(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិទទួលក្រុមភ្ញៀវមីយ៉ាន់ម៉ា នាម៉ោង ៦៖៣០នាទីល្ងាចនេះ ក្នុងជំនួបលក្ខណៈមិត្តភាពអន្តរជាតិ ដើម្បីត្រៀមប្រកួតជម្រុះពានរង្វាន់ AFC Asian Cup 2019 រៀងៗខ្លួន គ្រាដែលក្រុមម្ចាស់ផ្ទះកម្ពុជា នឹងត្រូវជួបហ្សកដានី នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

កម្ពុជា និងមីយ៉ាន់ម៉ា ធ្លាប់បានជួបគ្នាចំនួន ១៨លើកមកហើយ បើគិតចាប់តាំងពីឆ្នាំ១៩៥៧ ខណៈលទ្ធផលមីយ៉ាន់ម៉ាធ្លាប់ឈ្នះ ១៤លើក ហើយកម្ពុជាឈ្នះ ៣លើក និងស្មើគ្នា ១លើកប៉ុណ្ណោះ។ ជួបគ្នាលើកចុងក្រោយក្នុងពានរង្វាន់ AFF Championship 2016 កម្ពុជា បានចាញ់ម្ចាស់ផ្ទះមីយ៉ាន់ម៉ា ដោយលទ្ធផល ៣-១។ ដូច្នេះចាំមើលល្ងាចនេះ តើក្រុមគោព្រៃកម្ពុជា អាចសងសឹកក្រុមមីយ៉ាន់ម៉ា បានឬក៏អត់?

លោក ប្រាក់ សុវណ្ណារ៉ា បានថ្លែងក្នុងសន្និសីទមុនការប្រកួតម្សិលមិញថា ថ្វីត្បិតល្ងាចនេះ គឺជាជំនួបមិត្តភាពក្ដី ប៉ុន្ដែក្រុមទាំងពីរ សុទ្ធតែត្រៀមប្រកួតជម្រុះពានរង្វាន់ AFC Asian Cup 2019 ដូចគ្នា។ ហេតុនេះជ័យជម្នះ សុទ្ធតែជាលទ្ធផល ដែលក្រុមទាំងពីរចង់បាន ពិសេសក្រុមគោព្រៃកម្ពុជា ដើម្បីធ្វើដើមទុនត្រៀមបើកទ្វារពហុកីឡដ្ឋានជាតិទទួលក្រុមជម្រើសជាតិហ្សកដានី នៅថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខ។

ឯលោក Gerd Zeise គ្រូបង្វឹកមីយ៉ាន់ម៉ាបាននិយាយថា ក្រុមលោកមកកម្ពុជា ដើម្បីឈ្នះ ទោះបីជាប្រកួតមិត្តភាពក៏ដោយ។ ប៉ុន្ដែលោកមិនអាចមើលងាយសមត្ថភាពក្រុមម្ចាស់ផ្ទះនេះបានឡើយ ព្រោះបាល់ទាត់កម្ពុជាបច្ចុប្បន្ន មានការរីកចម្រើនខ្លាំង បើធៀបនឹងកាលឆ្នាំ២០១១ ដែលលោកធ្លាប់ដឹកនាំមីយ៉ាន់ម៉ា ជួបក្រុមជម្រើសជាតិកម្ពុជា។ ដូច្នេះលោកគិតថា មីយ៉ាន់ម៉ា មិនប្រាកដអាចយកឈ្នះក្រុមគោព្រៃកម្ពុជាស្រួលៗបានទេ៕