(ភ្នំពេញ)៖ នៅក្នុងឱកាសខួប លើកទី៦៤នៃទិវាបុណ្យឯករាជ្យជាតិ ឆ្នាំ២០១៧នេះ លោក​ ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអំពាវនាវដល់អ្នកនយោបាយគ្រប់ជំនាន់ៗ ធ្វើសកម្មភាពការពារឯករាជ្យជាតិខ្មែរ ឲ្យនៅឋិតថេរជានិច្ចនិរន្តន៍ និងសូមបរទេសគ្រប់ប្រទេស ដែលមានបំណង ឬមហិច្ចតាចង់មកគ្រប់គ្រងប្រទេសកម្ពុជានោះ​​ ត្រូវតែលុបចោលគំនិតអាក្រក់ៗទាំងនោះចោលភ្លាម។

ការអំពាវនាវនេះ បានធ្វើឡើងស្របពេលដែល បទល្មើសក្បត់ជាតិ តាមរយៈការឃុបឃិតជាមួយបរទេស របស់ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានលាតត្រដាងនៅក្នុងប្រទេសកម្ពុជា ហើយតុលាការក៏នឹងកាត់ទោស គណបក្សសង្រ្គោះជាតិ ចំពោះសំណុំរឿងក្បត់ជាតិនេះ នៅថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះផងដែរ។

លោក ពេជ្រ ស្រស់ ដែលជាអ្នកនយោបាយជំនាន់ថ្មី បានបញ្ជាក់ប្រាប់ Fresh News យ៉ាងដូច្នេះថា៖ «ខ្ញុំ ពេជ្រ ស្រស់ ជាអ្នកនយោបាយជំនាន់ក្រោយ និងជាពលរដ្ឋខ្មែរមួយរូប សូមអបអរសាទរខួបលើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ ( ០៩ វិច្ឆិកា ១៩៥៣ - ០៩ វិច្ឆិកា ២០១៧) ហើយក្នុងន័យនេះដែរ ខ្ញុំ ពេជ្រ ស្រស់ សូមអំពាវនាវដល់អ្នកនយោបាយគ្រប់ជំនាន់ៗ មេត្តាធ្វើសកម្មភាពការពារឯករាជ្យជាតិខ្មែរ ឲ្យនៅឋិតថេរជានិច្ចនិរន្ត និងសូមបរទេសគ្រប់ប្រទេស ដែលមានបំណង ឬមហិច្ចតាចង់មកគ្រប់គ្រងប្រទេសកម្ពុជានោះ ត្រូវតែលុបចោលគំនិតអាក្រក់ៗទាំងនោះចោលភ្លាម ពីព្រោះថាប្រទេសកម្ពុជាមានឯករាជ្យដែនដីរបស់ខ្លួន អស់រយៈពេល ៦៤ ឆ្នាំមកហើយ​ បើសិនជាយើងគិតត្រឹមសតវត្សចុងក្រោយនេះ ប៉ុន្តែបរទេសអមិត្តមួយចំនួនត្រូវចងចាំថា ប្រទេសកម្ពុជាមានកំណើតនៅលើផែនដីនេះ មានអាយុកាលរាប់ពាន់ឆ្នាំមកហើយដែរ»

លោកបានបន្តទៀតថា «ម្យ៉ាងវិញទៀត ប្រទេសកម្ពុជាក៏ធ្លាប់ក្លាយខ្លួនទៅជាប្រទេសមហាអំណាចផងដែរ ដូច្នេះក្នុងនាមខ្ញុំជាអ្នកនយោបាយជំនាន់ក្រោយបេ្តជ្ញាការពារឯករាជ្យជាតិខ្មែរឲ្យនៅឋិតថេរជានិច្ចនិរន្ត ហើយខ្ញុំ ពេជ្រ ស្រស់ សូមប្រឆាំងដាច់ខាតចំពោះអ្នកនយោបាយខ្មែរណាដែលចង់យកប្រទេសកម្ពុជាឲ្យទៅបរទេសគ្រប់គ្រង និងប្រឆាំងដាច់ខាត ចំពោះប្រទេសណាមួយ ដែលចង់មកត្រួតត្រាប្រទេសកម្ពុជា នៃខ្ញុំ»

សូមបញ្ជាក់ថា ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គឺជាខួប ៦៤ឆ្នាំហើយ ដែលកម្ពុជាដណ្តើមបានឯករាជ្យពីប្រទេសបារាំង ក្រោមព្រះរាជកិច្ចដឹកនាំដ៏ជាញជ័យរបស់សម្តេចព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ពិធីអបអរសាទរថ្ងៃបុណ្យឯករាជ្យនាព្រឹកនេះ ត្រូវបានធ្វើឡើងយ៉ាងមហោឡារិក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សនិស្សិតយ៉ាងច្រើនកុះករ៕