(ភ្នំពេញ)៖ រយៈពេល១០ខែ ឆ្នាំ២០១៧ ចាប់ពីខែមករា ដល់ខែតុលា កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្ដរជាតិជាង៤៩ម៉ឺនតោន កើនឡើង១៦ភាគរយ បើធៀបនឹងរយៈដូចគ្នាឆ្នាំ២០១៦។
របាយការណ៍ផ្លូវការ ពីលេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់ការបំពេញបែបបទនៃការនាំចេញអង្ករ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បានបញ្ជាក់ថា ចាប់ពីខែមករា ដល់តុលា ឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករបានចំនួន៤៩២,១១៥តោន កើនឡើង១៦.៧០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ ដែលមានចំនួន៤២១,៥២១តោន។
យោងតាមរបាយការណ៍ ប្រទេសចំនួនជិត៦០ ត្រូវបានកម្ពុជានាំចេញអង្ករទៅលក់នៅទីនោះ ហើយប្រទេសដែលទិញអង្ករច្រើនជាងគេនៅកម្ពុជា គឺប្រទេសចិន ដែលមានចំនួនជាង១៤ម៉ឺនតោន បន្ទាប់មកគឺប្រទេសបារាំង ដែលមានចំនួនជាង៦ម៉ឺនតោន និងចំណាត់ថ្នាក់ទី៣ ប្រទេសប៉ូឡូញដែលមានចំនួនជិត៤ម៉ឺនតោន។
នៅឆ្នាំ២០១៦កន្លងទៅកម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួនជាង៥៤ម៉ឺនតោន ខណៈរាជរដ្ឋាភិបាល មានផែនការជំរុញការនាំចេញអង្ករ ឲ្យបាន១លានតោនក្នុង១ឆ្នាំ៕