(ក្រចេះ)៖ ដោយសារតែទង្វើក្បត់ជាតិ និងការឱនក្បាលបម្រើបរទេសរបស់លោក កឹម សុខា ធ្វើឲ្យថ្នាក់ដឹកនាំ និងមន្ដ្រីតាមមូលដ្ឋានបានប្រកាសដើរចេញ ហើយមកសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាក់ស្ដែង សមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តក្រចេះ និងចៅសង្កាត់រង់ទី២ នៅសង្កាត់រកាកណ្ដាល ក្រុងក្រចេះ ប្រកាសចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។
តាមលិខិតស្នើសុំចុះចូលដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គឺលោក ផេង សំណាង អាយុ៤១ឆ្នាំ ជាសមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តក្រចេះ និងលោក គៀត ហ៊ត អាយុ៦៦ឆ្នាំ ជាចៅសង្កាត់រងទី២ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ។
ថ្នាក់ដឹកនាំមូលដ្ឋានទាំង២នាក់នេះ បានបញ្ជាក់ដូចៗគ្នាថា «ដោយមើលឃើញអំពីភាពអសកម្ម និងអំពើក្បត់ជាតិរបស់គណបក្សសង្គ្រោះជាតិ ពិសេសលោក កឹម សុខា បានប្រព្រឹត្តនូវអំពើក្បត់ជាតិចូលដៃជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ហើយបង្កើតនូវបដិវត្តន៍ពណ៌ក្នុងប្រទេសកម្ពុជារបស់យើង ធ្វើឲ្យរូបខ្ញុំបាទអស់ជំនឿលើការដឹកនាំរបស់គណបក្សសង្គ្រោះជាតិតទៅទៀត ទើបរូបខ្ញុំបាទសម្រេចចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាមហាគ្រួសារដ៏កក់ក្ដៅ និងជាទីពឹងទៅថ្ងៃអនាគតសម្រាប់ប្រទេសជាតិ»។
សូមជម្រាបថា រហូតមកដល់ពេលនេះ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ ជាច្រើននាក់ហើយ បានសម្រេចចិត្តដើរចេញ ពីគណបក្សសង្គ្រោះជាតិ ហើយសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ មិនត្រឹមតែសម្រេចដើរចេញពីបក្សដែលផ្ញើជីវិត អស់រយៈពេលជាច្រើនឆ្នាំប៉ុណ្ណោះទេ ថ្នាក់ដឹកនាំ និងមន្ដ្រីសំខាន់នេះ ថែមទាំងបានហៅមេបក្សចាស់របស់ខ្លួន គឺលោក កឹម សុខា ជាជនក្បត់ជាតិបម្រើបរទេសថែមទៀតផង។
នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖