(ភ្នំពេញ)៖ ឆ្លើយតបចំពោះការរិះគន់របស់ លោក ថេដ គ្រូស សមាជិកព្រឹទ្ធសភានៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិកនោះ លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតកម្ពុជា ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានបញ្ជាក់អះអាងប្រាប់សមាជិកព្រឹទ្ធសភាអាមេរិករូបនេះថា ការចាប់ខ្លួនលោក កឹម សុខា នៅកម្ពុជា គឺដោយសារតែប្រធានបក្សប្រឆាំងនេះ បានប្រព្រឹត្ត បទល្មើសក្បត់ជាតិធ្ងន់ធ្ងរ ហើយករណីនេះ មិនខុសពីសហរដ្ឋអាមេរិក ធ្វើការចាប់ខ្លួន លោក ផូល ម៉ាណាហ្វត អតីតប្រធានយុទ្ធនាការបោះឆ្នោតរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលថ្មីៗនេះត្រូវជាប់ចោទពីបទឃុបឃិតបរទេសប្រឆាំងនឹងសហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍របស់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានធ្វើឡើងបន្ទាប់ពី
លោក ថេដ គ្រូស សមាជិកព្រឹទ្ធសភានៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក នាថ្មីៗនេះ បានរិះគន់ចំពោះការចាប់ លោក កឹម សុខា ប្រធានគណបក្សប្រឆាំង ហើយអតីតប្រធានាធិបតីអាមេរិករូបនេះ ក៏បានរិះគន់រដ្ឋាភិបាលកម្ពុជាចំពោះ ការបិទអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនផងដែរ។
លោក ជុំ ប៊ុនរ៉ុង បានឆ្លើយតបចំពោះ លោក ថេដ គ្រូស យ៉ាងដូច្នេះថា៖ «ការចាប់ខ្លួនលោក កឹម សុខា ពីបទក្បត់ជាតិ បានធ្វើឡើងស្របទៅតាមច្បាប់ព្រហ្មទណ្ឌរបស់កម្ពុជា ជំពូក២ (ការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ) ក្នុងផ្នែក ១ (អំពើក្បត់ជាតិ និងចារកម្ម) មាត្រា ៤៤៣ (បទសន្និដ្ឋិភាពជាមួយបរទេស)។ ដូចការរំពឹងទុក ការចាប់ខ្លួនលោក កឹម សុខា នឹងបង្កើតជាសំណួរនយោបាយ ព្រោះគាត់គឺជាប្រធានគណបក្សប្រឆាំងនៅកម្ពុជា។ នេះអាចជាមូលហេតុដែលធ្វើឱ្យលោក កឹម សុខា បង្ហាញពីអំនួតរបស់គាត់ជាសាធារណៈ ដូចដែលបានឃើញនៅក្នុងឃ្លីបវីដេអូ នៅឆ្នាំ២០១៣ ដែលបានបង្ហាញអោយឃើញពីការជួយជ្រោមជ្រែងពីមហាអំណាចបរទេស ដើម្បីផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដោយយកគំរូតាមប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។ ដោយមិនបាច់រំលឹកពីសោកនាដកម្ម របស់ប្រទេសទាំងពីរនេះ ខ្ញុំសូមស្នើឯកឧត្តមពិចារណាថា តើទង្វើររបស់លោក កឹម សុខា អាចត្រូវបានអត់ឱនដែរឬទេក្រោមច្បាប់របស់សហរដ្ឋអាមេរិក? អ្វីដែលលោក កឹម សុខា បាន និងកំពុងប្រព្រឹត្តពុំមែនជាការប្រកួតប្រជែងតាមលទ្ធិប្រជាធិបតេយ្យដោយយុត្តិធម៌នោះទេ»។
លោកបញ្ជាក់ធ្ងន់ៗថា៖ «ការចាប់ខ្លួនលោក កឹម សុខា ត្រូវបានធ្វើឡើងស្របតាមច្បាប់របស់កម្ពុជាទាំងស្រុង។ វិធានការនេះ ដូចគ្នានឹងករណី លោក ផូល ម៉ាណាហ្វត អតីតប្រធានយុទ្ធនាការបោះឆ្នោតរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលថ្មីៗនេះត្រូវជាប់ចោទពីបទឃុបឃិតជាមួយបរទេស ប្រឆាំងនឹងសហរដ្ឋអាមេរិក។ វាមិនយុត្តិធម៌ សម្រាប់រាជរដ្ឋាភិបាលកម្ពុជានោះទេ ដែលត្រូវបានគេរិះគន់ និងគំរាមដាក់ទណ្ឌកម្ម ដោយកម្ពុជា គ្រាន់តែអនុវត្តច្បាប់សំដៅការពារសន្តិសុខ សន្តិភាព ឯករាជ្យ និងបូរណភាពទឹកដីរបស់ខ្លួន ដូចប្រទេសផ្សេងទៀតដែរនោះ»។
លោក ជុំ ប៊ុនរ៉ុង បានបន្តទៀតថា ការចាប់ខ្លួនលោក កឹម សុខា និងការឈានទៅរកការរំលាយគណបក្សសង្រ្គោះជាតិ នៅពេលខាងមុខពុំមានន័យថា ពហុបក្ស និង លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នឹងត្រូវបញ្ចប់នោះទេ។
ដោយឡែកចំពោះការបិទប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលនោះ ឯកអគ្គរាជទូតកម្ពុជា ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានបញ្ជាក់ថា ព័ត៌មានដែល លោក ថេដ គ្រូស បានទទួលថា រាជរដ្ឋាភិបាលបានបិទស្ថានីយ៍វិទ្យុរាប់រយនោះ គឺពុំមែនជាការពិតទេ។ ស្ថានីយវិទ្យុប្រមាណចំនួន ២០ ត្រូវបានបិទ ដោយអនុលោមតាមច្បាប់ស្តីពីប្រព័ន្ធផ្សព្វផ្សាយ ព្រោះស្ថានីយ៍ទាំងនោះ បានជួលម៉ោងផ្សាយរបស់ពួកគេ ដោយមិនបានរាយការណ៍ជូន ក្រសួងព័ត៌មាន ដូចមានចែងក្នុងអនុស្សរណៈ។ ការបិទកាសែតឌឹខេមបូឌាដេលី គឺជាការអនុវត្តច្បាប់ពន្ធដារសុទ្ធសាធ។ ដូចសារព័ត៌មានផ្សេងទៀតដែរ កាសែតឌឹខេមបូឌាដេលី ត្រូវតែបំពេញកាតព្វកិច្ចបង់ពន្ធដាររបស់ខ្លួន ប៉ុន្តែកាសែតនេះបានសម្រេចដោយខ្លួនឯងបញ្ឈប់ប្រតិបត្តិការ នៅពេល ដែលប្រឈមនឹង បំណុលពន្ធដារក្នុងរយៈពេលប្រហែលមួយទសវត្សរ៍កន្លងមក។ កាសែតឌឹខេមបូឌាដេលីគ្រាន់តែជាកាសែតមួយ ក្នុងចំណោម ស្ថាប័នកាសែតបោះពុម្ពផ្សាយចំនួន ៨០០ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។ លើសពីនេះទៀត ប្រទេសកម្ពុជា មានកាសែត តាមប្រព័ន្ធអេឡិចត្រូនិចចំនួន៧០ ស្ថានីយ៍ទូរទស្សន៍ចំនួន២២ ស្ថានីយ៍វិទ្យុចំនួន៣៣០ រួមទាំងស្ថានីយ៍បរទេស ដែលអាចចូលប្រើប្រាស់ បានដោយគ្មានការត្រួតពិនិត្យខ្លឹមសារជាមុនទៀតផង។
លោក ជុំ ប៊ុនរ៉ុង បានបញ្ជាក់ថា យោងតាមរបាយការណ៍របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporter Without Borders) ស្តីពីសន្ទស្សន៍សេរីភាព សារព័ត៌មានពិភពលោកក្នុងឆ្នាំ២០១៦ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំណោមប្រទេសអាស៊ានទាំង១០។ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងប្រឹងប្រែងបន្ថែមទៀត ដើម្បីបង្កើនលទ្ធភាពអោយប្រជាជនអាចប្រើប្រាស់អ៊ីនធឺណេតនៅទូទាំងប្រទេស និងឱ្យលើសពីចំនួន អ្នកប្រើប្រាស់បច្ចុប្បន្នដែលមានចំនួន ៥០% នៃប្រជាជនសរុប។ កិច្ចខិតខំប្រឹងប្រែងធ្វើអោយប្រព័ន្ធទំនាក់ទំនង សម្រាប់ការចែករំលែកព័ត៌មាន និងមតិយោបល់គឺជាភស្តុតាងដ៏ល្អបំផុតបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការពង្រីក និងការមិនដាក់កម្រិតលើសេរីភាពនៃការបញ្ចេញមតិ។
លោកបន្តទៀតថា ប្រទេសកម្ពុជាផ្តល់តម្លៃលើទំនាក់ទំនងដ៏ល្អជាមួយសហរដ្ឋអាមេរិក និងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះស្ថិរភាព សន្តិភាព និងការអភិវឌ្ឍនៅប្រទេសកម្ពុជា។ វាមិនមែនជារឿងល្អសម្រាប់កម្ពុជានិងអនាគតរបស់កម្ពុជានោះទេ ប្រសិនបើកម្ពុជាត្រូវបានបង្ខំឱ្យរើសយកជម្រើសដែលផ្ទុយនឹងប្រយោជន៍យុទ្ធសាស្រ្តជាតិរបស់យើង។
កម្ពុជាបានឆ្លងកាត់បទពិសោធន៍ដ៏ជូរចត់ពីអតីតកាលរបស់ខ្លួនរួចហើយ កាលពីទសវត្សរ៍ឆ្នាំ៧០និង៨០ ហើយក៏បានឃើញយ៉ាងច្បាស់នាពេលថ្មីៗនេះ ពីស្ថានភាពខ្លោចផ្សាររបស់ប្រជាជាតិមួយចំនួន ដែលពេលថ្មីៗនេះ ធ្លាក់ខ្លួនក្នុងគ្រោះមហន្តរាយ ដោយមជ្ឈដ្ធានដែលបង្ករអោយមានការផ្លាស់ប្តូរ ។
លោក ជុំ ប៊ុនរ៉ុង ព្រមានចំពោះ លោកគ្រូសថា «រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការ ហើយនឹងរក្សាជំហរដ៏រឹងមាំក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីធានាមិនអោយសោកនាដកម្មពីអតីតកាលកើតឡើងសាជាថ្មីម្តងទៀតក្នុងប្រទេសកម្ពុជា ដើម្បីធានាថាសន្តិភាពនិងស្ថិរភាព នៅតែបន្តមានសម្រាប់ ការអភិវឌ្ឍជាបន្តបន្ទាប់នៅកម្ពុជា ដើម្បីធានាថាដំណើរការប្រជាធិបតេយ្យនៅកម្ពុជា នឹងនៅបន្តឆ្ពោះទៅមុខ ដោយសន្តិភាព និងដោយអនុលោមតាមនីតិរដ្ឋ និងដើម្បីធានាថា លទ្ធិប្រជាធិបតេយ្យពហុបក្សនិងរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញបន្តរីកលូតលាស់ និងបោះជំហានក្នុងលក្ខណៈ ដែលស្របតាមបរិបទរបស់ប្រទេសកម្ពុជា៕