(ភ្នំពេញ)៖ លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោ​ន សហរដ្ឋអាមេរិក បានថ្លែងប្រាប់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ប្រចាំនៅរដ្ឋតិចសាស់ តាមរយៈលិខិតមួយថា វាមិនមែនជារឿងល្អសម្រាប់កម្ពុជា និងអនាគតរបស់កម្ពុជានោះទេ ប្រសិនបើកម្ពុជា ត្រូវបានបង្ខំឱ្យរើសយកជម្រើស ដែលផ្ទុយនឹងប្រយោជន៍យុទ្ធសាស្រ្តជាតិរបស់យើង។

លិខិតឆ្លើយតបរបស់ ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោ​ន សហរដ្ឋអាមេរិក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានធ្វើឡើងបន្ទាប់ពី
លោក ថេដ គ្រូស សមាជិកព្រឹទ្ធសភានៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក នាថ្មីៗនេះ បានរិះគន់ចំពោះការចាប់ ​លោក កឹម សុខា ប្រធានគណបក្សប្រឆាំង និងរិះគន់រដ្ឋាភិបាលកម្ពុជាចំពោះ ការបិទ​អង្គការ​សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនផងដែរ​។ លោកបានលើកឡើងថា សកម្មភាពទាំងនេះ មិន​ត្រឹមតែ​កំពុងតែ​បំផ្លាញ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺថែមទាំងប៉ះពាល់ដល់ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជាផង​ដែរ។

ឆ្លើយតបទៅនឹងការរិះគន់នេះ លោក ជុំ ប៊ុនរ៉ុង បានបញ្ជាក់នៅក្នុងលិខិតរបស់ខ្លួនយ៉ាងដូច្នេះថា៖ «ប្រទេសកម្ពុជាផ្តល់តម្លៃលើទំនាក់ទំនងដ៏ល្អ ជាមួយសហរដ្ឋអាមេរិក និងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះស្ថិរភាព សន្តិភាព និងការអភិវឌ្ឍនៅប្រទេសកម្ពុជា។ វាមិនមែនជារឿងល្អសម្រាប់កម្ពុជា និងអនាគតរបស់កម្ពុជានោះទេ ប្រសិនបើកម្ពុជា ត្រូវបានបង្ខំឱ្យរើសយកជម្រើស ដែលផ្ទុយនឹងប្រយោជន៍ យុទ្ធសាស្រ្តជាតិរបស់យើង»

លោកបានបន្តទៀតថា «កម្ពុជាបានឆ្លងកាត់បទពិសោធន៍ដ៏ជូរចត់ពីអតីតកាលរបស់ខ្លួនរួចហើយ កាលពីទសវត្សរ៍ឆ្នាំ៧០និង៨០ ហើយក៏បានឃើញយ៉ាងច្បាស់នាពេលថ្មីៗនេះ ពីស្ថានភាពខ្លោចផ្សាររបស់ប្រជាជាតិមួយចំនួន ដែលពេលថ្មីៗនេះ ធ្លាក់ខ្លួនក្នុងគ្រោះមហន្តរាយ ដោយមជ្ឈដ្ធានដែលបង្ករអោយមានការផ្លាស់ប្តូរ»

សូមបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ នៅក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រមុខដឹកនាំការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានថ្លែងប្រាប់ពិភពលោកថា ការ​ជ្រើស​រើស​ផ្លូវ​ដើរ​តាម​ការ​កំណត់​របស់​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​គ្រោះ​មហន្តរាយ​ដ៏​អាក្រក់។ ប្រមុខ​ដឹកនាំបរទេស​កម្ពុជា បានសង្កត់​ធ្ងន់​ថា បញ្ហាសិទ្ធិ ប្រជាធិបតេយ្យគ្រាន់តែជាលេសមួយដើម្បីបរទេសលូកដៃ ចូលកិច្ចការផ្ទៃរបស់កម្ពុជា ធ្វើឲ្យប្រទេសធ្លាក់ចូលគ្រោះមហន្តរាយ។

ប្រមុខការទូតកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ដូច្នេះថា៖ «ប្រវត្តិសាស្ត្រ​បាន​បង្រៀន​កម្ពុជា​​​ថា ការ​ជ្រើស​រើស​ផ្លូវ​ដើរ​តាម​ការ​កំណត់​របស់​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​គ្រោះ​មហន្តរាយ​ដ៏​អាក្រក់ ហើយការ​អនុវត្ត​​ខ្លះ​ពី​ខាង​ក្រៅ ជា​រឿយ​ៗ​បាន​ក្លាយ​ទៅ​ជា​បញ្ហា មិន​មែន​ជា​ដំណោះ​ស្រាយ​នោះ​ទេ​»។ លោកបានបន្តទៀតថា បញ្ហាសិទ្ធិប្រជាធិបតេយ្យ គ្រាន់តែជាលេសមួយដើម្បីបរទេសលូកដៃ ចូលកិច្ចការផ្ទៃរបស់កម្ពុជា ធ្វើឲ្យប្រទេសធ្លាក់ចូល គ្រោះមហន្តរាយតែប៉ុណ្ណោះ៕