(ភ្នំពេញ)៖ ខ្សែភាពយន្តទី២ របស់ផលិតកម្មឥន្រ្ទានិមិត្ត ដែលមានលោក ចាន់ណា រ៉ូណាន់ ជាផលិតករ បានបើកសម្ពោធឲ្យដាក់បញ្ចាំងជាផ្លូវការហើយ កាលពីល្ងាច ថ្ងៃទី០៨ ខែវិឆ្ឆិកា ឆ្នាំ២០១៧ ម្សិលមិញនេះ នៅផ្សារទំនើបអ៊ីអនម៉ល ក្រោយវត្តមានពីតារាសម្ដែង ក្នុងរឿងនេះ និងសិល្បករសិល្បការិនីជាច្រើន ដែលជាហេតុ ធ្វើឲ្យបរិយាកាសក្នុងការពិធីទាំងមូល មានភាពគគ្រឹកគគ្រេង ស្ទើរផ្អៀងអ៊ីអនម៉ល។
លោក ចាន់ណា រ៉ូណាន់ ជាផលិតករ និងជាចាងហ្វាងផលិតកម្ម «ឥន្រ្ទានិមិត្ត» បានថ្លែងឲ្យដឹងថា «ចំពោះខ្សែភាពយន្ដលើកទី២ ដែលមានចំណងជើងថា «សសរកន្លោង» នេះខ្ញុំមានក្ដីរំពឹងខ្ពស់យ៉ាងខ្លាំងថា នឹងទទួលបានជោគជ័យ ព្រោះចំណុចសំខាន់ក្នុងរឿងនេះ ដែលអាចទាក់ទាញទស្សនិកជននោះ គឺទី១ ខ្ញុំបានដកស្រង់ពីក្នុងសម័យអាណានិគមបារាំង យកមកលាយបញ្ចូលក្នុងសម័យបច្ចុប្បន្ន ទី២ គឺរឿងនេះផ្តោតសំខាន់ទៅលើខ្មោច និងទី៣ ទៅលើប្លង់ ការទម្លាក់ខ្មោចមកជាដើម។ ក្នុងរឿង «សសរកន្លោង» នេះ យើងផ្តោតទៅលើភាពខ្លាច ៧០ភាគរយ និង កំប្លែង៣០ភាគរយទេខុសពីរឿងមុន»។
លោកបន្តថា ចំពោះរឿង «សសរកន្លោង» នេះ ខ្ញុំរំពឹងថានឹងទទួលបានជោគជ័យជាងរឿងមុន ព្រោះមានទស្សនិកជនជាច្រើន ជឿជាក់លើស្នាដៃរបស់លោក បន្ទាប់ពីរឿង «កំណត់ហេតុនាងនាថ» ទទួលបានការចាប់អារម្មណ៍ខ្លាំង។ យ៉ាងណាមិញ ថ្វីត្បិតតែរឿងចំណាយទុនក្នុងការផលិតច្រើន ប៉ុន្ដែខ្ញុំរំពឹងថា នឹងទទួលបានចំណូលមកវិញមិនក្រោម ៣០ម៉ឺនដុល្លារទេ ព្រោះទាំងប្លង់ក្នុងសាច់រឿងនេះ គឺមានការសម្រឹតសម្រាំងយ៉ាងម៉តចត់ ពោលគឺ មិនធ្វើឲ្យទស្សនិកជនស៊ាំនោះទេ គឺមានទាំងឈុតខ្លាច ភ័យរន្ធត់ និងកំប្លែង»។
សូមបញ្ជាក់ថា រឿង «សសរកន្លោង» ជាខ្សែភាពយន្តខ្នាតធំ បែបភ័យរន្ធត់ តក់ស្លុត លាយឡំនឹងកំប្លែង នឹងធ្វើការចាក់បញ្ចាំង ចាប់ពីថ្ងៃទី០៩ វិឆ្ឆិកា ឆ្នាំ ២០១៧ នេះតទៅ គ្រប់រោងភាពយន្ដទាំងអស់ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប៕