(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលរួមពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (១៩៥៣ - ២០១៧) និងទិវាកំណើតនៃកងយុទ្ធពលខេមរភូមិន្ទ ដែលបានរៀបចំឡើងនៅស្តូបវិមានឯករាជ្យ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ទិវាបុណ្យឯករាជ្យជាតិ ត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ ដើម្បីបង្ហាញមហាកម្លាំងសាមគ្គីជាតិ និងរំលឹកដល់ស្នាព្រះហស្ថនៃអង្គព្រះមហាវីរក្សត្រដ៏ឆ្នើមរបស់កម្ពុជា គឺព្រះកុរណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងជាព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ ធ្វើការតស៊ូក្នុងក្របខណ្ឌព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យខ្មែរពីអាណានិគមនិយមបារាំង រហូតទទួលបានជោគជ័យ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕
ទិវាបុណ្យឯករាជ្យជាតិឆ្នាំនេះ ក៏មានការចូលរួមពីសម្តេចព្រះមហាសង្ឃរាជ និងមន្ត្រីសង្ឃជាន់ខ្ពស់ទាំងពីរគណៈ ថ្នាក់ដឹកនាំកំពូលជាតិ និងមន្ត្រីរាជការគ្រប់ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ អ្នកការទូត លោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិត ព្រមទាំងប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ ប្រមាណជាង ២ម៉ឺននាក់។ នៅក្នុងទិវាប្រវត្តិសាស្ត្រដ៏មហោឡារឹកនេះ នឹងត្រូវប្រារព្ធឡើងក្នុងរយៈពេលបីថ្ងៃ និងមានពិធីតូចៗជាច្រើនដូចជា៖ ពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខណបុព្វការីជន និងវីរជនស្នេហាជាតិ, ពិធីប្រទានភ្លើងជ័យ, ពិធីបង្ហោះប៉េងប៉ោង និងពិធីលែងព្រាបស ដើម្បីជានិមិត្តរូបនៃការសុំសុខសន្តិភាព និងការអុជកាំជ្រួចនៅមុខព្រះបរមរាជវាំងនាពេលរាត្រី។
ដោយឡែក នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ដែលថ្ងៃចុងក្រោយនៃទិវាបុណ្យឯករាជ្យជាតិ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងដឹកនាំមន្ត្រីកំពូលនៃរាជរដ្ឋាភិបាល និងមហាជន ធ្វើពិធីពន្លត់ភ្លើងជ័យ អមដោយការអុជកាំជ្រួចនៅក្នុងពេលរាត្រី៕