(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលឆែក បានលុបចោលចំនួនប្រមាណ៨០% នៃបំណុលរបស់កម្ពុជាចំពោះឆែក ហើយចំនួនដែលនៅសល់ ត្រូវបានរដ្ឋាភិបាលឆែក ប្រែក្លាយជាជំនួយអភិវឌ្ឍន៍លើវិស័យផ្សេងៗ នៅកម្ពុជា។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ស្តីពីលទ្ធផល នៃជំនួបពិភាក្សាការងារ រវាងប្រមុខការទូតកម្ពុជា លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងគណៈប្រតិភូ ក្រសួងការពារប្រទេស របស់សាធារណរដ្ឋឆែក ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្នុងដំណើរជំនួបពិភាក្សាការងារ ខាងលើនេះ គណៈប្រតិភូ ក្រសួងការពារប្រទេស របស់សាធារណរដ្ឋឆែក ដឹកនាំដោយលោក Tomas Kuchta អនុរដ្ឋមន្រ្តីការពារប្រទេស ដែលអបដំណើរដោយលោក Marek Libricky ឯកអគ្គរដ្ឋទូតរបស់ឆែកប្រចាំនៅកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានសំដែងនូវអំណរគុណ ចំពោះរដ្ឋាភិបាលឆែក ដែលបានលុបចោលចំនួនប្រមាណ៨០% នៃបំណុល របស់កម្ពុជាចំពោះឆែក ហើយចំនួនដែលនៅសល់ ត្រូវបានរដ្ឋាភិបាលឆែក ប្រែក្លាយជាជំនួយអភិវឌ្ឍន៍លើវិស័យផ្សេងៗ នៅកម្ពុជា។
លោកទេសរដ្ឋមន្ដ្រី ក៏បានសម្ដែងនូវអំណរគុណ ចំពោះរដ្ឋាភិបាលឆែក ដែលបានចាត់ទុកកម្ពុជាជាប្រទេសមួយ នៅក្នុងចំណោមប្រទេសអាទិភាព សម្រាប់កិច្ចសហប្រតិបត្តិការហើយ លោកទេសរដ្ឋមន្ដ្រី និងលោកអនុរដ្ឋមន្ដ្រី បានសំដែងនូវការរីករាយពេញចិត្តចំពោះកើនឡើងយ៉ាងខ្លាំង នូវការផ្លាស់ប្ដូរពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ គឺពី២៨លានដុល្លារ ក្នុងឆ្នាំ២០១៤ ដល់១៧០លានដុល្លារ នៅក្នុងឆ្នាំ២០១៦។
លោកទេសរដ្ឋមន្ដ្រី ក៏បានអរគុណប្រទេសឆែក ដែលបានផ្ដល់អាហារូបករណ៍ជាច្រើនដល់និស្សិតរបស់កម្ពុជាកន្លងមក ហើយបានស្នើសុំឲ្យភាគីឆែកបន្ដផ្ដល់អាហារូបករណ៍ ដល់និស្សិត កម្ពុជាបន្ដទៀត។ លោកបានសំដែងនូវការរីករាយ ដែលសេចក្ដីព្រាងនៃអនុស្សរណៈ ស្ដីពីការពិគ្រោះយោបល់រវាងក្រសួងការបរទេសទាំងពីរ ត្រូវបានឯកភាពដោយភាគីទាំងពីរ ហើយនៅសល់តែការសម្របសម្រួល លើពេលវេលា និងទីកន្លែង ដើម្បីចុះហត្ថលេខាលើអនុស្សរណៈនោះតែប៉ុណ្ណោះ។
លោកទេសរដ្ឋមន្ដ្រី បានជម្រាបជូនគណៈប្រតិភូ អំពីការបង្កើតវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្ដរជាតិ ហើយក៏បានស្នើឲ្យមានកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាននេះ ជាមួយនឹងវិទ្យាស្ថានពាក់ព័ន្ធរបស់ប្រទេសឆែក។
គណៈប្រតិភូក្រសួងការពារប្រទេស របស់សាធារណរដ្ឋឆែក បានសំដែងនូវការស្វាគមន៍ ចំពោះការលើកឡើង របស់លោកទេសរដ្ឋមន្ដ្រី និងបានគូសបញ្ជាក់ថា ប្រទេសឆែករីករាយ និងពិនិត្យលទ្ធភាព នៃកិច្ចសហប្រតិបត្តិការលើផ្នែកនេះ៕