(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុប៨៩នាក់ បានសម្រេចចិត្តដើរចេញ ពីគណបក្សសង្គ្រោះជាតិ ហើយសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយរាប់ទាំងថ្ងៃនេះមានសមាជិកក្រុមប្រឹក្សាឃុំ ជំទប់ មកពីគណបក្សសង្គ្រោះជាតិចំនួន៨នាក់ថ្មីទៀត ដែលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
មិនត្រឹមតែសម្រេចដើរចេញពីបក្សដែលផ្ញើជីវិត អស់រយៈពេលជាច្រើនឆ្នាំប៉ុណ្ណោះទេ ថ្នាក់ដឹកនាំ និងមន្ដ្រីសំខាន់ទាំង៨៩នាក់នេះ ថែមទាំងបានហៅមេបក្សចាស់របស់ខ្លួន គឺលោក កឹម សុខា ជាជនក្បត់ជាតិបម្រើបរទេសថែមទៀតផង។
ក្នុងលិខិតសុំចូលរួមជីវភាពនយោបាយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានជាបន្តបន្ទាប់នោះ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំ មូលដ្ឋានសំខាន់ៗ បានអះអាងដូចៗគ្នាថា បានមើលឃើញលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ជាជនក្បត់ជាតិ មានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់បច្ចុប្បន្ន ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រមទាំងមើលឃើញការបែកបាក់ផ្ទៃក្នុង ជួរសមាជិកគណបក្សសង្រ្គោះជាតិ ពីមួយថ្ងៃទៅមួយថ្ងៃ ពុំមានគោលជំហរ និងឆន្ទៈច្បាស់លាស់ មានតែភាពចុះខ្សោយទៅៗ ព្រមទាំងធ្វើឲ្យមានការញុះញង់ បំបែកបំបាក់ជាតិទៀតផង។
នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖