(ព្រៃវែង)៖ សមាជិកក្រុមប្រឹក្សាឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មកពីគណបក្សសង្គ្រោះជាតិ លោក ហង់ ឆាំ អាយុ៦៨ឆ្នាំ បានប្រកាសដើរចេញពីគណបក្សសង្គ្រោះជាតិ ហើយមកសុំរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារឃើញលោក កឹម សុខា និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ឱនក្បាលបម្រើបរទេស បំបែកបំបាក់ជាតិឯង។
បើតាមលិខិតប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បញ្ជាក់យ៉ាងដូច្នេះថា «ពីមុនខ្ញុំបាទនឹកស្មានថា ការតស៊ូដណ្ដើមអំណាចតាមរយៈការបោះឆ្នោត និងការតាមលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ ប៉ុន្ដែក្រោយមកនេះ ខ្ញុំបានឃើញឃ្លឹបវីដេអូ និងសកម្មភាពជាក់ស្ដែងញុះញង់ បំបែកបំបាក់ខ្មែរជាពីរ ដោយលោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ សុខចិត្តឱនក្បាលបម្រើបរទេស គឺដើម្បីអំណាចមិនគិតពីមហន្ដរាយរបស់ជាតិមាតុភូមិ នេះហើយជាអំពើក្បត់ជាតិ»។
សមាជិកក្រុមប្រឹក្សាឃុំជាដែករូបនេះ ក៏បានអះអាងថា «មានគណបក្សប្រជាជនកម្ពុជា មានការអភិវឌ្ឍន៍ក្នុងប្រទេស ហើយជឿនលឿនគ្រប់វិស័យ ខ្ញុំបាទសូមគាំទ្រគ្រប់គោលនយោបាយគណបក្សប្រជាជនកម្ពុជា គ្រប់កាលៈទេសៈ»។
រហូតមកដល់ពេលនេះ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុប៩១នាក់ បានសម្រេចចិត្តដើរចេញ ពីគណបក្សសង្គ្រោះជាតិ ហើយសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
មិនត្រឹមតែសម្រេចដើរចេញពីបក្សដែលផ្ញើជីវិត អស់រយៈពេលជាច្រើនឆ្នាំប៉ុណ្ណោះទេ ថ្នាក់ដឹកនាំ និងមន្ដ្រីសំខាន់ទាំង៩១នាក់នេះ ថែមទាំងបានហៅមេបក្សចាស់របស់ខ្លួន គឺលោក កឹម សុខា ជាជនក្បត់ជាតិបម្រើបរទេសថែមទៀតផង។
នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖