប្រទេសវៀតណាម បានចូលរួមក្នុងឆ្នាំ១៩៩៦, ឡាវ និងមីយ៉ាន់ម៉ាបានចូលរួមក្នុងឆ្នាំ១៩៩៨ និងកម្ពុជាក្នុងឆ្នាំ២០០០។

ចាប់តាំងពីកម្ពុជាចូលជាសមាជិកនៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុននៅក្នុងឆ្នាំ២០០០មក មានយុវជនខ្មែរ ៥៤២នាក់ ដែលបានចូលរួមក្នុងកម្មវិធីនេះ៕