(ព្រៃវែង)៖ ជំទប់ទី២ មកពីគណបក្សសង្គ្រោះជាតិ នៅឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ម្នាក់ទៀតហើយដែលបានប្រកាសចូលជាមួយ គណបក្សប្រជាជនកម្ពុជា ហើយបានហៅលោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ ជាក្រុមក្បត់ជាតិឱនក្បាលបម្រើបរទេស។

​​ជំទប់ទី២ ដែលបន្ដប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា នៅរសៀលនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គឺលោក​ មាស ពាន អាយុ៦៣ឆ្នាំ រស់នៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

តាមលិខិតដែលអង្គភាព Fresh News ទទួលបានលោក មាស ពាន បានបញ្ជាក់យ៉ាងដូច្នេះថា «ពីមុនខ្ញុំបាទនឹកស្មានថា ការតស៊ូដំណ្ដើមអំណាចតាមរយៈការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ ប៉ុន្ដែក្រោយមកនេះ ខ្ញុំបាទបានឃើញសកម្មភាពជាក់ស្ដែង ញុះញង់ បំបែកបំបាក់ខ្មែរជាពីរ។ ដោយលោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ សុខចិត្តឱនក្បាលបម្រើបរទេសដើម្បីអំណាច មិនគិតមហន្ដរាយរបស់ជាតិមាតុភូមិ នេះហើយគឺអំពើក្បត់ជាតិ»

សូមជម្រាបថា ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖