(កំពង់ធំ)៖ ទង្វើក្បត់ជាតិរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ធ្វើឲ្យសមាជិកគណបក្សមួយនេះ អស់ជំនឿហើយបានចាកចេញជាបន្ដបន្ទាប់ ជាក់ស្ដែងសមាជិកក្រុមប្រឹក្សាម្នាក់ទៀតហើយ នៅសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ គឺលោក សុក រី បានប្រកាសដើរចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយថ្នាក់ដឹកនាំ៣នាក់រួចមកហើយ នៅសង្កាត់ដំរីជាន់ខ្លា បានចុះចូល កាលពីពេលថ្មីៗនេះ។
សម្រាប់សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែននេះ សមាជិករបស់គណបក្សសង្គ្រោះជាតិមានចំនួន៤នាក់ ដោយរួមមាន៖ ចៅសង្កាត់, ចៅសង្កាត់រងទី២ និងសមាជិកក្រុមប្រឹក្សាសង្កាត់នោះ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជាទាំងអស់ហើយ និងហៅ លោក កឹម សុខា ជាជនក្បត់ជាតិ ដូច្នេះនៅសង្កាត់ដំរីជាន់ខ្លា គឺសុទ្ធតែសមាជិករបស់គណបក្សប្រជាជនកម្ពុជា។
ដោយឡែកបើតាមលិខិតសុំចូលរួមជីវភាពនយោបាយ របស់លោក សុក រី ដែលចុះចូលក្រោយ ហើយអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា «លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ធ្វើការបម្រើឲ្យបរទេស ដូចដែលបានឃើញតាមរយៈវីដេអូឃ្លឹប ហេតុដូច្នេះហើយដែលធ្វើឲ្យរូបខ្ញុំបានអស់ជំនឿទៅលើការដឹកនាំបរស់គាត់។ ហេតុដូច្នេះហើយទើបខ្ញុំសុខចិត្តចូលមករួមរស់ជីវភាពជាមួយ គណបក្សប្រជាជនកម្ពុជាវិញ»។
ជាមួយគ្នានេះ លោក សុខ លូ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងមន្រ្តីគណបក្សប្រជាជនកម្ពុជាខេត្តទាំងអស់ បានស្វាគមន៍យ៉ាងរាក់ទាក់ និងកក់ក្តៅជាទីបំផុតសម្រាប់ការមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារបស់លោក សុក រី ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
សូមជម្រាបថា រហូតមកដល់ពេលនេះ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុប៩២នាក់ បានសម្រេចចិត្តដើរចេញ ពីគណបក្សសង្គ្រោះជាតិ ហើយសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយរាប់ទាំងថ្ងៃនេះមានសមាជិកក្រុមប្រឹក្សាឃុំ ជំទប់ មកពីគណបក្សសង្គ្រោះជាតិចំនួន៨នាក់ថ្មីទៀត ដែលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
មិនត្រឹមតែសម្រេចដើរចេញពីបក្សដែលផ្ញើជីវិត អស់រយៈពេលជាច្រើនឆ្នាំប៉ុណ្ណោះទេ ថ្នាក់ដឹកនាំ និងមន្ដ្រីសំខាន់ទាំង៩២នាក់នេះ ថែមទាំងបានហៅមេបក្សចាស់របស់ខ្លួន គឺលោក កឹម សុខា ជាជនក្បត់ជាតិបម្រើបរទេសថែមទៀតផង។
នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖