(ភ្នំពេញ)៖ នៅព្រឹកថ្ងៃនេះអង្គភាពព័ត៌មាន Fresh News បានទទួលលិខិតចំហរមួយច្បាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបីរូប ដែលបានមកផ្ញើដល់ទីស្នាក់ការដោយផ្ទាល់តែសុំមិនបញ្ចេញឈ្មោះ។ មន្ត្រីបក្សសង្គ្រោះជាតិទាំងបី បានស្នើសុំឲ្យអង្គភាព Fresh News ជួយចុះផ្សាយលិខិតចំហ មួយច្បាប់នោះ។ ខ្លឹមសារនៃលិខិតនោះមានន័យទាំងស្រុងដូចតទៅ៖

ជាថ្មីម្តងទៀត លោក សម រង្ស៊ី បានបង្ហាញឲ្យឃើញកាន់តែច្បាស់ពីចេតនាចង់បំផ្លាញគណបក្សសង្គ្រោះជាតិ ឲ្យរលាយសាបសូន្យយ៉ាងពិតប្រាកដ។ ចេតនាដ៏ច្បាស់ក្រឡែតនេះបានស្តែងឡើងតាមរយៈការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍មួយ ក្នុងនាមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។

នេះជាលើកទី២ហើយ ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះដែលលោក សម រង្ស៊ី បានផ្តល់ទឡ្ហីករណ៍ និងភស្តុតាងយ៉ាងគ្រប់គ្រាន់ឲ្យតុលាការរំលាយ គណបក្សសង្គ្រោះជាតិ។ លើកទី១ លោក សម រង្ស៊ី បានធ្វើសេចក្តីថ្លែងការណ៍ពីប្រទេសអ៊ីតាលីដោយមានតំណាងរាស្ត្រស្និទ្ធ នឹងរូបលោកអង្គុយជុំវិញខ្លួន ហើយនិយាយយ៉ាងចំហក្នុងនាមគណបក្សសង្គ្រោះជាតិ។

ក្នុងនាមជាមន្ត្រីគណបក្សសង្គ្រោះជាតិ យើងខ្ញុំពិតជាមានចម្ងល់យ៉ាងខ្លាំងណាស់ចំពោះទង្វើរបស់លោក សម រង្ស៊ី បែបនេះ។ ចម្ងល់នោះគឺគ្រាន់តែគណបក្ស ប្រជាជនផ្តើមស្នើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលអាចឈានទៅរំលាយបក្សនយោបាយណាដែលមានមេដឹកនាំមានទោសនោះ លោក សម រង្ស៊ី ក៏បានប្រញាប់ប្រញាល់ប្រកាសលាលែងពីតំណែងប្រធានបក្សសង្គ្រោះជាតិភ្លាមៗលាលែងទាំងឋានៈតំណាងរាស្រ្ត និងសមាជិកគណបក្ស។ កាលណោះលោក សម រង្ស៊ី បានពន្យល់ថា ការលាលែងនេះគឺដើម្បីសង្គ្រោះគណបក្សពីការរំលាយចោល។ លោកបញ្ជាក់យ៉ាងច្បាស់ និងយ៉ាងហំហានថា សុខចិត្តបាត់បង់តំណែងឲ្យតែគណបក្សសង្គ្រោះជាតិនៅរស់។ ចំណែកគណបក្សសង្គ្រោះជាតិវិញក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា មិនទទួលខុសត្រូវចំពោះទង្វើរបស់លោក សម រង្ស៊ី ដែរ។

ប៉ុន្តែឥឡូវស្រាប់តែទាំងលោក សម រង្ស៊ី ទាំងមន្ត្រីបក្សសង្គ្រោះជាតិមួយចំនួន បែរជាមកចេញមុខភ្ជាប់ខ្លួនយ៉ាងស្អិតជាមួយគ្នាទៅវិញ?
សកម្មភាពបែបនេះទៀតសោតបានកើតឡើង ខណៈដែលបក្សសង្គ្រោះជាតិកំពុងជួបហានីភ័យធំទៀតផង។ តាមរយៈសកម្មភាពនេះយើងអាចមើលឃើញ យ៉ាងច្បាស់ពីចេតនារបស់លោក សម រង្ស៊ី ដើម្បីចង់ឲ្យបក្សសង្គ្រោះជាតិរលាយកាន់តែឆាប់។ លោក សម រង្ស៊ី កំពុងប្រើយុទ្ធសាស្ត្រដុតឲ្យខ្លោច រោចឲ្យឆៅដើម្បីធ្វើឲ្យបក្សសង្គ្រោះជាតិរលាយកាន់តែឆាប់ កាន់តែល្អ។

ការណ៍ដែលតំណាងរាស្ត្រមួយចំនួនមិនបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នោះ ក៏ព្រោះតែពួកគេមិនព្រមឲ្យបក្សសង្គ្រោះជាតិ រលាយតាមបំណងរបស់លោក សម រង្ស៊ី ទេ។ តើលោកសម រង្ស៊ី ធ្វើដូច្នេះដោយសារតែការបាត់បង់អំណាច ហើយមិនចង់ឲ្យអ្នកណាមកជំនួស ដូចពាក្យគេថាមែនឬ?

ក្នុងនាមមន្ត្រី និងសកម្មជនបក្សសង្គ្រោះជាតិ យើងពិតជាមិនយល់ចំពោះទង្វើអស់ទាំងនេះឡើយ។ ពួកយើងពិតជាវង្វេងអស់ហើយ។ មុនដំបូងអះអាងថា សុខចិត្តអស់តំណែងដើម្បីឲ្យបក្សរស់ តែឥឡូវបែរជាសុខចិត្តឲ្យបក្សស្លាប់មុនពេលខ្លួនឯងស្លាប់ទៅវិញ?

ចំណែកមន្ត្រីបក្សមួយចំនួនបែរជាទៅចូលដៃចូលជើងជាមួយលោក សម រង្ស៊ី បើកផ្លូវឲ្យគេមានភស្តុតាងរំលាយបក្សរបស់ខ្លួនទៅវិញ? តើអស់លោកកំពុងធ្វើអ្វី? កំពុងលេងល្បែងអ្វី? ហេតុអីក៏ពួកអស់លោកបំផ្លាញទឹកចិត្តអ្នកគាំទ្ររបស់ខ្លួនបែបនេះ? ដូច្នេះពួកយើងជាសកម្មជន មន្ត្រី និងអ្នកគាំទ្របក្សសង្គ្រោះជាតិ សូមស្នើឲ្យលោក សម រង្ស៊ី និងមន្ត្រីស្និទ្ធនឹងរូបលោកទាំងអស់ពិចារណាឡើងវិញដោយប្រញាប់ផ្តាច់ខ្លួននៅឲ្យឆ្ងាយពីលោក សម រង្ស៊ី ជាបន្ទាន់ និងត្រូវប្រញាប់ចេញសេចក្តីថ្លែងការណ៍បដិសេធមិនទទួលស្គាល់ទង្វើលោកសម រង្ស៊ី ជាបន្ទាន់។

ប្រសិនបើមិនដូច្នោះទេ អស់លោកកំពុងរួមគ្នាបំផ្លាញគណបក្សសង្គ្រោះជាតិហើយ។ ករណីលោក កឹមសុខា ជារឿងមួយដែលពួកយើងត្រូវរកវិធីដោះស្រាយ ប៉ុន្តែ អស់លោកបែរជាកំពុងបន្ថែមភ្លើង បន្ថែមសាំង ដើម្បីឲ្យគណបក្សឆាប់រលាយខ្ទេចខ្ទីបែបនេះទៅវិញ។ តើលោក សម រង្ស៊ី ទ្រាំនៅឲ្យឆ្ងាយពីបក្សសង្គ្រោះជាតិ បន្តិចទៀតមិនបានទេឬ? ប្រសិនបើមិនប្រញាប់ដោះស្រាយរឿងនេះទេ ពួកយើងសូមព្រមានថា នឹងដើរចេញពីបក្សសង្គ្រោះជាតិទាំងអស់គ្នាជាមិនខាន!!!

ពីសកម្មជន និងមន្ត្រីបក្សសង្គ្រោះជាតិ!