(ភ្នំពេញ)៖ ពិធីអបអរសាទខួប៦៤ឆ្នាំនៃការទទួលបានឯករាជ្យពីអាណានិគមន៍និយមបារាំងនាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ត្រូវបានធ្វើឡើងយ៉ាងមហោឡារិកក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅវិមានឯករាជ្យ។

មិនខុសពីបណ្តាឆ្នាំនោះដែរ ការប្រារព្ធពិធីអបអរសាទរថ្ងៃដែលជាតិខ្មែរ ពលរដ្ឋខ្មែរទទួលបានសិទ្ធិសេរីភាពពេញលេញក្នុងការគ្រប់គ្រងជោគវាសនារបស់ប្រទេសដោយខ្លួនឯង និងគេចផុតពីការធ្វើទុក្ខបុកម្នេញសព្វបែបយ៉ាងរបស់បារាំងនេះ ក៏មានការអញ្ជើញចូលរួមពីឥស្សរជននយោបាយកំពូលៗរបស់ជាតិរួមមាន៖ សម្តេចសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងមន្ត្រីទូតតំណាងប្រទេសនានា ដែលមានស្ថានទូតប្រចាំនៅកម្ពុជា ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី មន្រ្តីរាជការ មកពីតាមក្រសួងស្ថាប័ននានា កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សនិស្សិតយ៉ាងច្រើនកុះករ។

ក្រោយបរិយាកាសដ៏សែនអធិកអធមនោះ ទាំងព្រះមហាក្សត្រ មន្រ្តីរាជការ ប្រជាពលរដ្ឋ បានសម្តែងទឹកព្រះទ័យ និងទឹកចិត្តសប្បាយរីករាយក្រៃលែងគ្រប់គ្នា ចំពោះថ្ងៃនៃការទទួលបានសិទ្ធិសេរីភាពជាម្ចាស់ប្រទេសសុវណ្ណភូមិមួយនេះ។

សូមរំលឹកថា កម្ពុជា បានទទួលឯករាជ្យពេញបរិបូរណ៍ពីអាណានិគមន៍បារាំងនៅថ្ងៃទី០៩​ ខែវិច្ឆិកា ឆ្នាំ១៩៥៣ បន្ទាប់ពីប្រទេសបានដាក់នឹមត្រួតត្រាអស់រយៈពេលប្រមាណ ៩០ឆ្នាំ។ ឯករាជ្យនេះទទួលបានមកដោយលំបាកក្រោមព្រះរាជបូជនីយកិច្ចដោយអង់អាចក្លាហាន និងពុះពារគ្រប់ឧបស័គ្គរបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រមទាំងមានការពលី និងលះបង់របស់អ្នកស្នេហាជាតិជាច្រើនរូបផ្សេងទៀត។

ខាងក្រោមនេះ គឺជាកម្រងរូបភាពទិដ្ឋភាពមួយចំនួននៃការប្រារព្ធពិធីអបអរសាទរថ្ងៃបុណ្យឯករាជ្យជាតិនាព្រឹកមិញនេះ៕