(ត្បូងឃ្មុំ)៖ ដោយមិនបង្អង់យូរឡើង សមាជិកប្រឹក្សាស្រុកមេមត់ ខេត្តត្បូងឃ្មុំម្នាក់ទៀតហើយ បានបន្ដចាកចេញពីគណបក្សសង្គ្រោះជាតិ មកសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយបានហៅ លោក កឹម សុខា ជាជនក្បត់ជាតិឱនក្បាលបម្រើបរទេស បំបែកបំបាក់ជាតិឯង។

សមាជិកក្រុមប្រឹក្សាស្រុកមេមត់ ដែលបន្ដប្រកាសចូលជាមួយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គឺលោក ស៊ីន គឹមស៊ាន អាយុ៥១ឆ្នាំ រស់នៅភូមិសំរោងជើង ឃុំដារ ជាសមាជិកប្រតិបត្តិក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ស្រុកមេមត់ផងដែរ។

លិខិតសុំប្រកាសចូលរបស់លោក ស៊ីន គឹមស៊ាន បានបញ្ជាក់យ៉ាងដូច្នេះថា «កន្លងមកខ្ញុំបាទមានជំនឿលើការអូសទាញរបស់គណបក្សសង្គ្រោះជាតិ ដែលអះអាងថា ជាគណបក្សប្រជាធិបតេយ្យ និងស្នេហាជាតិ។ ក្រោយពីបានមើលឃ្លឹបវីដេអូ របស់លោក កឹម សុខា និយាយថា គ្រប់ផែនការ និងសកម្មភាពរបស់ខ្លួន គឺសុទ្ធតែធ្វើតាមការបង្គាប់បញ្ជារបស់បរទេស រួមផ្សំនិងការមើលឃើញជាក់ស្ដែងពីសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ ដែលតែងតែញុះញង់ បំបែកបំបាក់ និងបំផ្លាញសង្គមខ្មែរដើម្បីអំណាច និងផលប្រយោជន៍របស់ខ្លួនផងនោះ»

សូមជម្រាបថា ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖​