(ភ្នំពេញ)៖ ខណៈនៅសល់តែរយៈពេល ៨ ថ្ងៃទៀតប៉ុណ្ណោះ តុលាការកំពូលនឹងបើកសវនា ការលើបណ្តឹងរបស់ក្រសួងមហាផ្ទៃស្នើសុំរំលាយគណបក្ស សង្គ្រោះជាតិដោយសារតែ រំលោភនឹងច្បាប់ស្តីពីគណបក្សនយោបាយឃុបឃិតជាមួយបរទេសក្បត់ជាតិ និងប្រជាជនកម្ពុជា ទណ្ឌិត សម រង្ស៊ី ដែលបានលាលែងជាផ្លូវការពីតំណែងជាប្រធានបក្ស និង លះបង់សមាជិកភាពពីបក្សនេះបែរជាបានតាំងខ្លួនជាតំណាងរាស្ត្រ និងបានចុះហត្ថលេ ខាលើសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រជាតិ ចេញផ្សាយនៅល្ងាចថ្ងៃទី៨ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ។
សេចក្តីថ្លែងការណ៍ដែលគេមើលឃើញថា ធ្វើឡើងដើម្បីទប់ស្ថានភាពនៃការចាកចេញដូចទឹកបាក់ទំនប់ នៃសមាជិកសមាជិកាបក្សសង្គ្រោះជាតិមកចូលរួមជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។ ប៉ុន្តែទោះបីជាទណ្ឌិត សម រង្ស៊ី រួម នឹងតំណាងរាស្ត្របក្សសង្គ្រោះជាតិកំពុងរត់គេចខ្លួនមួយចំនួនព្យាយាម ធ្វើសង្គ្រាមចិត្ត សាស្ត្រទប់យ៉ាងណាក៏ដោយ ក៏មិនអាចនឹងទប់នឹងចរន្តគាំទ្រសន្តិភាព និងការអភិវឌ្ឍ និងនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានឡើយ។ តើទង្វើសម រង្ស៊ី នៅពេលនេះជាការជួយបក្សសង្គ្រោះជាតិ ឬក៏ជំរុញឱ្យគណបក្សសង្គ្រោះជាតិរលាយកាន់តែឆាប់?
ទី១៖ សម រង្ស៊ី បានជាប់ជំពាក់នឹងសំណុំរឿងមិនតិចជាង១០ នៅចំពោះមុខតុលាការហើយសំណុំរឿងខ្លះបានចេញដីកាស្ថាពរ និងបញ្ជាក់ថា សម រង្ស៊ី ជាអ្នកមានទោស ដែលគ្មាននីតិសម្បទាជាតំណាងរាស្ត្របន្តទៀតឡើយ។ កាលពីខែកុម្ភៈ ឆ្នាំ ២០១៧ កន្លង ទៅនេះ សម រង្ស៊ី ដែលចាញបោកការបំភ័យឡើង បែកប្រមាត់បានសម្រេចលាលែងពី តួនាទីជាប្រធានគណបក្សសង្គ្រោះជាតិ និងសមាជិកភាពនៃបក្សនេះយ៉ាងតក់ក្រហលក្រោមលេសថា ដើម្បីជួយសង្គ្រោះបក្ស ពីការរំលាយ។ បើលាលែងពីសមាជិកភាពបក្ស ហើយ សម រង្ស៊ី គ្មានសិទ្ធិធ្វើជាតំណាងរាស្ត្រសម្រាប់បក្សសង្គ្រោះជាតិទេ ព្រោះប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ជាប្រព័ន្ធ សមាមាត្រ មិនមែនជាប្រព័ន្ធឯកត្តនាមឡើយ។
ចុះបើខ្លួនជាទណ្ឌិតនិងមិនមែនជាសមាជិកភាពបក្សសង្គ្រោះជាតិ ហេតុអ្វី សម រង្ស៊ីចុះហត្ថលេខា ក្នុងនាមជាតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិជាមួយតំណាងរាស្ត្រផ្សេងទៀត លើសេចក្តីថ្លែងការណ៍នៅថ្ងៃទី៨ ខែវិច្ឆិកា ព្រមទាំងបានផ្សព្វផ្សាយ នៅលើទំព័រហ្វេស ប៊ុកផ្ទាល់ខ្លួនរង្ស៊ីថែមទៀត? គួបផ្សំនឹងសកម្មភាពពីក្រោយឆាកក្នុងនាមជាប្រធានបក្ស ស្រមោល នៅពេលដែលកឹម សុខា កំពុងជាប់ឃុំ សម រង្ស៊ី ត្រូវបានគេមើលឃើញថាកំ ពុងតែព្យាយាមធ្វើបក្សប្រហារដណ្តើមការគ្រប់គ្រងបក្សមកវិញ។ ប៉ុន្តែទង្វើរបស់សម រង្ស៊ី នៅពេលនេះដែលកំពុងតែតាំងខ្លួន ធ្វើជាប្រធានបក្សសង្គ្រោះជាតិ និងចាត់ចែងការ ងារបក្សជាចំហរដែលរំលោភលើច្បាប់ស្តីពីគណបក្សនយោបាយដែលហាមឃាត់មិន ឱ្យអ្នកទោសជាប់ពាក់ពន្ធនឹងគណបក្សនយោបាយ។
ទី២៖ សម រង្ស៊ី ដែលលែងជាសមាជិកគណបក្សសង្គ្រោះជាតិ ប៉ុន្តែបានតាំងខ្លួនជា តំណាងរាស្ត្រនិងចេញសេចក្តីថ្លែងការណ៍នយោបាយថែមទៀត។ បុគ្គល សម រង្ស៊ីបាន និងកំពុងរំលោភច្បាប់ផ្ទួនៗ ក្លែងបន្លំខ្លួនធ្វើជាសមាជិកបក្សសង្គ្រោះជាតិ និងក្លែងឋានៈជាតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្ស សង្គ្រោះជាតិដែលទាំងនេះគឺជាបទល្មើសមាន ចែងនៅក្នុងច្បាប់ និងមានស្ថានទម្ងន់ទោសថែមទៀត។ អ្វីដែល សម រង្ស៊ី កំពុងតែធ្វើ នេះអាចជាយុទ្ធសាស្ត្រ «រុញឱ្យខ្លោច រោចឱ្យឆេះ» បើខ្លួនមិនអាចដណ្តើមបក្សមកគ្រប់ គ្រង គឺមានតែខិតខំបំផ្លាញឱ្យរលាយកាន់តែឆាប់តែម្តង។ សម រង្ស៊ី ពិតជាដឹងថាច្បាប់ថ្មី បានហាមឃាត់ទណ្ឌិតដូចរូបខ្លួនមិនឱ្យជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយឡើយតែ ហេតុអ្វីបានជា សម រង្ស៊ី ព្យាយាមដាក់ឈ្មោះខ្លួននៅចុងក្រោយគេនៃបញ្ជីឈ្មោះតំណាងរាស្ត្រដែលចុះហត្ថលេខាក្នុងសេចក្តីថ្លែងការណ៍ទៅវិញ? តើសម រង្ស៊ី ពិតជាចង់ ឱ្យគណបក្សសង្គ្រោះជាតិរលាយកាន់តែឆាប់ឬយ៉ាងណា? ទង្វើរបស់សម រង្ស៊ី បាននិង កំពុងបង្កើតភស្តុតាងថ្មីៗបន្ថែមទៀត ដើម្បីដាក់បន្ទុក និងភាគីដើមចោទនឹងអាចមាន ភស្តុតាងជាក់ស្តែងថ្មីៗបន្ថែមទៀតដើម្បីឈានដល់ការរំលាយគណបក្សសង្គ្រោះជាតិ។ តើសហគមន៍អន្តរជាតិស្រែកតវ៉ា និងការពារជនក្បត់ជាតិ សម រង្ស៊ី និងកឹម សុខា នេះ បានការអ្វីហើយគួរបញ្ឈប់ការស្តីបន្ទោសដល់រាជរដ្ឋាភិបាលដោយចោទថាដាក់សម្ពាធ និងធ្វើទុក្ខបុកម្នេញលើបក្សប្រឆាំង ប៉ុន្តែតាមពិតបក្សប្រឆាំង រួមនឹងបុគ្គលក្នុងបក្សប្រឆាំងមួយចំនួនដែលកំពុងតែបំផ្លាញបក្សខ្លួនឯង។
ទី៣៖ បើ សម រង្ស៊ី មិនយល់ដឹងពីច្បាប់ ចុះតំណាងរាស្ត្រជាច្រើនសិបនាក់ផ្សេងទៀតមិនប្រាប់ សម រង្ស៊ី ថាអ្វីដែលទណ្ឌិតរូបនេះធ្វើមិនបានជួយបក្សទេ តែកាន់តែបំ ផ្លាញបក្សទៅវិញទេ។ យោងតាមមាត្រា ៦ ថ្មី (ពីរ) ត្រង់ចំណុចទី៦ គ្រប់គណបក្សនយោបាយមិនត្រូវប្រើប្រាស់សារ ជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិមដើម្បីជាផលប្រយោជន៍នយោបាយ សម្រាប់គណបក្សនយោបាយរបស់ខ្លួន។ តំណាងរាស្ត្របក្សសង្គ្រោះជាតិ ត្រូវចេះការពារបក្សពីការបំផ្លាញរបស់សម រង្ស៊ី ប៉ុន្តែពួកគេបានបែរជាអនុញ្ញាតឱ្យ សម រង្ស៊ី ដាក់ឈ្មោះជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែរ ដែលធាតុពិតគឺសម រង្ស៊ី គ្មានសិទ្ធិអ្វីបន្តិចឡើយ។
ដូច្នេះក្រុមតំណាងរាស្ត្របក្សសង្គ្រោះជាតិបានឃុបឃិតជា មួយទណ្ឌិតសម រង្ស៊ី ដែលខុសនឹងមាត្រា ៦ថ្មី (ពីរ)។ ទង្វើខុសពីច្បាប់ស្តីពីគណបក្សនយោបាយ ទាំងនេះរបស់ សម រង្ស៊ី និងបក្សសង្គ្រោះជាតិ កាន់តែធ្វើឱ្យបក្សនេះប្រឈមមុខនឹងការរំលាយគណបក្សកាន់តែឆាប់។
សរុបមក អ្វីដែលសម រង្ស៊ី បានធ្វើគឺជាការបង្កើតបទល្មើសថ្មីមួយទៀត ហើយ ការឃុបឃិតរបស់ក្រុមតំណាងរាស្ត្រជាមួយ ទណ្ឌិតសម រង្ស៊ី ក៏បានបង្កើតបទល្មើសនិង ក៏ជាភស្តុតាងបន្ថែមទៀតដើម្បីដាក់បន្ទុកក្នុងបណ្តឹងរំលាយបក្សសង្គ្រោះជាតិរបស់ក្រ សួងមហាផ្ទៃទៅកាន់តុលាការកំពូលផងដែរ។
ការសម្រេចចិត្តរបស់សម រង្ស៊ី ក្នុងការផ្សារភ្ជាប់ខ្លួននឹងបក្សសង្គ្រោះជាតិនេះ មកពីចុងក្រោយនេះផ្ទៃក្នុងបក្សសង្គ្រោះជាតិត្រូវ បានបែកខ្ទេចខ្ទីរវាងក្រុមសម រង្ស៊ី និងក្រុម កឹម សុខាដោយសម រង្ស៊ី ចោទថាកឹម សុខា មិនគោរពតាមគោលការណ៍កង់សង់ស៊ីសដែលសន្យាអំឡុងពេលបង្កើតបក្សជាមួយគ្នា រហូតដល់ចោទ តំណាងរាស្ត្រ ម៉ៅ មុនីវណ្ណ ថាជាជនបង្កប់ប្រុងធ្វើបក្សប្រហារ ហើយ ចងក្រោយជម្លោះពាក្យសម្តីរបស់កូនស្រី កឹម សុខា និងសម រង្ស៊ី និងការជេរដៀមដាមគ្នារវាងកូនអេង ឆៃអ៊ាង និងកូនស្រីកឹម សុខា។ ទាំងនេះបញ្ជាក់ថាបក្សសង្គ្រោះជាតិបាត់បង់ម្ចាស់ការ គ្មាននរណនាមេកើយ និងបែងចែកជាបក្សពួកពេញបក្ស។ រីឯសមា ជិកនៅមូលដ្ឋានបាត់បង់ជម្រក។
ប៉ុន្តែទោះបីយ៉ាងណា គណបក្សប្រជាជនកម្ពុជាបាន បើកទ្វារជានិច្ចរង់ចាំស្វាគមន៍បងប្អូនដែលចង់បម្រើរាស្ត្រពិតប្រាកដ ស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ ខណៈពីមួយថ្ងៃទៅមួយថ្ងៃ សម រង្ស៊ី ដែលកំពុងរត់គេចពីគុកស្រុកខ្មែរ តែងតែរកគ្រប់ល្បិចដើម្បីបំផ្លាញជាតិ និងបក្សដែលខ្លួនធ្លាប់បង្កើត៕
ដោយ៖ ចៅចាក់ស្មុក