(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោក យូ វ៉េ ( Yu Wei ) អគ្គនាយកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនក្រុងឆេងឌូ ខេត្តស៊ីឈួន រសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចុះហត្ថលេខាលើលិខិតផ្តួចផ្តើម ស្តីពីទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការ រវាងរដ្ឋខេត្តសៀមរាប ជាមួយរដ្ឋបាលក្រុងឆេងឌូ។
ក្នុងនោះដែរអភិបាលខេត្តសៀមរាប បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោក យូ វ៉េ ( Yu Wei ) និងសមាជិកប្រតិភូទាំងអស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាពនៅ ខេត្តសៀមរាប ក្នុងគោលបំណងចុះហត្ថលេខាលើលិខិតផ្តួចផ្តើម ស្តីពីការចងសម្ព័ន្ធមេត្រីភាព និងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងខេត្ត ក្រុងទាំងពីរ។
គួរបញ្ជាក់ខេត្តសៀមរាប បានបង្កើតនូវចំណងសម្ព័ន្ធមេត្រីភាពជាមួយបណ្តាខេត្ត ក្រុង នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន២១ ក្នុងនោះ៖ ចុះអនុស្សរណៈយោគយល់គ្នា៥ខេត្ត-ក្រុង៖ ខេត្តជាំងស៊ី ក្រុងវូហាន ក្រុងហាងចូវ ក្រុងជីណាន និងតំបន់ស្វយ័តក្វាងស៊ីឈួង នៃខេត្តក្វាងស៊ី។ កិច្ចព្រមព្រៀង២ខេត្ត៖ ខេត្តយូណាន់ និងខេត្តគួយចូវ។ លិខិតផ្តួចផ្តើម១៤ខេត្ត-ក្រុង៖ ក្រុងឆុងឈីង ក្រុងជីនហ័រ ក្រុងឈីងដាវ ក្រុងលីសួយ ក្រុងណានជីង ក្រុងសិនយ៉ាង ខេត្តសានស៊ី ខេត្តហឺណាន ខេត្តក្វាងទុង ខេត្តជឺជាំង ខេត្តអានហួន ខេត្តហៃណាន ក្រុងតាលៀន និងក្រុងចាងជែជៀ។
ការចុះហត្ថលេខាជាមួយក្រុងឆេងដូ នៃខេត្តស៊ីឈួន នាពេលនេះ គឺខេត្ត ក្រុង ទី២២ ដែលខេត្តសៀមរាប បានបង្កើតចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តការ ជាមួយខេត្ត ក្រុង នៃសាធារណរដ្ឋប្រជាមានិតចិន។
លើសពីនោះ លោក ឃឹម ប៊ុនសុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលតែងតែគាំទ្រ និងជួយឧបត្ថម្ភគាំទ្រ គ្រប់បែបយ៉ាងដល់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនខេត្តសៀមរាប នាពេលកន្លងមក ហើយនៅតែបន្តគាំទ្រដល់ការអភិវឌ្ឍមាតុភូមិកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់៕