(ភ្នំពេញ)៖ ភាពយន្តល្បីៗរបស់ជប៉ុនចំនួន១២រឿង នឹងចាប់ផ្តើមចាក់បញ្ចាំងជូនប្រជាពលរដ្ឋខ្មែរ ទស្សនាដោយឥតគិតថ្លៃចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះហើយ នៅរោងភាពយន្ត Major Cineplex (AEON Mall) និងរោងភាពយន្ត Legend ទួកគោក។ តាមរយៈខ្សែភាពយន្តទាំងនេះត្រូវបានគេរំពឹងថា នឹងជួយឲ្យប្រជាពលរដ្ឋខ្មែរបានស្គាល់ជប៉ុនបានកាន់តែច្រើន ជាពិសេសធ្វើឲ្យទំនាក់ទំនងប្រជាពលរដ្ឋកម្ពុជា-ជប៉ុន មានទំនាក់ទំនងជាមួយគ្នាបានកាន់តែល្អប្រសើរថែមទៀត។
ពិធីបើកមហោស្រពភាពយន្តជប៉ុននៅកម្ពុជា ត្រូវបានប្រារព្ធធ្វើឡើងនៅរាត្រីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានការអញ្ជើញជាគណៈអធិបតីដោយលោក សោម សុគន្ធ រដ្ឋមន្រ្តីស្តីទីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក រីណូអ៊ុជី ហ៊ីដេហ៊ីសា លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមទាំងមន្រ្តីមកពីតាមស្ថានទូតនានាប្រចាំនៅកម្ពុជា ផលិតករ អ្នកសំដែង ព្រមតាំងយុវជន យុវតីខ្មែរជាច្រើនរូបថែមទៀត។
សុន្ទរកថាស្វាគមន៍មុនប្រកាសបើកមហោស្រពភាពយន្តជប៉ុន លោក សោម សុគន្ធ បានស្វាគមន៍ប្រកបដោយក្តីរីករាយបំផុត ចំពោះការរៀបចំឲ្យមានមហោស្រពភាពយន្តជប៉ុននៅកម្ពុជា។ លោក សោម សុគន្ធ បានគូសបញ្ជាក់ពីទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងប្រទេសជប៉ុនរយៈពេលប្រមាណ ៦១ឆ្នាំកន្លងមកនេះ ហើយលោកក៏រំពឹងថា តាមរយៈការចាក់បញ្ចាំងខ្សែភាបយន្តជប៉ុននៅកម្ពុជា ក៏នឹងរួមចំណែកធ្វើឲ្យទំនាក់ទំនងកម្ពុជា-ជប៉ុន ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរកាន់តែល្អប្រសើរ។
លោក សោម សុគន្ធ បានថ្លែងថា «ព្រឹត្តិការណ៍មហោស្រពភាពយន្តរបស់ជប៉ុន-កម្ពុជា បានឆ្លុះបញ្ចាំងពីសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យវប្បធម៌ និងបានបញ្ជាក់ពីការស្រលាញ់រាប់អានគ្នាទៅវិញទៅមក និងចងមិត្តភាពរវាងគ្នាជារៀងរហូត ។ ភាពយន្តគឺជាមធ្យោបាយ សម្រាប់ផ្សព្វផ្សាយ សិល្បៈវប្បធម៌ប្រកបដោយប្រសិទ្ធិភាព និងជាភ្នាក់ងារដ៏សំខាន់ក្នុងការ បណ្ដុះបណ្ដាលចិត្តគំនិមនុស្សផងដែរ ហើយក៏ជាឧស្សាហ៍កម្ម ដែលអាចរកប្រាក់ចំណូលបានច្រើន ពិសេសភាពយន្តបាន អភិរក្សវប្បធម៌ជាតិផងដែរ»។
ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក រីណូអ៊ុជី ហ៊ីដេហ៊ីសា ក៏មានការយល់ឃើញដូចនឹងលោក សោម សុគន្ធ ផងដែរ។ លោកថា តាមរយៈភាពយន្តនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា កាន់តែស្និទ្ធស្នាលជាមួយប្រទេស និងប្រជាជនជប៉ុន។
សូមបញ្ជាក់ថា ភាពយន្តដែលចាក់បញ្ចាំងជូនទស្សនា នៅថ្ងៃបើកមហោស្រពភាពយន្តជប៉ុន នាយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ មានចំណងជើងថា «ជ្រុងមួយនៃពិភពលោក (In This Corner of the World)» ដែលជាភាពយន្តគំនូរជីវចល បង្ហាញពីទុក្ខវេទនារបស់ប្រជាពលរដ្ឋជប៉ុន នៅក្នុងខេត្តហ៊ីរ៉ូស៊ីម៉ា ដែលរងទុក្ខវេទនាដោយសារភ្លើងសង្គ្រាម និងដោយសារតែគ្រាប់បែកប៉ារម៉ាណូរបស់សហរដ្ឋអាមេរិកនៅឆ្នាំ១៩៤៥។
បន្ទាប់ពីបានទស្សនារួចហើយ ធ្វើឲ្យទស្សនាមានអារម្មណ៍ក្តុកក្តួលចំពោះភាពខ្លោចផ្សារ របស់ប្រជាពលរដ្ឋជប៉ុន ដែលរងគ្រោះដោយសារទម្ងន់គ្រាប់បែករបស់សហរដ្ឋអាមេរិក។
សូមរំលឹកថា មហោស្រពភាពយន្តជប៉ុន ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥មក ក្នុងគោលបំណងជំរុញការយល់ដឹងអំពីជីវភាពរស់នៅរបស់ប្រជាជន និងវប្បធម៌ជប៉ុនដល់ប្រជាជនកម្ពុជា តាមរយៈការចាក់បញ្ចាំងភាពយន្ត។ សម្រាប់ឆ្នាំ២០១៧នេះ ភាពយន្តដែលយកមកចាក់បញ្ចាំងនេះ រួមមាន៖ ភាពយន្តគំនូរជីវចល ភាពយន្តបែបមនោសញ្ចេតនា ភាពយន្តឯកសារ ហើយក្នុងនោះមានខ្សែ ភាពយន្តខ្លះធ្លាប់ទទួលបានពានរង្វាន់ផងដែរ។ ភាពយន្តដែលនឹងត្រូវចាក់បញ្ចាំងនេះ ឆ្លុះបញ្ចាំង អំពីជីវភាពរស់នៅរបស់ប្រជាជនជប៉ុន សង្គម និងវប្បធម៌ជប៉ុន៕