(កំពង់ស្ពឺ)៖ ការរង្គោះរង្គើរជើងក្រោមរបស់គណបក្សសង្គ្រោះជាតិ កាន់តែខ្លាំងហើយ ក្រោយវីដេអូឃ្លឹបបញ្ជាក់ថា លោក កឹម សុខា ក្បត់ជាតិឱនក្បាលបម្រើបរទេស ដែលជាក់ស្ដែង ប្រធានក្រុមយុវជនគណបក្សសង្គ្រោះជាតិ ឃុំតាសាល និងបេក្ខជនបំរុង ឃុំតាសាល ស្រុកឱវ៉ាល់ ខេត្តកំពង់ស្ពឺ ដឹកនាំសកម្មជនសរុប២០នាក់ មកប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។

ជាមួយនឹងការប្រកាសចុះដោយគ្មានការស្ដាយស្រណោះនោះ ពួកគេសុទ្ធតែបានអះអាងថា ការដែលពួកគេប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានេះ បន្ទាប់ពីបានឃើញនូវវីដេអូញុះញង់របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលឱនក្បាលបម្រើបរទេស ហើយក្បត់ជាតិឯង។

តាមលិខិតដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ពួកគេបានបញ្ជាក់យ៉ាងដូច្នេះថា «ដោយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើសកម្មភាពញុះញង់ បំបែកបំបាក់ផ្ទៃក្នុងជាតិ និងធ្វើនយោបាយបម្រើបរទេស ដែលជាទង្វើក្បត់ជាតិ និងធ្វើឲ្យខ្ញុំបាទអស់ជំនឿលើការដឹកនាំរបស់គណបក្សសង្គ្រោះជាតិតទៅទៀត»

សូមជម្រាបថា ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕(សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖