(ស្វាយរៀង)៖ ក្រោយបានស្គាល់កាន់តែច្បាស់ពីអំពើក្បត់ជាតិរបស់ លោក កឹម សុខា សមាជិកក្រុមប្រឹក្សាស្រុកម្នាក់ និងសមាជិកក្រុមប្រឹក្សាឃុំ២នាក់ របស់គណបក្សសង្គ្រោះជាតិ បានបន្ដប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន​។

តាមលិខិតដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំមូលដ្ឋានទាំង៣នោះរួមមាន ​ទី១៖ លោក ប៉ែន ភី ភេទប្រុស សមាជិកក្រុមប្រឹក្សាស្រុករមាសហែក, ទី២៖ លោក ដុំ ស៊ីវន្ថា សមាជិកក្រុមប្រឹក្សាឃុំអង្គប្រស្រែ ស្រុករមាសហែក និងទី៣៖ លោក ​សូ សាប សមាជិកក្រុមប្រឹក្សាឃុំគោគព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

បន្ទាប់ពីបានប្រកាសចូលជាមួយគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំមូលដ្ឋានទាំង៣នាក់ បានប្រកាសព្រមគ្នាថា «ខ្ញុំបានយល់ឃើញយ៉ាងច្បាស់ហើយថា គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោក កឹម សុខា កន្លងមកនេះ គឺក្បត់ប្រជាជនខ្លួនឯង នឹងបានឃុបឃិតជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋអំណាចស្របច្បាប់ដែលកើតឡើង ដោយសារការបោះឆ្នោតនេះ ជាអំពើក្បត់ជាតិ»។​

សូមជម្រាបថា ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖