(ភ្នំពេញ)៖ ពេញមួយថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បណ្តាញសារព័ត៌មាន Fresh News បានទទួលលិខិតពីជំទប់ទី២ ចៅសង្កាត់រងទី២ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សសង្គ្រោះជាតិ ចំនួន៨នាក់ ដែលបានសម្រេចចិត្តដើរចេញពីគណបក្សសង្គ្រោះជាតិ មកសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ពីព្រោះពួកគាត់មិនចង់គាំទ្រលោក កឹម សុខា មេបក្សក្បត់ជាតិតទៅទៀត។
ជំទប់ទី២ ចៅសង្កាត់រងទី២ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង៧នាក់ ថ្មីទៀត រួមមាន៖
ទី១៖ លោក អ៊ុក សារាយ ប្រធានគណៈកម្មាធិការប្រតិបត្តិសង្កាត់លេខ៣ និងជាចៅសង្កាត់រងទី២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ទី២៖ លោក ចិន ធាម អាយុ២៨ឆ្នាំ បច្ចុប្បន្នជាសមាជិក ក្រុមប្រឹក្សាឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
ទី៣៖ លោក រម៉ាម ហ្លន ជាជំទប់ទី២ ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
ទី៤៖ លោក សេក ណាល់ ចៅសង្កាត់រងទី២ នៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង
ទី៥៖ លោក សេង ពិសិដ្ឋ ជាសមាជិកក្រុមប្រឹក្សាឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង
ទី៦៖ លោក ណេះ អ៊ីមរ៉ន អាយុ៤៦ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
ទី៧៖ លោក គឹម សាហឿន ជាសមាជិកក្រុមប្រឹក្សាសង្កាត់ចក្រម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង
ទី៨៖ លោក សាត់ សារឿន អាយុ៥៧ឆ្នាំ ជាសមាជិកក្រុមប្រឹក្សារបស់គណបក្សសង្គ្រោះជាតិ នៅឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ។
បើរាប់ទាំងជំទប់ទី២ ចៅសង្កាត់រងទី២ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង៨នាក់ខាងលើ គិតមកដល់ថ្ងៃទី០៨ ខែវិច្ឆិកានេះ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុប៨៨នាក់ហើយ បានសម្រេចចិត្តដើរចេញពីគណបក្សសង្គ្រោះជាតិ ហើយសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈវិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិកគណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមស្តាប់ប្រសាសន៍សម្តេច)