(បាត់ដំបង)៖ គណ:ពង្រឹងឃុំភ្នំសំពៅស្រុកបាណន់ បានអះអាងប្រាប់សមាជិកបក្សមូលដ្ឋានឃុំទាំងអស់ថា នៅប្រទេសនានាក្នុងពិភពលោកកន្លងមក បើកើតចលនាបដិវត្តពណ៌ហើយកម្រនិងមិនអាចបង្រ្កាបបានណាស់ តែសម្រាប់នៅកម្ពុជាវិញមេក្លោង ធ្វើបដិវត្តពណ៌ចង់រំលំរាជរដ្ឋាបាលស្របច្បាប់ត្រូវបរាជ័យទាំងស្រុង។
គណ:ពង្រឹងមូលដ្ឋានបានលើកឡើងនេះ នាព្រឹកថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៧ ក្នុងឱកាសប្រជុំបូកសរុបលទ្ធផល ការចុះធ្វើបច្ចុប្បន្នភាពសមាជិកបក្ស និងការចុះឈ្មោះបោះឆ្នោតរបស់សមាជិកបក្សក្នុងឃុំភ្នំសំពៅ នៅទីស្នាក់ការបក្សឃុំឃុំភ្នំសំពៅ ដោមានការចូលរួមពីសមាជិកបក្សទាំងអស់ជិត២០០នាក់។
លោក ហែម ថេង ប្រធានក្រុមការងារ CPP ចុះជួយឃុំភ្នំសំពៅបានអះអាងថា នៅប្រទេសនានាក្នុងពិភពលោកកន្លងមក បើកើតមានចលនាបដិវត្តពណ៌ នៅប្រទេសណាហើយ គឺកម្រនិងពិបាកមិនអាចបង្រ្កាបបានទេតែសម្រាប់នៅកម្ពុជាវិញ មេក្លោងចង់ធ្វើបដិវត្តពណ៌រំលំរាជរដ្ឋាភិបាល ស្របច្បាប់បច្ចុប្បន្នត្រូវបរាជ័យទាំងស្រុង ដោយសារតែថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជាយើង មានការឈ្លាសវៃបានទប់ស្កាត់ទាន់ពេលវេលា ឈានដល់ការចាប់ខ្លួនជាបន្ទាន់បុគ្គល កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិជាប្រឆាំងនៅកម្ពុជា ដែលបានលួចធ្វើនិងបង្កើតគម្រោងចលនាបដិវត្តពណ៌ដោយមានបរទេសជាគ្រូបង្ហាត់ បង្រៀន លូកដៃពីក្រោយ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ន និងបានក្បត់ជាតិខ្លួនឯង។
លោកប្រធានក្រុមការងារបានបញ្ជាក់ថា យើងទាំងអស់គ្នាត្រូវស្វែងយល់ពីប្រវត្តិសាស្រ្តខ្មែរ ដែលបានជួបប្រទះនូវភ្លើងសង្រ្គាមជាបន្តបន្ទាប់កន្លងមក ធ្វើឲ្យប្រទេសជាតិរលាយហិនហោច នូវហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង ព្រមទាំងបានកាប់សម្លាប់មនុស្សខ្មែរសម្លាប់ខ្មែរ អស់រាប់លាននាក់ក្នុងរបបខ្មែរក្រហម កុំតែបានគណបក្សប្រជាជនកម្ពុជាផ្តើមចេញពីរណសិរ្យ២ធ្នូ១៩៧៨ បានតស៊ូឈានទៅរំដោះជាតិ បានទាំងស្រុងនៅថ្ងៃ៧មករាឆ្នាំ១៩៧៩ ខិតខំកសាងនិងការពារតាំងពីបាតដៃទទេ រហូតដល់ចុងក្រោយបានបង្រួបបង្រួមជាតិ ក្នុងគោលនយោបាយឈ្នះៗ អភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនយ៉ាងឆាប់រហ័ស ចុះហេតុអីបានជាមេបក្សប្រឆាំងបានរួមគំនិតជាមួយបរទេសក្បត់ជាតិនិងប្រជាពលរដ្ឋខ្លួនឯងទៅវិញ ដោយសារតែចង់បានអំណាចផ្ទាល់ខ្លួន មិនគិតប្រយោជន៍ជាធំ ចង់ឲ្យប្រទេសជាតិវិលទៅរកសោកនាកម្ម ដូចតាមរយៈធ្វើបដិវត្តិពណ៌ដូចនៅប្រទេសមួយចំនួន នៅមជឈឹមបូពា៌ជាដើម។
លោក ហែម ថេង បានបន្តថា ដើម្បីចូលរួមទប់ស្កាត់នូវអំពើខុសច្បាប់របស់ក្រុមមនុស្សមួយចំនួន អង្គការខ្លះ ពិសេសសកម្មជនបក្សប្រឆាំង មានបំណងចង់ធ្វើបាតុកម្ម ឬ ធ្វើអ្វីផ្សេងៗពាក់ព័ន្ធទៅនឹងបង្កអសន្តិសុខជាតិ យើងត្រូវបង្រ្កាបជាបន្ទាន់មុននិងក្រោយតុលាការកំពូល ប្រកាសសាលក្រមរំលាយបក្សប្រឆាំង ដោយបានបិទផ្លូវតវ៉ាថែមទៀត ។ លោកប្រធានក៏បានអំពាវនាវដល់សកម្មជន គាំទ្របក្សប្រឆាំងណាដែលចង់មករួមរស់ជាមួយបក្ស CPP យើងទទួលស្វាគមន៍ជានិច្ចធ្វើម៉េចឲ្យបានមុនថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយរក្សាតំណែងបឆនចូលរូមបម្រើរាស្រ្តទាំងអស់គ្នា បើហួសពីថ្ងៃនឹងទៅយើងឈប់ទទួលហើយ ។
ក្នុងឱកាសនេះដែរ លោកប្រធានក្រុមការងារក៏បានបញ្ជាក់ទៀតថា សកម្មជនបក្សយើងបានចុះធ្វើបច្ចុប្បន្នភាព តាមខ្នងផ្ទះសមាជិកបក្ស សម្រេចបាន៩៨ភាគរយហើយ និងត្រូវបិទបញ្ជីឆាប់ៗនេះផងដែរ។
បន្ទាប់ពីសំណេះសំណាល ក្នុងកិច្ចប្រជុំបូកសរុបចប់គណអធិបតីបានឧត្ថមដល់ អ្នកចូលរួមទាំងអស់ម្នាក់ៗទទួលបាន២ម៉ឺនរៀលផងដែរ៕