(ភ្នំពេញ)៖ បន្ទាប់ពីបវរកញ្ញារបស់កម្ពុជា បានចេញទៅប្រកួតលើឆាកអន្តរជាតិ ជាបន្ដបន្ទាប់នោះ នៅពេលនេះដល់វេន កញ្ញា ប៊ី សុធារី ម្ដងហើយ ដើម្បីទៅប្រកួតលើឆាកអន្តរជាតិ ដោយនាងនឹងត្រូវធ្វើដំណើរចាកចេញ ពីប្រទេសកម្ពុជា នៅយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្នុងនាមតំណាងឲ្យប្រទេសកម្ពុជា ចូលរួមប្រកួត ក្នុងកម្មវិធីប្រឡងបវរកញ្ញាចក្រវាល «Miss Universe » ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី ២៧ វិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខនេះ នៅសហរដ្ឋអាមេរិក។
ថ្លែងប្រាប់ Fresh News មុនពេលចេញដំណើរកញ្ញាឯក ប៊ី សុធារី បានប្រាប់ឲ្យដឹងថា នាងបានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីទៅបង្ហាញសមត្ថភាព នៅលើឆាកអន្តរជាតិ ពោលគឺក្នុងកម្មវិធីប្រឡងបវរកញ្ញាចក្រវាល «Miss Universe» ដោយបានពាំនាំឲ្យអន្តរជាតិបានដឹង ពីសម្បត្តិវប្បធម៌របស់ខ្មែរ ទំនៀមទម្លាប់របស់ប្រជាជនខ្មែរ ជាពិសេសទង់ជាតិកម្ពុជា នឹងត្រូវបង្ហាញឡើង នៅលើឆាកអន្តរជាតិនៅក្នុងថ្ងៃប្រកួត។
ស្រីស្រស់ ប៊ី សុធារី បានបន្តទៀតថា រូបនាងពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានធ្វើជាតំណាងឲ្យប្រជាពលរដ្ឋកម្ពុជាទាំងមូល ដើម្បីទៅចូលរួមប្រកួតប្រជែង ជាលក្ខណៈអន្តរជាតិ ដែលជាព្រឹត្តិការណ៍ធំ លំដាប់ពិភពលោក ខណៈនេះជាលើកទី១សំរាប់រូបនាងផ្ទាល់។ កញ្ញា ប៊ី សុធារី បានត្រៀមលក្ខណៈសម្បត្តិជាច្រើន ដើម្បីដណ្ដើមយកជយលាភី ក្នុងនោះរួមមាន ការហាត់រៀនដើរម៉ូដពីគ្រូល្បីៗ ការរៀបចំឆ្លើយសំណួរពីគណៈកម្មការ សម្លៀកបំពាក់គ្រប់ឈុតគ្រប់វគ្គ និងសម្លៀកបំពាក់សម្រាប់វគ្គផ្ដាច់ព្រ័ត្រ ព្រមទាំងការសិក្សាភាសាបរទេស ផងដែរ។
កញ្ញា ប៊ី សុធា ក៏សូមអំពាវនាវដល់បងប្អូនខ្មែរទាំងអស់ មេត្តាជួយគាំទ្ររូបនាង នៅក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ ព្រោះកម្មវិធីមានការបោះឆ្នោត តាមរយៈបណ្ដាញអ៊ីធ័រណិត ឬសង្គម Facebook ដូច្នេះសូមចូលរួមបោះឆ្នោតលើកទឹកចិត្ត ដល់រូបនាងទាំងអស់គ្នាផង។
សូមបញ្ជាក់ថា «Miss Universe Cambodia-បវរកញ្ញាចក្រវាលកម្ពុជា» កញ្ញា ប៊ី សុធារី ទទួលបានទិដ្ឋាការ (វីសា) ពីស្ថានទូតអាមេរិក ដើម្បីចូលរួមប្រកួតបវរកញ្ញាចក្រវាល ឆ្នាំ២០១៧ ដែលប្រារព្ធឡើង នៅថ្ងៃទី២៧ ខែវិច្ឆិកា ទីក្រុងឡាសវេហ្កាស សហរដ្ឋអាមេរិក។ មកុដបវរកញ្ញាចក្រវាល «Miss Universe » ដែល កញ្ញា ប៊ី សុធារី ទៅដណ្ដើមលើឆាក អន្តរជាតិនៅពេលនេះ ត្រូវបានគេដឹងថា មានតម្លៃ៣០ម៉ឺនដុល្លារអាមេរិក ផលិតពីគ្រីស្តាល់ និងត្បូងពេជ្រ។
សូមចូលរួមលើកទឹកចិត្តបវរកញ្ញាឯក តំណាងឲ្យប្រទេសកម្ពុជារបស់យើង ទាំងអស់គ្នា!៕