(ត្បូងឃ្មុំ)៖ ទង្វើក្បត់ជាតិរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ធ្វើឲ្យសមាជិកគណបក្សមួយនេះ អស់ជំនឿហើយបានចាកចេញជាបន្ដបន្ទាប់ ជាក់ស្ដែងសមាជិកក្រុមប្រឹក្សាម្នាក់ទៀតហើយ នៅក្រុងសួង ខេត្តត្បូងឃ្មុំ លោក សយ សៅ អាយុ៣៧ឆ្នាំ បានប្រកាសដើរចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
ដោយឡែកបើតាមលិខិតសុំចូលរួមជីវភាពនយោបាយ របស់លោក សយ សៅ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា «បន្ទាប់ពីបានឃើញសកម្មភាពញុះញង់ បំបែកបំបាក់សាមគ្គីផ្ទៃក្នុងជាបន្ដបន្ទាប់ របស់លោក កឹម សុខា ក៏បានលើកឡើងពីការឃុបឃិត និងធ្វើនយោបាយតាមបង្គាប់បញ្ជារបស់បរទេស ដែលជាទង្វើក្បត់ជាតិធ្វើឲ្យរូបខ្ញុំមានការសោកស្ដាយជាទីបំផុត ដែលបានរួមជាមួយគណបក្សសង្គ្រោះជាតិ នាពេលកន្លងមកនឹងអស់ជំនឿលើការដឹកនាំរបស់គណបក្សសង្គ្រោះជាតិតទៅទៀត»។
នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖