(បាត់ដំបង)៖ មន្ដ្រីដ៏សំខាន់ម្នាក់របស់គណបក្សសង្គ្រោះជាតិ ដែលមានតួនាទីជាជំទប់ទី២ នៅឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ឈ្មោះ ភី ភ័ស្ដ អាយុ៤៤ឆ្នាំ បានប្រកាសដើរចេញពីគណបក្សសង្គ្រោះជាតិ ដោយគ្មានការស្ដាយស្រណោះ មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយបានអំពាវនាវឲ្យមន្ដ្រីផ្សេងទៀត នៅក្នុងគណបក្សសង្គ្រោះជាតិ ពិចារណាឡើងវិញដើម្បីចាកចេញពីមេបក្សក្បត់ជាតិនេះ។ នេះបើតាមលិខិតប្រកាសចុះដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្រៅពីប្រកាសចុះចូលបែបនេះហើយ ថ្នាក់ដឹកនាំជើងក្រោមសំខាន់រូបនេះ ក៏បានអះអាងថា នៅថ្ងៃស្អែកនេះ លោកនឹងដកស្លាកគណបក្សសង្គ្រោះជាតិ ដែលដាក់នៅមុខផ្ទះបោះចោល ហើយលើកស្លាកគណបក្សប្រជាជនកម្ពុជា ហើយបានផ្ដាំទៅថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ ពិចារណាឲ្យបានល្អិតល្អន់ដើម្បីចាកចេញពីបក្ស ដែលមានថ្នាក់ដឹកនាំឱនក្បាលបម្រើបរទេស បំបែកបំបាក់ជាតិដើម្បីតែអំណាចនោះ។
បើតាមលិខិតសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលអង្គភាព Fresh News ទទួលបាន លោក ភី ភ័ស្ត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយពីឃើញវីដេអូឃ្លឹបរបស់លោក កឹម សុខា និងការឃុបឃិតជាមួយជនបរទេស ហើយមានបំណងធ្វើបដិវត្តពណ៌ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ក្នុងបំណងធ្វើឲ្យប្រទេសជាតិជួបនូវភាពអន្ដរាយ និងការវឹកវរ។ ឃើញសកម្មភាពរបស់លោក កឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិជាទង្វើក្បត់ជាតិយ៉ាងពិតប្រាកដ ដែលផ្ទុយពីឆន្ទះរបស់ខ្ញុំ និងជនរួមជាតិទាំងមូល»។
ជាមួយគ្នានេះ លោក សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ និងមន្រ្តីគណបក្សប្រជាជនកម្ពុជា ស្រុកបាណន់ បានស្វាគមន៍យ៉ាងរាក់ទាក់ និងកក់ក្តៅជាទីបំផុតសម្រាប់ការមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា របស់លោក ភី ភ័ស្ត ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
សូមជម្រាបថា រហូតមកដល់ពេលនេះ បើគិតទាំងមន្ដ្រីសំខាន់រូបនេះ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុប៩០នាក់ (គិតទាំងលោក ភី ភ័ស្ត) បានសម្រេចចិត្តដើរចេញ ពីគណបក្សសង្គ្រោះជាតិ ហើយសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
មិនត្រឹមតែសម្រេចដើរចេញពីបក្សដែលផ្ញើជីវិត អស់រយៈពេលជាច្រើនឆ្នាំប៉ុណ្ណោះទេ ថ្នាក់ដឹកនាំ និងមន្ដ្រីសំខាន់ទាំង៩០នាក់នេះ ថែមទាំងបានហៅមេបក្សចាស់របស់ខ្លួន គឺលោក កឹម សុខា ជាជនក្បត់ជាតិបម្រើបរទេសថែមទៀតផង។
នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖