(កំពង់ចាម)៖ ព្រោះតែទង្វើក្បត់ជាតិរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ធ្វើឲ្យសមាជិកគណបក្សមួយនេះ អស់ជំនឿហើយបានចាកចេញជាបន្ដបន្ទាប់ ជាក់ស្ដែងសមាជិក ក្រុមប្រឹក្សាឃុំទ្រាន និងជំទប់ទី១ ឃុំទ្រា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ចំនួន២នាក់ទៀត បានប្រកាសដើរចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
ថ្នាក់ដឹកនាំមូលដ្ឋានទាំង២នាក់ របស់គណបក្សសង្គ្រោះជាតិ ដែលបានប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានោះគឺ លោក សំ ហ៊ល អាយុ៤៩ឆ្នាំ ជាសមាជិកក្រុមប្រឹក្សា និងលោក សយ ស៊ាង អាយុ៦២ឆ្នាំ ជាជំទប់ទី១ ឃុំទ្រាន ស្រុកកំពង់សៀម។
ដោយឡែកបើតាមលិខិតសុំចូលរួមជីវភាពនយោបាយ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា «បន្ទាប់ពីបានដឹងថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិជាជនក្បត់ជាតិ លក់ខ្លួនឲ្យបរទេសដើម្បីផ្ដូលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ខ្ញុំបានយល់ឃើញថាប្រទេស នឹងធ្លាក់ចូលសង្គ្រាមជាថ្មីម្ដងទៀត ដូចជំនាន់លោក លន់ ណុល ឆ្នាំ១៩៧០»។
ទាំងលោក សំ ហ៊ល និងលោក សយ ស៊ាង បានថ្លែងបញ្ជាក់ថា «បន្ទាប់ពីបានដឹងថា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិលក់ខ្លួន ឲ្យបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដែលកើតចេញ ពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ខ្ញុំបានយល់ឃើញថា ប្រទេសជាតិ នឹងធ្លាក់ចូលសង្គ្រាមជាថ្មីម្តងទៀតដូចជំនាន់លោក លន់ ណុល ឆ្នាំ១៩៧០»។
នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)