Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទិវាឯករាជ្យជាតិ៖ គណបក្សសញ្ជាតិកម្ពុជា អំពាវនាវកុំឱ្យបរទេស ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា

09-11-2017 17:43

(ភ្នំពេញ)៖ គណបក្សសញ្ជាតិកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញសេចក្តីថ្លែងការណ៍ អំពាវនាវឱ្យអ្នកនយោបាយខ្មែរទាំងអស់ រួបរួមគ្នាដើម្បីការពារឯករាជ្យជាតិ ហើយអំពាវនាវកុំឱ្យបរទេស ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។

សេចក្តីថ្លែងការណ៍របស់ គណបក្សសញ្ជាតិកម្ពុជា បានគូសបញ្ជាក់ថា៖ «យើងត្រូវទុកចិត្តលើខ្មែរគ្នាឯង ព្រោះថាគ្មានជាតិសាសន៍ណា ស្រលាញ់ខ្មែរជាងខ្មែរនោះឡើយ មិនត្រូវពឹងបរទេសឱ្យមកបំផ្លាញខ្មែរ ដោយសារតែដើម្បីអំណាចរបស់ខ្លួន តួយ៉ាងដូចលោក កឹម សុខា និងគណបក្សសង្រ្គោះជាតិ ដែលនឹងត្រូវតុលាការកំពូលកាត់ទោសរំលាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ»។

សូមបញ្ជាក់ថា ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គឺជាខួប ៦៤ឆ្នាំហើយ ដែលកម្ពុជាដណ្តើមបានឯករាជ្យពីប្រទេសបារាំង ក្រោមព្រះរាជកិច្ចដឹកនាំ ដ៏ជាញជ័យរបស់សម្តេចព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ពិធីអបអរសាទរថ្ងៃបុណ្យឯករាជ្យនាព្រឹកនេះ ត្រូវបានធ្វើឡើង យ៉ាងមហោឡារិក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សនិស្សិតយ៉ាងច្រើនកុះករ៕