(ភ្នំពេញ)៖ ថ្ងៃបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ដែលជាថ្ងៃកម្ពុជាបានរួចផុតពីនឹមត្រួតត្រារបស់បារាំងកាលពី ៦៤ឆ្នាំមុននោះ មិនត្រឹមតែប្រជាពលរដ្ឋខ្មែរនោះទេ ដែលសម្តែងការសប្បាយរីករាយជាមួយថ្ងៃដណ្តើមបានឯករាជ្យនេះ សូម្បីតែ Google និងបណ្តាញសង្គមដ៏ល្បាញល្បីលើពិភពលោក Facebook ក៏បានចូលរួមអបអរសាទរ និងរីករាយជាមួយថ្ងៃបុណ្យឯករាជ្យនេះផងដែរ។

នៅលើ Google នៅថ្ងៃនេះត្រូវបានរំលេចទង់ជាតិរបស់កម្ពុជានៅលេីនិមិត្តសញ្ញា (Logo) របស់ខ្លួន ដោយរំលេចអក្សរថា «Cambodia Independence Day»។ ដោយឡែកនៅលើ Facebook វិញ បានរំលេចរូបភាពរចនាឡើងដោយមានប៉េងប៉ោង និងរូបវិមានឯករាជ្យ ជាមួយអក្សរ «Happy Independence Day»។

សូមបញ្ជាក់ថា ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គឺជាខួប ៦៤ឆ្នាំហើយ ដែលកម្ពុជាដណ្តើមបានឯករាជ្យពីប្រទេសបារាំង ក្រោមព្រះរាជកិច្ចដឹកនាំដ៏ជាញជ័យរបស់សម្តេចព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ពិធីអបអរសាទរថ្ងៃបុណ្យឯករាជ្យនាព្រឹកនេះ ត្រូវបានធ្វើឡើងយ៉ាងមហោឡារិក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សនិស្សិតយ៉ាងច្រើនកុះករ៕