(ភ្នំពេញ)៖ លោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការ និងលោក តុប ឈុនហេង ចៅក្រមស៊ើបសួរ និងជាអនុប្រធានតុលាការ សម្រេចដាក់ឲ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ចំពោះម្ចាស់ទីតាំងហ្គេមបាញ់ត្រី ជ្រកក្រោមស្លាក សេវាកម្មអ៊ិនធឺណេត២៤ម៉ោង លើ២៤ម៉ោង ចំនួន៤នាក់ បន្ទាប់ពីនគបាលខណ្ឌច្បារអំពៅ បានចុះទៅបង្ក្រាប និងបញ្ជូនដល់តុលាការ។
មន្រ្តីតុលាការបានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការ លោកជួន សុជាតិ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា ក្រុមជនសង្ស័យចំនួន៤នាក់ ដែលមានស្ត្រីមេការហ្គេមបាញ់ត្រីម្នាក់ និងបុរសអ្នកលេងហ្គេម៣នាក់ ដែលត្រូវបានតុលាការសម្រេចដោះលែងឲ្យមានសេរីភាពអស់ហើយ កាលពីប៉ុន្មានថ្ងៃមុននេះ ក្រោមហេតុផលផ្សេងៗគ្នា។
ជនសង្ស័យឈ្មោះ ស៊ុន សុភី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរ អ្នកមើលការខុសត្រូវហ្គេមបាញ់ត្រី ស្នាក់នៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ត្រូវបានលោក តុប ឈុនហេង អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងក្រោមហេតុផលថា ដាក់ឲ្យស្ថិតក្រោមករត្រួតពិនិត្យតាមផ្លូវតុលាការ។ ចំណែកជនសង្ស័យទី១៖ ឈ្មោះទូច រិទ្ធីយ៉ា អាយុ២០ឆ្នាំ មុខរបរលក់នំប៉ាវ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ, ទី២៖ ឈ្មោះ គង់ ឆវ័ន អាយុ២៩ឆ្នាំ មុខរបររត់តុការ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ, និងទី៣៖ ឈ្មោះ ហ្វាង យ៉ាំងណាំ អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ស៊ុប ស្នាក់នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
វត្ថុតាងដកហូតបានរួមមានទី១៖ ទូហ្គេមបាញ់ត្រី ចំនួន២ទូ, ទី២៖ កង្ហារ ចំនួន២គ្រឿង, ទី៣៖ ទូរស័ព្ទដៃ ចំនួន៦គ្រឿង, ទី៤៖ កៅអី ចំនួន៦, ទី៥៖ លុយ ចំនួន៦ម៉ឺនរៀល និងទី៦៖ សៀវភៅកត់ពង់ចំនួន១ក្បាល។
ប្រភពពីសមត្កិច្ច និងមន្ត្រីតុលាការបានបង្ហើបថា សំណុំរឿងនេះ មានមន្ត្រីនគរបាលថ្នាក់នាយឧត្តមសេនីយ៍ម្នាក់ជាអ្នកអន្តរាគមឲ្យតុលាការដោះលែង ព្រោះតែជនសង្ស័យ គឺជាអ្នកមើលការខុសត្រូវឲ្យបនល្បែងរបស់នាយឧត្តមសេនីយ៍រូបនោះ។
គួររំលឹកថា កាលពីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧កន្លងទៅ សមត្ថកិច្ចខណ្ឌច្បារអំពៅ បានចុះបង្រ្កាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់ប្រភេទ ហ្គែមបាញ់ត្រី នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិជ្រោយបាសាក់១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
កាលពេលថ្មីៗកន្លងមកនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញបទបញ្ជាយ៉ាងតឹងរឹងដល់មន្ដ្រីតាមមូលដ្ឋានឲ្យលុបបំបាត់អស់រាល់ល្បែងស៊ីសងតាមប្រព័ន្ធអេឡិចត្រូនិច ហ្គេមបាញ់ត្រី ជ្រកក្រោមផ្លាកសេវាកម្មអ៊ិនធឺណេត២៤ម៉ោង លើ២៤ម៉ោង។ ប៉ុន្ដែជាក់ស្ដែងកាលពីថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០១៧ អាជ្ញាធរខណ្ឌច្បាប់អំពៅ បានបង្ក្រាបជាក់ស្ដែងឃាត់ប្រុសស្រី៤នាក់ ហើយនៅថ្ងៃទី៣ ខែវច្ឆិកា ពួកត្រូវបានដោះលែង ឲ្យមានសេរីភាពវិញ៕