(ភ្នំពេញ)៖ តាមរយៈមហោស្រពភាពយន្តជប៉ុន ភាពយន្តល្បីៗរបស់ជប៉ុនចំនួន១២រឿង នឹងចាក់បញ្ចាំងជូនប្រជាពលរដ្ឋខ្មែរទស្សនាដោយឥតគិតថ្លៃនៅរោងភាពយន្ត Major Cineplex (AEON Mall) និងរោងភាពយន្ត Legend ទួកគោក ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ជប៉ុន។ ខ្សែភាពយន្តទាំង១២រឿងនេះ សុទ្ធតែបានឆ្លុះបញ្ចាំងពីវប្បធម៌ ទំនៀបទម្លាប់ ប្រពៃណី និងការរស់នៅរបស់ប្រជាពលរដ្ឋជប៉ុន។
ក្នុងចំណោមភាពយន្តទាំង១២រឿង ក៏មានរឿងមួយបានពិព័រណ៌នាពីទុក្ខវេទនា ការនិរាសព្រាត់ប្រាស់ និងការធ្លាក់ខ្លួនពិការរបស់ប្រជាពលរដ្ឋជប៉ុន ក្នុងខេត្តហ៉ីរ៉ូស៊ីម៉ា ដោយសារភ្លើងសង្រ្គាម ជាពិសេសការវាយប្រហារតាមផ្លូវអាការរបស់កងទ័ពអាមេរិក និងការទម្លាក់គ្រាប់បែកប៉ារម៉ាណូរបស់អាមេរិកក្នុងឆ្នាំ១៩៤៥។
ភាពយន្តរៀបរាប់ពីទុក្ខវេទនារបស់ពលរដ្ឋជប៉ុនក្រោមទម្ងន់គ្រាប់បែកអាមេរិកនេះ ត្រូវបានគេផលិតឡើងជាភាពយន្តគំនូរជីវចល ដោយមិនបានថតសម្តែងដោយមនុស្សនោះឡើយ។ មន្រ្តីស្ថានទូតជប៉ុន បានប្រាប់ថា ការដែលមិនថតយកមនុស្សទៅសម្តែងដោយសារតែភាពយន្តនេះមានភាពរន្ធត់ និងសង្វេគខ្លាំងពេក។
ភាពយន្តគំនូរជីវចលដែលរៀបរាប់ពីទុក្ខវេទនារបស់ពលរដ្ឋជប៉ុនដោយសារតែការវាយប្រហាររបស់កងទ័ពអាមេរិកនេះ មានចំណងជើងថា «ជ្រុងមួយនៃពិភពលោក (In This Corner of the World)»។ ខ្សែភាពយន្តត្រូវបានយកមកចាក់បញ្ចាំងជាពិសេសនៅថ្ងៃ បើកមហោស្រពភាពយន្តនៅសាលសន្និសីទចតុមុខនារាត្រីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមទស្សនាដោយផ្ទាល់ពីលោក សោម សុគន្ធ រដ្ឋមន្រ្តីស្តីទីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក រីណូអ៊ុជី ហ៊ីដេហ៊ីសា លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ច្សច អេដហ្គា ព្រមទាំងមន្រ្តីមកពីតាមស្ថានទូតនានាប្រចាំនៅកម្ពុជា ផលិតករ អ្នកសំដែង ព្រមតាំងយុវជន យុវតីខ្មែរជាច្រើនរូបទៀត។
តែគេមិនបានឃើញវត្តមានឯកអគ្គរដ្ឋទូតអាមេរិក ឬមន្រ្តីស្ថានទូតអាមេរិកចូលរួមទស្សនាខ្សែភាពយន្ត ដែលនិយាយពីទុក្ខវេទនារបស់ពលរដ្ឋជប៉ុន ដោយសារគ្រាប់បែកអាមេរិកនេះឡើយ។
ខ្សែភាពយន្តគំនូរជីវចល «In This Corner of the World» បានពិព័ណ៌នាពីជីវិតនារីជនជាតិជប៉ុនម្នាក់ ដែលបានផ្លាស់ប្តូរទីលំនៅពីស្រុកកំណើតរបស់ខ្លួនមកនៅខាងក្រុមគ្រួសាររបស់ស្វាមីក្នុងតំបន់គឺរ៉េ ខេត្តហ៊ីរ៉ូស៊ីម៉ា ជាមូលដ្ឋានកងទ័ពជើងទឹកដ៏សំខាន់មួយរបស់ជប៉ុន។
នារីជនជាតិជប៉ុន រូបនេះបានពុះពារឧបសគ្គសព្វបែបយ៉ាង ដើម្បីបានរស់នៅចុះសម្រុងជាមួយក្រុមគ្រួសារខាងស្វាមី។ ពេលដែលរូបនាងចាប់ផ្តើមរស់នៅចុះសម្រុងជាមួយគ្រួសារខាងស្វាមី បង្កើតបានសុភមង្គលក្នុងគ្រួសារហើយនោះ ក៏ជាពេលដែលភ្លើងសង្រ្គាមនៅតំបន់គឺរ៉េ បានចូលមកដល់ផងដែរ។
តាមរយៈខ្សែភាពយន្តនេះ កងទ័ពជើងអាកាសបានវាយប្រហារចូលមូលដ្ឋានកងទ័ពជើងទឹករបស់ជប៉ុន ដោយបានទម្លាក់គ្រាប់បែកជាច្រើនគ្រាប់ ហើយគ្រាប់បែកទាំងនោះ ក៏បានធ្លាក់ចូលក្នុងភូមិឋានដែលនៅក្បែរៗនោះផងដែរ។ ថ្ងៃមួយពេលនារីតួអង្គជប៉ុន ដែលដាក់ឈ្មោះថា «ស៊ឹហ្សឹ» កំពុងដឹកដៃក្មួយស្រី (កូនរបស់បងស្រីថ្លៃ) តាមដងវិថីនោះ ទម្ងន់គ្រាប់បែករបស់អាមេរិក បានធ្លាក់ត្រូវបណ្តាលឲ្យក្មួយស្រីរបស់នាងស្លាប់បាត់បង់ជីវិត ហើយស៊ឹហ្សឹ ដែលជាអ្នកចូលចិត្តគូររូប និងគូរបានយ៉ាងស្អាតថែមទៀតនោះ បានដាច់ស្តាំផងដែរ។
ភាពសោកសៅដោយសារទម្ងន់គ្រាប់បែកនេះ បានកើតមានក្នុងគ្រួសារស្វាមីរបស់ស៉ឹហ្សឹ ហើយស៉ឹហ្សឹ ក៏បានអស់សង្ឃឹមក្នុងជីវិតជា ខ្លាំង។ ជាពិសេសរូបនាងលែងបានគូររូបភាពដែលជាចំណងចំណូលចិត្តរបស់នាងជារៀងរហូតផងដែរ។
ក្នុងខ្សែភាពយន្តក្រៅពីបង្ហាញការស្លាប់ និងពិការទៅ ក៏បានបង្ហាញផងដែរពីការបំផ្លេចបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដោយសារទម្ងន់គ្រាប់បែកអាមេរិក ហើយប្រជាពលរដ្ឋជាច្រើនគ្រួសារបានជួបគ្រោះទុរភិក្សអត់ឃ្លាន។
នៅថ្ងៃទី៦ និងទី៩ ខែសីហា ឆ្នាំ១៩៤៥ សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកប៉ារម៉ាណូចំនួនពីរគ្រាប់នៅខេត្តហ៊ីរ៉ូស៊ីម៉ា និងខេត្តណាកាសាគី បណ្តាលឲ្យប្រជាពលរដ្ឋជប៉ុន ដែលភាគច្រើនជាជនស៊ីវិល ១២៩,០០០នាក់ បានស្លាប់បាត់បង់ជីវិត។ រណ្តៅគ្រាប់ ដែលជាស្លាកស្នាមដ៏ឈឺចាប់នេះមិនត្រូវបានជប៉ុនលុបចោលនោះឡើយ ហើយបន្សល់ទុកឲ្យកូនចៅរបស់គេបានឃើញ និងសិក្សា រហូតដល់ពេលបច្ចុប្បន្ននេះ។
ជាការកត់សម្គាល់ការដាក់បញ្ចាំងខ្សែភាពយន្តរបស់ជប៉ុន ដែលនិយាយពីទុក្ខវេទនារបស់ពលរដ្ឋជប៉ុនដោយសារតែទម្ងន់គ្រាប់បែកអាមេរិកនេះ គឺបានធ្វើឡើងចំពេលកម្ពុជារំលឹកយ៉ាងញឹកញាប់ផងដែរពីទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរដោយសារទម្ងន់គ្រាប់បែកអាមេរិកដែលបានទម្លាក់នៅចន្លោះចន្លោះទសវត្សរ៍ឆ្នាំ៦០-៧០ ទម្ងន់ ២លាន ៧សែនតោន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្ទើរតែគ្រប់វេទិកាសាធារណៈតែងបានរំលឹកពីប្រវត្តិឈឺចាប់ និងទុក្ខវេទនារបស់ប្រជាពលរដ្ឋកម្ពុជា ដោយសារតែទម្ងន់គ្រាប់បែកអាមេរិកនេះ។ ប្រមុខរាជរដ្ឋាភិបាល តែងបានទាមទារឲ្យសហរដ្ឋអាមេរិកទទួលខុសត្រូវលើទង្វើរបស់ខ្លួនពីអតីតកាលផងដែរ។