(ក្រចេះ)៖ ប្រធានមន្ទីរកិសកម្មខេត្តក្រចេះ លោក គុយ ហ៊ួត បានប្រាប់ទៅប្រជាពលរដ្ឋជិត១០០នាក់ ដែលផ្ទុះការតវ៉ា និងប្តឹងជំទាស់ទៅនិងលិខិតរបស់ក្រសួងកសិកម្មថា លិខិតនេះមិនមែនជាលិខិត អនុញ្ញាត ឲ្យម្ចាស់ទីតាំងសត្វឃាតឈ្មោះ រស់ ប៉េងលីម អាចបន្តសុពលភាពពិឃាតសត្វក្នុងឆ្នាំ២០១៨នោះទេ គឺគ្រាន់តែជាលិខិតជូនដំណឹងម្ចាស់ សត្វឃាតនេះ មានសិទ្ធិដាក់ពាក្យស្នើសុំ បន្តអាជីវកម្មតែប៉ុណ្ណោះ។
នៅក្នុងជំនួបដើម្បីបំភ្លឺពីប្រធានមន្ទីរកសិកម្មខេត្តក្រចេះ លោក គុយ ហ៊ួត និងប្រធានការិយាល័យបសុ ជាមួយពលរដ្ឋជាម្ចាស់បណ្តឹងទាំងអស់ ដែលសុទ្ធតែមានទីលំនៅ ក្នុងភូមិកែងប្រាសាទ ឃុំសំបូរ ស្រុកសំបូរ បានធ្វើឡើងនៅល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងសាលប្រជុំការិយាល័យកសិកម្មស្រុក។
នៅចំពោះមុខប្រជាពលរដ្ឋ លោក គុយ ហ៊ួត បានបញ្ជាក់ថា ក្រសួងកសិកម្ម ក៏ដូចជាអាជ្ញាធរខេត្តបានលើកទឹកចិត្តនៅរាល់ការវិនិយោគ ក្នុងមូលដ្នានលើគ្រប់វិស័យ តែប្រសិនបើការវិនិយោគនោះ មិនបង្កផលចំណេញដល់ពលរដ្ឋ និងធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ ក្នុងមូលដ្ឋានទៅវិញនោះ គឺក្រសួងក៏ដូចជា អាជ្ញាធរមិនអនុញ្ញាតឲ្យមានវិនិយោគជាដាច់ខាត។
ការអះអាងដោយបញ្ជាក់ជំហរបែបនេះរបស់ប្រធានមន្ទីកសិកម្ម ក៏ដូចជាអាជ្ញាធរទៅកាន់ពលរដ្ឋរស់នៅក្នុងភូមិកែងប្រសាទ ឃុំសំបូរ ស្រុកសំបូរ ទាំងចំនួនជិត១០០គ្រួសារ នេះ ក៏បានធ្វើឡើង ក្នុងសកម្មភាពរបស់លោកប្រធាមន្ទីរ បានដឹកនាំក្រុមការងារមន្រ្តីជំនាញ ចុះពិនិត្យមើលលើទីតាំសត្វឃាតមួយឈ្មោះ រស់ ប៉េងលីម ដែលមានទីតាំងធ្វើពិឃាតសត្វនៅ កណ្តាលភូមិ ខណៈពលរដ្ឋបានផ្តិតមេដៃប្តឹងជំទាស់ទៅសាលាខេត្ត មន្ទីរកសិកម្មខេត្ត និងសាលាស្រុកសំបូរដោយចោទថា ទីតាំងសត្វឃាតនេះ បានកំពុងតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ កាន់តែខ្លាំងដល់ពលរដ្ឋក្នុងសហគមន៍ ដូចជាបានបង្កឲ្យមានបរិស្ថានក្នុងសហគមន៍អួរអាប់ មានក្លិនស្អុយ សម្លេងថ្លង់ធ្វើឲ្យរំខានដល់ការរស់នៅ ពិសេសប៉ះពាល់សុខភាពរបស់ អ្នកភូមិដោយ សារជម្ងឺឆ្លងដល់អ្នកភូមិ ក៏ដូចជាជាកុមារ និងការបង្ហូរកាកសំណល់ ឬទឹកស្អុយ កខ្វក់ចូលទៅ ក្នុងអូរនៅកណ្តាលភូមិជាដើម។
គួររំលឹកថា កាលពីដើមខែវិច្ឆិកា មានពលរដ្ឋចំនួនជិត១០០គ្រួសារ រស់នៅភូមិកែងប្រាសាទ ឃុំសំបូរ ស្រុកសំបូរ បានសម្រេចធ្វើពាក្យបណ្តឹងជាលើកចុងក្រោយ ដោយមានភ្ជាប់ ជាមួយនូវស្នាមេដៃទៀតផងនោះ ប្តឹងជំទាស់មកសាលាខេត្តក្រចេះ មន្ទីរកសិកម្មខេត្ត ក៏ដូចជា សាលាស្រុក ដើម្បីជំទាស់ទៅនិងចំណាត់ការរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម ដែលបានចេញលិខិតមួយដែលពួកគាត់យល់ថា ក្រសួងកសិកម្មបានអនុញ្ញាតឲ្យម្ចាស់អាជីវកម្មពិឃាតសត្វនៅកណ្តាលភូមិឈ្មោះ រស់ ប៉េងលីម បាន បន្តសុពលភាពអាជីវកម្មរបស់ខ្លួន នៅឆ្នាំ២០១៨ខាងមុខទៀត។
នៅក្នុងខ្លឹមសារបណ្តឹងជាលើកចុងក្រោយនេះ ពលរដ្ឋទាំងនោះបានរៀបរាប់ថា ទីតាំងពិឃាតសត្វឈ្មោះ រស់ ប៉េងលីម នៅកណ្តាលភូមិមួយកន្លែងនេះថា បានបង្កឲ្យមានបរិស្ថាន ក្នុងសហគមន៍អួរអាប់ ដូចជា មានក្លិនស្អុយ សម្លេងថ្លង់ធ្វើឲ្យរំខានដល់ការរស់នៅ ពិសេសប៉ះពាល់សុខភាពរបស់អ្នកភូមិដោយសារជម្ងឺ ឆ្លង ដល់អ្នកភូមិ ក៏ដូចជា ជាកុមារនិងការបង្ហូរកាក សំណល់ ឬទឹកស្អុយកខ្វក់ចូលទៅក្នុងអូរនៅកណ្តាលភូមិជាដើម។
ប្រធានមន្ទីរកសិកម្មខេត្តលោក គុយ ហ៊ួត បានបញ្ជាក់ប្រាប់ទៅពលរដ្ឋដែលឈមផលប៉ះពាល់ពីទីតាំងសត្វឃាតនោះទៀតថា ប្រសិនបើក្រសួងបានអនុញ្ញាតឲ្យម្ចាស់ទីតាំងសត្វឃាតឈ្មោះ រស់ ប៉េងលីម មានសិទ្ធិស្នើសុំការធ្វើអាជីវកម្មបន្តនៅឆ្នាំ២០១៨ ដូចលិខិតដែលបានដាក់ជូននេះ ហើយប្រសិនបើមន្ទីជំនាញកសិកម្មខេត្ត ស្រុក និងចុះធ្វើការ វាយតម្លៃថា ទីតាំងនេះ បានបង្កផលប៉ះពាល់ដល់ពលរដ្ឋ និងការអនុវត្តមិនគោរតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវទេនោះ ក៏មន្ទីរកសិកម្មសម្រេចមិនចេញទិដ្ឋការឲ្យម្ចាស់អាជីវកម្មនេះ បានបន្តសិទ្ធិធ្វើអាជីវកម្មទៀតនោះទេ៕