(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក សាន សុផាត ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនយុវជនម្នាក់ ដែលបានរួមភេទជាមួយសង្សារ ដែលមិនទាន់គ្រប់អាយុ ក្នុងថ្ងៃបុណ្យអុំទូក ជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ម២ ដើម្បីរង់ចាំបន្តនីតិវិធីនាពេលក្រោយ។
ការសម្រេចនេះធ្វើឡើងបន្ទាប់ ពីលោក កុល បុន តំណាងអយ្យការអមសាលាដំបូងរាជធានី បានចោទប្រកាន់លើឈ្មោះ សន ឧត្ដម អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជួលលូ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ពីបទអំពើរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ ប្រព្រឹត្តកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ៣៤១ យោងតាមមាត្រា៤២ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
សមត្ថកិច្ចបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចស្ទឹងមានជ័យបានធ្វើការឃាត់ខ្លួនយុវជនម្នាក់ពីបទរួមភេទជាមួយអនីតិជន ក្រោម១៥ឆ្នាំ ការឃាត់ខ្លួនធ្វើឡើងតាមពាក្យបណ្តឹងអាណាព្យាបាលក្មេងស្រីរងគ្រោះ។
ក្មេងស្រីរងគ្រោះមានឈ្មោះ ត ន ដ វ ន អាយុ១២ឆ្នាំ ស្នាក់សង្កាត់ទួលទំពុង១ ខណ្ឌចំការមន ដោយឡែកជនសង្ស័យមានឈ្មោះ សន ឧត្ដម អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួលលូ៥សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
ជនសង្ស័យបានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅយប់ថ្ងៃទី៣ រូបគេបានចូលលេងក្នុងក្លឹបកម្សាន្ត ហើយក៏បានជួបគ្នាជាមួយយុវតី២នាក់ខាងលើរួចពួក នាងៗទាំង២នាក់ ក៏បានសុំអង្គុយលេងសាឡុងជាមួយគ្នា។
ក្រោយពីផឹកស៊ីរួចរាល់ហើយ ខាងយុវតីទាំង២នាក់ងងុយដេក ក៏រកកន្លែងដេកហើយយុវជន ខាងលើបានប្រាប់ថា ទៅដេកផ្ទះសំណាក់៣៤១ទៅ ខ្ញុំស្គាល់មេការខណៈនោះពួកនាងៗក៏យល់ព្រមហើយ ក៏បបួលគ្នាមកជួលបន្ទប់២ ផ្សេងគ្នា គឺបន្ទប់លេខ១០៤ និង១០៥ ដោយយុវជនទាំង២នាក់ ដេកបន្ទប់១០៤ រីឯយុវតីទាំង២នាក់ដេកបន្ទប់១០៥ លុះនៅរសៀលថ្ងៃទី៤ យុវតីទាំង២នាក់ បានឲ្យយុវជនជាប់ចោទខាងលើ ចុះមកទិញបាយហូបពេលត្រឡប់មកវិញ ត្រូវបងប្រុសយុវតីខាងលើឃាត់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជយ័៕