សកម្មជន CNRP បន្ដចាកចេញ ព្រោះទង្វើក្បត់ជាតិរបស់លោក កឹម សុខា! ជំទប់ទី២ ឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្ក្តព្រៃវែង ប្រកាសចូលរួមជីវភាពនយោបាយជាមួយ CPP
09-11-2017 11:43
(ព្រៃវែង)៖ ជំទប់ទី២ឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មកពីគណបក្សសង្គ្រោះជាតិ លោក ហឹង ហ៊ែល អាយុ៥៨ឆ្នាំ បានប្រកាសដើរចេញពីគណបក្សសង្គ្រោះជាតិ ហើយមកសុំរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារឃើញលោក កឹម សុខា និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ឱនក្បាលបម្រើបរទេស បំបែកបំបាក់ជាតិឯង។
តាមលិខិតសុំចុះចូលដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក ហឹង ហ៊ែល បញ្ជាក់យ៉ាងដូច្នេះថា «ពីមុនខ្ញុំបាទយល់ខុសជឿលើការដឹកនាំរបស់ CNRP ប៉ុន្ដែតាមរយៈវីដេអូ និងសកម្មភាពកន្លងមករបស់លោក កឹម សុខា បានបម្រើនយោបាយបរទេសធ្វើឲ្យមានភាពញុះញង់ បំបែកបំបាក់ មិនគិតពីផលប្រយោជន៍របស់ជាតិ ដែលទង្វើខាងលនេះ គឺជាទង្វើក្បត់ជាតិយ៉ាងពិតប្រាកដ»។
នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖