(ភ្នំពេញ)៖ ថ្ងៃទី៩ វិច្ឆិកា ឆ្នំា២០១៧នេះ ជាទិវាខួបឯករាជ្យលើកទី៦៤ នៃការរំឭកដល់បុព្វការីខ្មែរគឺព្រះករុណា ព្រះបាទ នរោត្ដមសីហនុ ព្រះបរមរតនកោដ្ឋ ដែលបានតស៊ូរំដោះ ប្រទេសកម្ពុជា ឲ្យរួចផុតពីនឹមអាណានិគមបារំាងដែលមានរយៈពេលប្រមាណ៩០ឆ្នំា។ ទន្ទឹមនិងនេះ បើនិយាយអំពីការទាមទារឯករាជ្យនេះផងដែរ ហាក់ពុំសូវមានអ្នកនយោបាយ អ្នកស្រាវជ្រាវ ឬអ្នកប្រវត្ដិសាស្រ្ដណាលើកយកមកបង្ហាញថា តើសម្ដេចឪព្រះបរមរតនកោដ្ឋ ក្នុងការធ្វើពលិកម្មទាមទារឯករាជ្យពីបារំាងប្រើទស្សនវិជ្ជាអ្វី?
ឆ្លើយតបនិងបញ្ហានេះ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយពីទស្សនវិជ្ជានយោបាយ សម្ដេចឪព្រះបរមរតនកោដ្ឋ ក្នុងការធ្វើពលិកម្មទាមទារ ឯករាជ្យពីបារំាងគឺព្រះអង្គបានប្រើទស្សនវិជ្ជាហៅថា «ផែនការសីហនុ»។ ក្នុងនោះបើយើងនិយាយអំពីផែនការសីហនុនេះផងដែរ គឺព្រះអង្គបានពិភក្សា និងរៀបចំបង្កើតនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៥៣ នៅខេត្ដបាត់ដំបង ហើយទ្រង់ប្រកាសជាផ្លូវការនៅថ្ងៃទី២៨ ខែមិថុនា ឆ្នំា១៩៥៣ នៅខេត្ដសៀមរាប។
ចំពោះទស្សនវិជ្ជា «ផែនការសីហនុ» គឺមានន័យថា ទ្រង់ព្រមធ្វើពលិកម្មគ្រប់បែបដោយចិត្ដរីករាយជាទីបំផុត និងសូមឲ្យជនរួមជាតិខ្មែរ ចូលរួមជាមួយព្រះអង្គ ដើម្បីទាមទារឯករាជ្យ យុត្ដិធម៌ នឹងកិត្ដិយសនៃប្រទេសកម្ពុជា។
ត្រង់ចំណុចនេះលោក រត្ន័ សណ្ដាប់ ក៏បានបញ្ជាក់ផងដែរថា ចំពោះការដែលព្រះអង្គ បានដាក់ចេញនូវទ្រឹស្ដីផែនការសីហនុនេះទ្បើងគឺផ្ដើមចេញពីទ្រង់ បានធ្វើព្រះរាជសង្រ្គាមការ ទូតពីរលើកធំៗត្រូវបរាជ័យ ជាអាទិ៍៖ ទីមួយ៖ ព្រះអង្គ បានយាងទៅទាមទារឯករាជ្យ នៅប្រទេសបារំាងផ្ទាល់ បន្ទាប់មកព្រះអង្គបានយាងទៅប្រទេសកាណាដា, សហរដ្ឋអាមេរិក, និងជប៉ុន ដើម្បីស្រែកអំពាវនាវឲ្យពិភពលោកបានដឹងថា ប្រទេសកម្ពុជាមិនទាន់បានឯករាជ្យដោយបរិបូណ៍ទេ។ និងលើកទី២៖ សម្ដេចឪ ទ្រង់ស្ដេចយាងទៅកាន់ទីក្រុងបាងកក។
ជាក់ស្ដែង នៅពេលព្រះអង្គ យាងទៅសហរដ្ឋអាមេរិក ក្នុងទីក្រុងញូវយ៉ក សារព័ត៌មាន អូរ៉ូរ នៅទីក្រុងប៉ារីស បានអធិប្បាយវាយប្រហារមកលើព្រះអង្គថា សេចក្ដីបំណងរបស់ ព្រះអង្គគួរឲ្យចង់សើចពន់ពេក ព្រោះថា «ប្រទេសកម្ពុជា មានទាហានតែ៣០០០នាក់ ហើយមានព្រះភិក្ខុសង្ឃមានចំនួនដប់ដងលើសចំនួនទាហាន ទៅទៀត»។ ដោយសារតែហេតុផលនេះហើយ ទើបទ្រង់សម្រេចព្រះទ័យបង្កើត «ផែនការសីហនុ» នេះទ្បើង។
លោក រត្ន័ សណ្ដាប់ ក៏បានបន្ដទៀតថា ចំពោះផែនការសីហនុ គឺជាផែនការសម្រាប់អប់រំប្រជាជនទំាងប្រុសស្រ្ដីឲ្យចេះដឹងខាងក្បួនយោធា ដើម្បីនឹងរចនាខ្លួនឲ្យទៅជាទាហានបម្រុង ទុកជាស្រេច ប្រសិនបើមានពេលអាសន្នមកដល់ ពិសេសធ្វើឲ្យទឹកចិត្ដកុលបុត្រខ្មែរក្លៀវក្លាមូលជីវិតចំពោះជាតិ។ ដោយហេតុនេះ បានជាផែនការនេះគ្រាន់តែព្រះអង្គ ប្រកាសបង្កើតក្នុងរយៈពេលប្រមាណពីរខែតែប៉ុណ្ណោះ គឺពីខែមិថុនា ដល់ខែសីហា ឆ្នាំ១៩៥៣ មានបងប្អូនខ្មែរទំាងក្មេងចាស់ ប្រុសស្រី បានចូលរួមដង្ហែរព្រះអង្គ មានចំនួនរាប់ម៉ឺនសែននាក់ ក្នុងទូទំាងប្រទេស។
ភស្ដុតាងនេះ យើងឃើញ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៥៣ សម្ដេចឪបានរៀបចំក្បួនព្យូហយាត្រានៃកងទ័ព និងជីវពលនៅខេត្ដបាត់ដំបង មានចំនួន ៣០,០០០នាក់ យ៉ាងមហោឡារិកជាទីបំផុត ដើម្បីបង្ហាញពីសេចក្ដីស្នេហាជាតិ មាតុភូមិ ព្រមទំាងចិត្ដស្មោះស័្មគ្រ និងព្រះមហាក្សត្រ ដោយមានសាក្សីជាអ្នកសារព័ត៌មាន២៦ មកពីបណ្ដាប្រទេស ផ្សេងៗ មានជាអាទិ៍៖ អាមេរិក,បារំាង, ថៃ, វៀតណាមជាដើម ។ ក្នុងព្រឹត្ដិការណ៍នេះ ក៏បានញំាងឲ្យអ្នកសារព័ត៌មាន មានការស្ញប់ស្ញែងផងដែរ ដូចជាសារព័ត៌មានវៀតណាមទៀង ដូយ៉ បានពោលថា «កិច្ចការដែលអ្នកធ្វើនេះ គឺសម្បើមអស្ចារ្យណាស់ ហើយខ្ញុំសូមសួរខ្លួនឯងថា ហេតុម្ដេចក៏អ្នកបានប្រមូលមនុស្សច្រើនជាអនេកប្បការ អាចចេះកាន់អាវុធបានយ៉ាងដូច្នេះ»។
ជាសរុបលោក បានបញ្ជាក់ថា «ផែនការសីហនុ» គឺជាទស្សនវិជ្ជានយាបាយដ៏ប្រពៃថ្លៃថ្លាបំផុត ដែលធ្វើឲ្យបារំាងសុខចិត្ដព្រមប្រគល់ ឯករាជ្យឲ្យកម្ពុជាយ៉ាងពេញបរិបូណ៍ ដោយឥតបង្ហូរឈាមរវាងបារំាងនិងខ្មែរអ្វីទ្បើយ។ បច្ចុប្បន្ន មរតកឯករាជ្យនេះ គឺបានបន្ដមកសម្ដេចតេជោ ហ៊ុន សែន ក្នុងទស្សនវិជ្ជានយោបាយ «ឈ្នះ-ឈ្នះ» ដើម្បីបញ្ចប់ជម្លោះរវាងខ្មែរនិងខ្មែរ ដែលធ្វើឲ្យប្រទេសមាន«សន្ដិភាព»យ៉ាងពេញបរិបូណ៍ដោយឥតបង្ហូរឈាមយ៉ាងដូច្នោះដែរ៕